(បាត់ដំបង)៖ ប្រជាកសិករម្នាក់ និងក្រុមគ្រួសារ ពេលបើកត្រាក់ទ័រភ្ជួរដីចំការ ស្រាប់តែប្រទះឃើញគ្រាប់មីនតោន១គ្រាប់ ក៏នាំគ្នាផ្អើលរត់ទាំងព្រលឹងចុងសក់ ចោលត្រាក់ទ័រនៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅចំណុច ភូមិត្រពាំងព្រលិត ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង។

មន្រ្តីនគរបាលមូលដ្ឋាន បានឲ្យដឹងថា កាលពីវេលាម៉ោង៧និង០០នាទី ព្រឹកមិញ ស្ថិតនៅចំណុចភូមិត្រពាំងព្រលិត ឃុំតាស្តា ស្រុកសំពៅលូន មានអ្នកបើកត្រាក់ទ័រ ឈ្មោះ មឿង សាបន អាយុ៤២ឆ្នាំ រស់ភូមិវាល់វង់ ឃុំតាស្តា បានស៊ីឈ្នួលភ្ជួរដីឲ្យ ឈ្មោះ កន រ៉ា នៅភូមិត្រពាំងប្រលឹត ស្រាប់តែភ្ជួរសន្ទុះក៏ប្រទះឃើញគ្រាប់មីនមិនទាន់ផ្ទុះ១គ្រាប់ បានផ្អើលឆោឡោរួចរាយការណ៍ ទៅក្រុមស៊ីម៉ាក់ឲ្យចុះ​មកយកទៅកម្ទេចចោល។

បើតាមសម្តីរបស់ម្ចាស់ដី បានឲ្យដឹងថា ដីចំការរបស់គាត់គឺមានការភ្ជួរនិងធ្វើចំការអស់រយៈពេល១០ឆ្នាំមកហើយ មិនដែលប្រទះឃើញអ្វីទើបតែលើកនេះក៏ប្រទះឃើញគ្រាប់មិនទាន់ផ្ទុះ១គ្រាប់ សំណាងល្អត្រាក់ទ័រមិនទាន់បានទៅប៉ះកិនឲ្យផ្ទុះនៅឡើយ ហើយក៏ពុំទាន់បានបង្កឲ្យមានការគ្រោះថ្នាក់ដល់ជិវិតមនុស្ស និងខូចគ្រឿងចក្រនោះទេ៕