(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសៅរ៍ ទី១១ ខែកក្កដា ឆ្នាំ២០២០នេះ រាជបណ្ឌិត្យសភាកម្ពុជា រៀបចំវេទិកាវិទ្យាសាស្ត្រស្តីពី «ទំនាក់ទំនងកម្ពុជា-អាមេរិក» ដើម្បីអបអរសាទរខួប៧០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។

វេទិកានេះធ្វើឡើងដើម្បីឆ្លុះបង្ហាញពីទំនាក់ទំនងរយៈពេល៧០ឆ្នាំកន្លងទៅ និងក្តីរំពឹងសម្រាប់ទំនាក់ទំនង៧០ឆ្នាំទៅមុខទៀត។ វេទិកានេះ មានការអញ្ជើញចូលរួមពីលោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា, លោក ផាទ្រីក មូហ្វី ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា និងលោកបណ្ឌិតសភាចារ្យ ហ៉ីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការប្រចាំការ នៃទីស្តីការគណៈរដ្ឋមន្ត្រីផងដែរ។

វេទិកានៅថ្ងៃនេះក៏មានការជជែកដេញដោលគ្នាពីសំណាក់វាគ្មិនជំនាញលើទំនាក់ទំនងកម្ពុជា-អាមេរិក។ វាគ្មិននេះមានទាំងមន្ត្រីរាជរដ្ឋាភិបាល និងមន្ត្រីស្ថានទូតអាមេរិក។

សូមបញ្ជាក់ថា សហរដ្ឋអាមេរិក និងប្រទេសកម្ពុជា បានបង្កើតទំនាក់ទំនងការទូត ជាលើកដំបូង នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ១៩៥០ ដោយបានតែងតាំងលោក Donald R. Heath ឲ្យធ្វើជាតំណាងវិសាមញ្ញ និងពេញសមត្ថភាព។ លោក Heath បានថ្វាយសារតាំងទៅព្រះករុណាសម្តេចព្រះបាទនរោត្តមសីហនុ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ១៩៥០។

ការិយាល័យតំណាងសហរដ្ឋអាមេរិក បានបើកនៅភ្នំពេញ នៅថ្ងៃទី១៤ ខែវិច្ឆិកា។ សណ្ឋាគារឡឺរ៉ូយ៉ាល់ ដែលមានឈ្មោះល្បី គឺជាកន្លែងធ្វើការដំបូងរបស់ស្ថានទូតអាមេរិក រហូតដល់ការិយាល័យអគ្គរដ្ឋទូតមួយ និងបណ្ណាល័យផ្តល់សេវាព័ត៌មានសហរដ្ឋអាមេរិកមួយ ត្រូវបានបង្កើតឡើងនៅកន្លែងថ្មីមួយ។

ការិយាល័យតំណាងទូត ត្រូវបានដំឡើងឱ្យទៅជាស្ថានឯកអគ្គរដ្ឋទូត នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ១៩៥២ ដោយនៅពេលនោះ លោក Heath បានក្លាយទៅជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ដំបូងគេប្រចាំនៅប្រទេសកម្ពុជា។ ក្រោយការភ្ជាប់ទំនាក់ទំនងនៅក្នុងទសវត្សរ៍ឆ្នាំ១៩៥០ គេបានមើលឃើញទំនាក់ទំនងកម្ពុជា និងអាមេរិក ហាក់មានភាពល្អប្រសើរច្រើន។

តែចូលដល់ចុងទសវត្សរ៍ឆ្នាំ១៩៦០ ចំណងទំនាក់ទំណងនេះ ហាក់មានភាពរង្គោះរង្គើ និងល្អក់កករច្រើន ហើយប្រទេសទាំងពីរបានឈានទៅផ្តាច់ទំនាក់ទំនង នឹងគ្នានៅឆ្នាំ១៩៦៥។ ការផ្តាច់នេះ ដោយសារតែអាមេរិក បានលូកដៃចូលជ្រៅក្នុងសង្រ្គាមវៀតណាម ហើយកម្ពុជាចោទអាមេរិកថា បានចូលលុកលុយ និងទម្លាក់គ្រាប់បែកលើទឹកដីកម្ពុជា។

ឯអាមេរិកវិញចោទកម្ពុជាថា ផ្តល់កំពង់ផែ និងឱ្យកងទ័ពកុម្មុយនីស្តវៀតណាម ដឹកនាំសម្ភារសឹកឆ្លងកាត់ទឹកដីកម្ពុជា។ ប៉ុន្តែទំនាក់ទំនងនេះត្រូវបានស្តារឡើងវិញនៅឆ្នាំ១៩៦៩ ដោយអាមេរិក បានបើកស្ថានទូតខ្លួនឡើងវិញនៅភ្នំពេញ។ លុះចូលដល់ឆ្នាំ១៩៧០ ទំនាក់ទំនងរវាងកម្ពុជា-អាមេរិក ល្អច្រើនជាងមុន បន្ទាប់ពីមានរដ្ឋប្រហារទម្លាក់សម្តេច នរោត្តម សីហនុ ដោយក្រុមលោកសេនាប្រមុខ លន់ ណុល។

ចូលដល់ឆ្នាំ១៩៧៥ ពេលដែលកម្ពុជា ត្រូវបានកាន់កាប់ដោយរបបខ្មែរក្រហមនោះ ទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក ក៏ត្រូវបានកាត់ផ្តាច់ទាំងស្រុងជាថ្មី។ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ រដ្ឋាភិបាលថ្មីមួយ ត្រូវបានបង្កើតឡើងដោយមានការគាំទ្រពីវៀតណាម។ ជារដ្ឋាភិបាលដែលអាមេរិកមិនពេញចិត្ត និងបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើថែមទៀត។

នៅឆ្នាំ១៩៩០ ទំនាក់ទំនងរវាងកម្ពុជា និងអាមេរិកត្រូវស្តារឡើងវិញ ដោយអាមេរិកបញ្ឈប់ទណ្ឌកម្មសេដ្ឋកិច្ច និងផ្តល់ជំនួយអភិវឌ្ឍដល់កម្ពុជា។ នៅពេលនោះហើយ ដែលទង់ជាតិអាមេរិក ត្រូវបានបង្ហូតឡើងជាថ្មីនៅភ្នំពេញ។

នៅឆ្នាំ១៩៩៧ ទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក ក៏បានធ្លាក់ចុះម្តងទៀត។ ស្ថានភាពនេះ គឺដោយសារមានការផ្ទុះគ្រាប់បែកលើក្រុមបាតុករដឹកនាំដោយលោក សម រង្ស៉ី និង ការប្រយុទ្ធគ្នាមួយរយៈពេលខ្លីរវាងកងទ័ពសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងសម្ដេចតេជោ ហ៊ុន សែន ដែលជានាយករដ្ឋមន្ត្រីទីមួយ និងទីពីរ។

ចូលដល់ចន្លោះឆ្នាំ២០០០ ដល់ឆ្នាំ២០១០ ទំនាក់ទំនងកម្ពុជា និងអាមេរិកមានភាពល្អប្រសើរឡើង។ អាមេរិក បានផ្តល់ជំនួយជាច្រើនដល់កម្ពុជា ហើយនៅឆ្នាំ២០០៦ អាមេរិក ក៏បានបើកសម្ពោធអគារស្ថានទូតថ្មីនៅរាជធានីភ្នំពេញ។ ចាប់តាំងពីពេលនោះ ថ្នាក់ដឹកនាំក៏ដូចជាមន្ត្រីជាន់ខ្ពស់អាមេរិក បានទស្សនកិច្ចនៅកម្ពុជា គួរឱ្យកត់សម្គាល់។

នៅទសវត្សរ៍ចុងក្រោយនេះ កម្ពុជានិងអាមេរិក នៅតែបន្តមានទំនាក់ទំនងនឹងគ្នា តែមិនជាល្អប្រសើរប៉ុន្មានោះឡើយ ហើយក៏មិនអាក្រក់ពេកដូចពីអតីតកាលនោះដែរ។ អាមេរិក និងកម្ពុជាហាក់មើលមុខគ្នាមិនចំនៅក្នុងឆ្នាំ២០១៧ គឺពេលដែលមានចាប់ខ្លួនលោក កឹម សុខា និងការរំលាយអតីតបក្សប្រឆាំង។ អាមេរិកចោទកម្ពុជាថា រំលោភសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ហើយអាមេរិកបានដាក់ទណ្ឌកម្មលើមន្ត្រីជាន់ខ្ពស់កម្ពុជា និងសេដ្ឋីកម្ពុជាមួយចំនួនមិនឱ្យចូលទឹកដីអាមេរិក និងបង្កកទ្រព្យសម្បត្តិជាដើម។

ឆ្លើយតបនឹងសកម្មភាពរបស់អាមេរិកនេះ កម្ពុជាបានតបទៅវិញដោយខ្លាំងៗថា «អ្វីដែលកម្ពុជាធ្វើជាកិច្ចការផ្ទៃក្នុង និងធ្វើតាមច្បាប់របស់កម្ពុជា»។ បើទោះបីជាយ៉ាងណា ទំនាក់ទំនងកម្ពុជា ហាក់បានល្អប្រសើរឡើងបន្តិច បន្ទាប់ពីលោក ផាតទ្រីក មូហ្វី បានចូលគ្រប់គ្រងតំណែងឯកអគ្គរដ្ឋទូតនៅកម្ពុជានៅចុងឆ្នាំ២០១៩ រហូតដល់មានការឆ្លងឆ្លើយលិខិតគ្នារវាងលោកប្រធានាធិបតអាមេរិក ដូណាល់ ត្រាំ និង សម្តេចតេជោ ហ៊ុន សែន បង្ហាញពីការបង្កើនទំនាក់ទំនងជាមួយគ្នាឱ្យល្អប្រសើរឡើងវិញ។

បើទោះបីជាទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក មិនសូវជាល្អប្រសើរក្នុងរយៈពេល៧០ឆ្នាំនេះ ប៉ុន្តែការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងអាមេរិក មានការវិវឌ្ឍន៍ទៅមុខជាបន្តបន្ទាប់។ អាមេរិក គឺជាទីផ្សារដ៏ធំសម្រាប់ផលិតផលរបស់កម្ពុជា ជាពិសេសលើវិស័យវេយណភណ្ឌ សម្លៀកបំពាក់ ស្ពែកជើង កាបូបយួរតាមខ្លួន និងផលិតផលលើវិស័យកសិកម្មមួយចំនួនទៀត។ យោងតាមទិន្ន័យរបស់ ក្រសួងពាណិជ្ជកម្មកម្ពុជា បានបញ្ជាក់ថា នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងពាណិជ្ជកម្ម កម្ពុជា-អាមេរិក មានកំណើនគួរឱ្យកត់សម្គាល់៖

* ឆ្នាំ២០១៥ ទំហំពាណិជ្ជកម្មកម្ពុជា-អាមេរិក មានទឹកប្រាក់២,៣៦៥លានដុល្លារ ក្នុងនោះកម្ពុជានាំចេញបាន២,១៣៦លានដុល្លារអាមេរិក ខណៈអាមេរិកនាំចូលមកកម្ពុជាវិញមានតែ ២២៨លានដុល្លារប៉ុណ្ណោះ។

* ឆ្នាំ២០១៦ ទំហំពាណិជ្ជកម្មកម្ពុជា-អាមេរិក ហាក់ថមថយបន្តិចមានទឹកប្រាក់២,៣២០លានដុល្លារ ប៉ុន្តែការនាំចេញរបស់កម្ពុជាអាមេរិកនៅតែបន្តកើនឡើង ដោយនាំចេញបាន២,១៤៧លានដុល្លារអាមេរិក ខណៈអាមេរិកនាំចូលមកកម្ពុជាវិញមានតែ ១៧៣លានដុល្លារប៉ុណ្ណោះ។

* ឆ្នាំ២០១៧ ទំហំពាណិជ្ជកម្មកម្ពុជា-អាមេរិក មានទឹកប្រាក់២,៦០៥លានដុល្លារ ក្នុងនោះកម្ពុជានាំចេញបាន២,៤០៨លានដុល្លារអាមេរិក ខណៈអាមេរិកនាំចូលមកកម្ពុជាវិញមានតែ១៩៦លានដុល្លារប៉ុណ្ណោះ។

* ឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មកម្ពុជា-អាមេរិក មានទឹកប្រាក់៣,៤៣៨លានដុល្លារ ក្នុងនោះកម្ពុជានាំចេញបាន៣,០៥១លានដុល្លារអាមេរិក ខណៈអាមេរិកនាំចូលមកកម្ពុជាវិញមានតែ ៣៨៦លានដុល្លារប៉ុណ្ណោះ។

* ឆមាសទី១ ឆ្នាំ២០១៩ ទំហំពាណិជ្ជកម្មកម្ពុជា-អាមេរិក មានទឹកប្រាក់២,១៩៥លានដុល្លារ ក្នុងនោះកម្ពុជានាំចេញបាន ១,៨៩១លានដុល្លារអាមេរិក ខណៈអាមេរិកនាំចូលមកកម្ពុជាវិញមានតែ ៣០៤លានដុល្លារប៉ុណ្ណោះ៕