(កណ្ដាល)៖ បុរសម្នាក់ជាម្ចាស់ឡានបានស្លាប់ និងលោកសង្ឃ៧អង្គ ព្រមទាំងយាយជី៣នាក់ និងតៃកុងឡានភាគីម្ខាងទៀតរងរបួស ក្នុងគ្រោះថ្នាក់ចរាចរណ៍ ឡានបុកគ្នា ដែលបានកើតហេតុ នៅចំណុចភូមិខ្លាត្រាំ ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្ដាល លើផ្លូវជាតិលេខ០៥ ចន្លោះគីទ្បូម៉ែត្រ ៣៣-៣៤ នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង២៣៖១៥នាទី។

នគរបាល បានប្រាប់ដំណើររឿងថា រថយន្តមួយគ្រឿងម៉ាក SSANGYONGISTANA (សាមយ៉ុង) ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AV-0775 ប្រភេទដឹកអ្នកដំណើរ ឆ្នាំផលិត ២០០២ បើកបរដោយឈ្មោះ អ៊ុត មាន ភេទប្រុស អាយុ៦០ឆ្នាំ បើកឡានជូនព្រះសង្ឃចំនួន៧អង្គ យាយជី៣នាក់ ពីទិសដៅពីកើតទៅលិច (ភ្នំពេញ-ឧដុង្គ) លុះបើកមកដល់ចំណុចកើតហេតុខាងលើ ក៏មានរថយន្តមួយគ្រឿងម៉ាក TOYOTA CELICA ពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ 2O-9299 បើកបរដោយឈ្មោះ នាង ពិសិដ្ឋ ភេទប្រុស អាយុ៤៣ឆ្នាំ បើកទិសដៅបញ្រ្ចាសទិសគ្នា (ឧដុង្គ-ភ្នំពេញ)។

លុះបើកមកដល់ចំណុច កើតហេតុខាងលើ រថយន្តមួយគ្រឿងម៉ាក TOYOTA CELICA ក៏ជ្រុលទៅបុកជាមួយរថយន្តសាមយ៉ុង ពណ៌ស ចំពីមុខខាងឆ្វេង បណ្ដាលតៃកុងឡាន បានស្លាប់ពេលបញ្ជូននៅមន្ទីរពេទ្យ។ ចំណែកអ្នករងរបួស បានបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យបង្អែក ស្រុកពញាឮ។

ដោយឡែក វត្ថុតាងទាំងពីរ បានយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកពញាឮ ជាបណ្ដោះអាសន្ន រង់ចាំដោះស្រាយតាមនីតិវិធី៕