(ភ្នំពេញ)៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់ មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម នៃក្រសួងមហាផ្ទៃ បានបិទវគ្គបណ្តុះបណ្តាលស្តីពី «ក្រមនីតិវិធីព្រហ្មទណ្ឌ និងតួនាទី ភារកិច្ចមន្ត្រីនគរបាលយុត្តិធម៌ លើកទី៣» បន្ទាប់ពីបានប្រព្រឹត្ត នៅទីស្តីការក្រសួងមហាផ្ទៃ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០នេះ ក្រោមកិច្ចសហការពីភាគីពាក់ព័ន្ធនានាជាច្រើន។

ក្នុងពិធីបិទវគ្គនេះ នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការ ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានលើកទឹកចិត្តដល់មន្ត្រីទាំងអស់ ធ្វើការប្រកបដោយវិជ្ជាជីវៈ យកចំណេះវិជ្ជា និងយកភារកិច្ចរបស់ខ្លួន ដែលទទួលពីរាជរដ្ឋាភិបាលតាមរយៈប្រជាជន ទៅបម្រើប្រជាជន ការពារផលប្រយោជន៍ប្រជាជន ការពារសុខុមាលភាព ក៏ដូចជាសុខភាពរបស់ប្រជាជនយើង។

ជាមួយគ្នានេះ លោកស្រី ជា លាង អគ្គព្រះរាជអាជ្ញា នៃអយ្យការអមតុលាការកំពូល បានសង្ឃឹមយ៉ាងមុតមាំថា សិក្ខាកាមទាំងអស់ នឹងយកចំណេះដឹង ដែលរៀនសូត្របានពីវគ្គបណ្តុះបណ្តាលនេះ ឲ្យក្លាយជាប្រយោជន៍ក្នុងការស៉ើបអង្កេត និងកសាងសំណុំរឿង ដោយឈរលើគោលការណ៍ច្បាប់ ក្នុងគោលដៅប្រយុទ្ធប្រឆាំងបទល្មើស ផ្តល់ភាពយុត្តិធម៌ជូនជនរងគ្រោះ ដើម្បីភាពសុខសាន្ត និងកិត្យានុភាពនៃកម្ពុជាទាំងមូលផងដែរ។

សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ មានគ្រូឧទ្ទេសនាម ៦រូប រួមមាន៖ លោក លឹម សុគន្ថា អគ្គព្រះរាជអាជ្ញារង តំណាងលោក អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញា នៃអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ, លោក ឯក ឆេងហួត ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពត, ឧត្តមសេនីយ៍ឯក ភោគ សាម៉ុន សាស្ត្រចារ្យរង តំណាងនាយឧត្តមសេនីយ៍ សេង ផល្លី សាលាបណ្ឌិតសភា, លោក កែវ សុធា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ, ឧត្តមសេនីយ៍ឯក មួង ឃឹម អនុប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ និងលោកស្រី ជា លាង អគ្គព្រះរាជអាជ្ញា នៃអយ្យការអមតុលាការកំពូល៕