(ភ្នំពេញ)៖ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា ដើម្បីឱ្យទំនាក់ទំនងកម្ពុជា-អាមេរិក កាន់តែមានភាពល្អប្រសើរឡើងស្របតាមបរិការណ៍បច្ចុប្បន្ននេះ ទាមទារឱ្យភាគីទាំងពីរអង្គុយតុជាមួយគ្នា ជជែកពិភាក្សាដោយលើកយកបញ្ហាប្រឈមនានា និងស្វែងរកដំណោះស្រាយសមស្រប ដើម្បីផ្តល់ជាធាតុចូលជូនដល់រដ្ឋាភិបាលនៃប្រទេសទាំងពីរ។

ការលើកឡើងបែបនេះរបស់ លោកបណ្ឌិត សុខ ទូច បានធ្វើឡើង ក្នុងពិធីបើកវេទិកាវិទ្យាសាស្ត្រ ស្តីពី «ទំនាក់ទំនងកម្ពុជា-សហរដ្ឋអាមេរិក៖ ការពិនិត្យមើលអតីតកាល រយៈពេល៧០ឆ្នាំកន្លងមក ក្ដីរំពឹងទុកសម្រាប់៧០ឆ្នាំបន្ទាប់ និងលើសពីនេះ» ដែលរៀបចំឡើងដោយរាជបណ្ឌិត្យសភាកម្ពុជា សហការជាមួយស្ថានទូតអាមេរិក នៅអគាររាជបណ្ឌិត្យសភា នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០នេះ។

លោក សុខ ទូច បានលើកឡើងថា «បើតាមប្រវត្តិសាស្ត្រ ក្នុងកម្រិតនយោបាយ យើងឃើញថា ទំនាក់ទំនងរវាងប្រទេសយើងទាំងពីរបានមកដល់ចំណុចមួយគួរឱ្យមោទនៈ និងប្រកបដោយអំណរ ប៉ុន្តែដើម្បីឱ្យទំនាក់ទំនងនេះ កាន់តែមានភាពល្អប្រសើរឡើងស្របតាមបរិការណ៍បច្ចុប្បន្ននេះ វាទាមទារឱ្យយើងដែលជាអ្នកវិទ្យាសាស្ត្រ អង្គុយតុជាមួយគ្នា ដើម្បីជជែកពិភាក្សាដោយលើកយកបញ្ហាប្រឈមនានាដែលមានពីមុនមក និងកំពុងមានយកមកបកស្រាយ និងស្វែងរកដំណោះស្រាយសមស្រប ដើម្បីផ្តល់ជាធាតុចូលជូនដល់រដ្ឋាភិបាលនៃប្រទេសទាំងពីរ និងជាស្ពានទំនាក់ទំនងរវាងប្រជាជនយើងទាំងពីរ កម្ពុជា-សហរដ្ឋអាមេរិក»។

លោកបានលើកឡើងដែរថា៖ ឆ្នាំនេះទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ កម្ពុជា-សហរដ្ឋអាមេរិក បានឈានដល់របត់ថ្មីមួយក្នុងប្រវត្តិសាស្ត្រ។ ចំណុចរបត់នេះត្រូវបានឆ្លុះបញ្ចាំងតាមរយៈសារលិខិតរបស់ លោកប្រធានាធិបតី ដូណាល់ ត្រាំ ផ្ញើជូនចំពោះសម្តេចតេជោ ហ៊ុន សែន ដែលសរបញ្ជាក់ឱ្យឃើញថា ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរមានឆន្ទៈក្នុងការធ្វើឱ្យកិច្ចសហប្រតិបត្តិការឱ្យកាន់តែមានភាពល្អប្រសើរឡើងឈានទៅរកចំណុចរួម។

លោកយល់ឃើញថា វេទិកាបែបនេះ គួរត្រូវបានរៀបចំឡើងឱ្យបានញឹកញាប់ និងមានការចូលរួមឱ្យបានទូលំទូលាយជាងនេះ ដើម្បីរួមចំណែកលើកកម្ពស់ការយោគយល់គ្នាតាមរយៈការយល់ឃើញដ៏ត្រឹមត្រូវពីគ្នាទៅវិញទៅមក ពង្រឹងនិងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរវាងកម្ពុជា និងសហរដ្ឋអាមេរិកនាំមកនូវទំនាក់ទំនងមិត្តភាពកាន់តែជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការល្អរវាងប្រជាជននិងប្រទេសទាំងពីរ។

លោកជឿជាក់ថា វេទិកាដែលយើងកំពុងរៀបចំថ្ងៃនេះ ជាចំណុចចាប់ផ្តើមដ៏មានសារៈសំខាន់ មិនត្រឹមតែរួមចំណែកជាមួយរដ្ឋាភិបាលនៃប្រទេសយើងទាំងពីរ សំដៅលើកកម្ពស់ទំនាក់ទំនងរវាងប្រទេស និងប្រជាជនយើងទាំងពីរឱ្យកាន់តែប្រសើរឡើងប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងដើរតួនាទីជាឧបករណ៍ការទូតសាធារណៈដ៏សំខាន់ ក្នុងការនាំសារសន្តិភាព មិត្តភាព ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រជាជនយើងទាំងពីរកាន់តែប្រសើរឡើងថែមទៀតផងដែរ៕