(ភ្នំពេញ)៖ លោក Mikami Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានបង្ហាញពីគោលជំហររបស់រដ្ឋាភិបាលជប៉ុន និងប្រជាជនជប៉ុន នៅតែបន្ដគាំទ្រការងារ បោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម នៅកម្ពុជាឲ្យកាន់តែខ្លាំងខ្លាបន្ថែមទៀត ទាំងថវិកា សម្ភារ និងបច្ចេកទេស ដើម្បីធ្វើយ៉ាងណាឲ្យការងារនេះសម្រេចបានផែនការកំណត់។

ក្នុងឱកាសជួបសំណេះសំណាល និងជូនពរក្នុងឱកាសខួបកំណើតរបស់លោកឯកអគ្គរាជទូតជប៉ុន នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០នេះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានសម្តែងអំណរគុណជូនចំពោះ រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន តាមរយៈលោក Mikami Masahiro សម្រាប់ការចូលរួមចំណែក និងការគាំទ្រដល់ការងារ អភិវឌ្ឍន៍នៅកម្ពុជា ក្នុងនោះក៏មានការចូលរួមក្នុងវិស័យបោសសម្អាតមីនផងដែរ។

លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា ទំនាក់ទំនងរវាងកម្ពុជា និងជប៉ុន មានចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ ជាប្រពៃណី និងយូរអង្វែង។ លោកថា កម្ពុជា និងជប៉ុន រួមទាំងប្រទេសជាមិត្តដទៃទៀត នឹងសម្លឹងរួមគ្នាឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ ដើម្បីសម្រេចបំណងឆ្ពោះទៅរកកម្ពុជាគ្មានមីនឆ្នាំ២០២៥៕