(កំពងស្ពឺ)៖ នាព្រឹកថ្ងៃសៅរ៍ ៦រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០នេះ បណ្ឌិត ហេង សុខគង់ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងលោកស្រី ហង្ស ម៉ារីណា រួមដំណើរដោយលោក លី ចាន់សុភក្តី ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំភក្តី និងសហការី បានអញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាល១ត្រីមាស នាវត្តផុងភក្តីវរ៉ារាម ស្ថិតនៅឃុំភក្តី ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

បន្ទាប់ពីពាំនាំនូវមតិផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ រួចមក លោកបណ្ឌិត ហេង សុខគង់ បានសំណេះសំណាល និងសួរសុខទុក្ខដល់លោកតា លោកយាយ ពុកម៉ែបងប្អូននៅមូលដ្ឋានឃុំភក្តីទាំងមូល ហើយក៏បានលើកទឹកចិត្តឲ្យបងប្អូន បន្តចូលរួមជាមួយវិធានការរបស់ក្រសួងសុខាភិបាល ក៏ដូចជារាជរដ្ឋាភិបាល ក្នុងកំឡុងពេលរីករាលដាល នូវជំងឺផ្លូវដង្ហើមកូវីដ១៩នេះ។

សូមបញ្ជាក់ផងដែរថា ទំនៀមបូជាទៀនវស្សា គឺជាផ្នែកមួយនៃការគោរពរបស់ពុទ្ធបរិស័ទ រំលឹកនឹកទៅដល់គុណូបការៈ នៃព្រះសម្មាសម្ពុទ្ធសមណគោតម ដោយធ្វើការបូជាគ្រឿងសក្ការៈ ផ្គត់ផ្គង់ចង្ហាន់បិណ្ឌបាត និងគ្រឿងបរិក្ខារផ្សេងៗ ដល់ព្រះសង្ឃគង់ចាំវស្សា។ ជាពិសេស នេះជាទំនៀមមួយដែលបង្ហាញ ពីការរួមសាមគ្គីគ្នារបស់ពុទ្ធបរិស័ទខ្មែរ ក្នុងការហែទេយ្យទាន ទៅប្រគេនព្រះសង្ឃនៅតាមទីអារាមនានា និងរួបរួមគ្នាបរិច្ចាគធនធាន ទៅតាមសទ្ធាជ្រះថ្លា ក្នុងជំនឿចាប់យកនូវមគ្គផលកុសលផលបុណ្យ៕