(ភ្នំពេញ)៖ ក្នុងឱកាសជួបពិភាក្សាការងារជាមួយ លោក Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា នារសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ នៅទីស្តីការក្រសួង លោក ព្រុំ សុខា រដ្ឋមន្ត្រី ក្រសួងមុខងារសាធារណៈ បានថ្លែងអំណរគុណក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាជូនចំពោះរដ្ឋាភិបាល អូស្ត្រាលីដែលបានបន្តគាំទ្រប្រជាជនកម្ពុជាក្នុងការថែរក្សាសន្តិភាពនិងការអភិវឌ្ឍប្រទេសជាតិ។

ក្នុងឱកាសនោះដែរ លោកឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា ក៏បានលើកឡើងពីសារប្រយោជន៍នៃកិច្ចសហប្រតិបត្តិការបន្តទៀតរវាងភាគីទាំងពីរទៅលើវិស័យសាធារណៈដែលបម្រើឱ្យកម្មវិធីសំខាន់ៗនាពេលបច្ចុប្បន្នរបស់រាជរដ្ឋាភិបាលជាអាទិ៍៖ កំណែទម្រង់វិមជ្ឈការ ភាពដឹកនាំរបស់ស្ត្រី និងគណនេយ្យភាពសង្គម។ល។

ជាការឆ្លើយតប លោករដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈក៏បានសម្តែងនូវការគាំទ្រ ចំពោះការប្តេជ្ញាចិត្ត របស់រដ្ឋាភិបាល អូស្ត្រាលីក្នុងកិច្ចសហប្រតិបត្តិការជួយផ្នែកសាធារណៈរបស់កម្ពុជាបន្តទៀតលើវិស័យសុខភាពសាធារណៈពិសេសជំនួយផ្នែកសុខាភិបាលសម្រាប់ការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ វិស័យអប់រំ បណ្តុះបណ្តាលធនធានមនុស្ស វិស័យអភិវឌ្ឍជនបទនិងសង្គមកិច្ច ដែលរួមចំណែកជួយដល់ដំណើរការនៃការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រងាយរងគ្រោះដោយវិបត្តិកូវីដ១៩។ល។

ជាចុងក្រោយនៃជំនួបនេះ ភាគីទាំងពីរបានឯកភាពគ្នាក្នុងការពិនិត្យលទ្ធភាពជម្រុញកិច្ចសហការលើវិស័យសាធារណៈបន្តទៀតដើម្បីរួមចំណែកដល់ការពង្រឹងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការដែលមានប្រយោជន៍ទាំងសងខាងសម្រាប់រដ្ឋាភិបាលនិងប្រជាជននៃប្រទេសទាំងពីរកម្ពុជា អូស្ត្រាលី៕