(កំពត)៖ នៅសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០នេះ លោក ជាវ តាយ អភិបាលខេត្តកំពត បានចុះពិនិត្យទីតាំងទំនាស់ដីធ្លីជាក់ស្តែង និងស្វែងរកដំណោះស្រាយជូនជនរងគ្រោះដែលជាប្រជាពលរដ្ឋក្រីក្រ ស្ថិតនៅភូមិកំពង់កណ្តាល ឃុំជុំគ្រៀល ស្រុកទឹកឈូរ ខេត្តកំពត។

សកម្មភាពនេះ គឺជាកាយវិការយកចិត្តទុកដាក់របស់លោកអភិបាលខេត្ត ក្នុងការជួយដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋក្រីក្រ ដែលទទួលរងភាពអយុត្តិធម៌ដោយសារតែទំនាស់ដីធ្លីនេះ អស់រយៈពេលជាង១០ឆ្នាំជាមួយលោក ឌិន វ៉ាន់នី។

កន្លងមករដ្ឋបាលខេត្តកំពត បានចេញ ស.ជ.ណលេខ១៨៦/១៩ ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ដោយសម្រេចផ្តល់ដីដែលនៅសល់ពីដីទំនាស់យោងតាមសាលដីកាលេខ៣៣ជ ចុះថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨ របស់តុលាការកំពូល ជូនដល់ក្រុមគ្រួសារលោក ម៉ាន់ សាឡេះ ដែលជាជនរងគ្រោះ មានសមាជិកសរុបជាង៥០នាក់ នៅក្នុងបន្ទុក ប៉ុន្តែលោក ឌិន វ៉ាន់នី នៅតែមិនព្រមអនុវត្តតាម ស.ជ.ណ របស់រដ្ឋបាលខេត្តកំពតទ្បើយ ទើបនៅថ្ងៃនេះលោកអភិបាលខេត្តសម្រេចចុះពិនិត្យទីតាំងវិវាទ និងដោះស្រាយដោយផ្ទាល់ ក្នុងគោលបំណងដើម្បីស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ។

ជាលទ្ធផល ការដោះស្រាយរបស់លោកអភិបាលខេត្តបានសម្រេចជាផ្លៃផ្កាគួរជាទីមោទនៈ ក្នុងការជួយជនរងគ្រោះដោយសារទំនាស់ដីធ្លីដែលរាំរ៉ៃនេះ។

ក្រុមគ្រួសាររបស់ជនរងគ្រោះទាំងចាស់ និងក្មេងមានចិត្តសប្បាយរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកអភិបាលខេត្ត ដែលបានយកចិត្តទុកដាក់ជួយជនក្រីក្រ ទន់ខ្សោយ ស្របតាមគោលនយោបាយដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋក្រីក្ររបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រី្តកម្ពុជា សមដូចពាក្យថា៖ «ទីណាមានការឈឺចាប់របស់រាស្រ្ត គឺតែងតែមានសម្តេចតេជោហ៊ុន សែន បិតានៃសន្តិភាព»