(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយបញ្ជាក់ថា អ្នកជំងឺកូវីដ១៩ ចំនួន២នាក់ បានព្យាបាលជាសះស្បើយ ខណៈអ្នកជំងឺចំនួន៨នាក់ទៀត កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅមុននេះបន្តិចបានឲ្យដឹងថា អ្នកជាសះស្បើយ
ទាំង០២នាក់ ជាបុរសជនជាតិខ្មែរ អាយុ២៣ឆ្នាំ មានអាស័យដ្ឋាននៅភូមិអំពិល ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ និងបុរសជនជាតិខ្មែរម្នាក់ទៀត អាយុ១៥ឆ្នាំ មានអាសយដ្ឋាននៅស្រុកព្រៃកប្បាស ខេត្តតាកែវ ជាអ្នកធ្វើដំណើរមកពីប្រទេសម៉ាឡេស៊ី បានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។

គិតត្រឹមម៉ោង០៧៖០០ព្រឹក ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា បានរកឃើញអ្នកជំងឺទាំងអស់នៅទូទាំងប្រទេស សរុបចំនួន ១៤១នាក់ (ស្ត្រី ៤០នាក់ និងបុរស ១០១នាក់)។ ចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ១៣៣នាក់ (ស្មើនឹង ៩៤.៣៣% ធៀប នឹងចំនួនអ្នកមានវីរុសកូវីដ-១៩ទាំងអស់) នៅក្នុងចំនួននេះ មានស្រី៣៩នាក់ និងបុរស៩៤នាក់។ អ្នកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋ មានចំនួន០៨នាក់ ក្នុងនេះបុរសជនជាតិខ្មែរ ០៧ នាក់ និងស្ត្រីជនជាតិខ្មែរ ០១នាក់ ដែលបានវិលត្រឡប់មកពីប្រទេសឥណ្ឌូ ណេស៊ីកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត អ្នកមានវីរុសកូវីដ-១៩៕