(ភ្នំពេញ)៖ នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការត្រួតពិនិត្យផលិតផលថ្នាំជក់» នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦នេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានជំរុញដល់អ្នកសារព័ត៌មានទាំងអស់ចូលរួម ក្នុងការផ្សព្វផ្សាយទប់ស្កាត់ការជក់បារីនៅក្នុង ចំណោមយុវជន។

លោករដ្ឋមន្រ្តី បានលើកឡើងថា អ្នកសារព័ត៌មានជាតួរអង្គយ៉ាងសំខាន់ នៅក្នុងការចូលរួមទប់ស្កាត់ការជក់បារីដែលបណ្តាលឱ្យ ប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព ហើយថាពេលនេះពិភពលោកកំពុងការព្រួយបារម្ភយ៉ាងខ្លាំង។

លោក ខៀវ កាញារីទ្ធ បានថ្លែងថា «ពិតមែនហើយថា យើងមានប្រជាជនច្រើនដែលរស់ដោយសាររបរថ្នាំជក់ជាពិសេសអ្នកនៅតាម មាត់ទន្លេ ចាប់ពីកំពង់ចាម ដល់ក្រចេះ គាត់ធ្វើរបរថ្នាំជក់ហ្នឹង ហើយក៏គេមានកុងត្រាល្អក្រុមហ៊ុនថ្នាំជក់ក៏មានការជំរុញលើកទឹកចិត្ត ថែមទៀត ឱ្យពលរដ្ឋទៅដាំថ្នាំជក់ហ្នឹង ប៉ុន្តែយើងជាអ្នកសារព័ត៌មាន គឺយើងគួរតែឈានមុខដើម្បីជំរុញឱ្យប្រជាជនយើងជាពិសេស ក្មេងៗក្រោយៗកុំឱ្យគាត់មានទម្លាប់»។

ក្រៅពីជំរុញដល់អ្នកសារព័ត៌មានឱ្យចូលរួមផ្សព្វផ្សាយ ទប់ស្កាត់ការជក់បារីក លោករដ្ឋមន្រ្តី ក៏បានជំរុញឱ្យអ្នកផលិតភាពយន្តចូលរួម ទប់ស្កាត់និងកាត់បន្ថយឈុតពាក់ព័ន្ធ នឹងការជក់បារីនេះផងដែរ។
លោកថា «ក្រសួងក៏នឹងជំរុញតាមការណែនាំរបស់ក្រសួងសុខាភិបាល បន្តិចទៀត កុនវីដេអូ រាល់ការជក់បារី យើងកាត់បន្ថយព្រោះ អាហ្នឹងយើងអត់ដឹងខ្លួនទេ ប៉ុន្តែជ្រាបចូលបន្តិចម្តងៗ»។

បើទោះជាបែបនេះក្តី លោករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណ ចំពោះកិច្ចសហការរបស់អ្នកសារព័ត៌មានទាំងអស់ដែលបញ្ឈប់ការផ្សាយ អំពីបារីនាពេលកន្លងមកផងដែរ៕