(ប៉ៃលិន)៖ មានប្រសាសន៍ ក្នុងសិក្ខាសាលាស្តីពីការប្រើប្រាស់វ៉ាក់សាំង សម្រាប់បក្សី ដែលរៀបចំឡើង ដោយក្រុមហ៊ុន B.K.P co.,LTD សហការជាមួយគម្រោង AIMS នៃក្រសួងពាណិជ្ជកម្ម នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ លោក សុខ សាធីម ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធានមន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិន បានលើកឡើងថា នៅពេលខាងមុខមន្ទីរ និងមានរៀបចំឲ្យមានកសិដ្ឋានគំរូមួយ នៅតាមបណ្តាឃុំ/សង្កាត់ ដោយក្នុងនោះ មានទាំងការថែទាំសត្វ ការចឹញ្ចិមសត្វ និងវ៉ាក់សាំងព្យាបាលសត្វ ដើម្បីឲ្យប្រជាកសិករងាយស្រួលមិនចេញទៅរកការព្យាបាលខាងក្រៅ ពិសេសគឺការរកទីផ្សារតែម្តង ។

លោក សុខ សាធីម ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធានមន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ការបើកសិក្ខាសាលានេះ គឺរៀបចំឡើងដោយក្រុមហ៊ុនB.K.P co.,LTD សហការជាមួយគម្រោង AIMS នៃក្រសួងពាណិជ្ជកម្ម ដែលជាគម្រោងមួយ សម្រាប់ពង្រឹងឧត្តមភាព ដល់ប្រជាកសិករខ្នាតតូច របស់កម្ពុជា តាមរយៈការតភ្ជាប់ផលិតកម្ម របស់កសិករ ជាមួយនឹងទីផ្សារ ដែលមានសក្ដានុពលចំណេញច្រើន។

លោកប្រធាន មានប្រសាសន៍បន្តថា៖ គម្រោង AIMS នេះ នឹងផ្ដោតលើការអភិវឌ្ឍខ្សែសង្វាក់ តម្លៃគោលដៅចំនួន ០៥ ដែលមានការទទួលស្គាល់តម្លៃ ស្រូវ ដំឡូងមី បន្លែ មាន់ស្រែ និងសរសៃសូត្រ។គោលដៅរបស់យើង គឺអនុញ្ញាតឲ្យកសិករខ្នាតតូច ទទួលបានផលប្រយោជន៍ ពីកាលានុវត្តភាពនៃទីផ្សារ ដោយសហការជាមួយគ្នាទៅវិញទៅមក និងជាមួយកសិអាជីវកម្ម ដើម្បីកំណត់បាននូវកសិផល ដែលមានសក្ដានុពលកំណើន។

ជាមួយនោះដែរ គម្រោងនឹងសម្របសម្រួល ដល់កសិកម្មខ្នាតតូច ក្នុងការទទួលបានហិរញ្ញវត្ថុ ដើម្បីទាញយកផលចំណេញ ពីទីផ្សារក្នុងប្រទេស និងទីផ្សារក្រោមក្របខណ្ឌសហគមន៍សេដ្ឋកិច្ចផងដែរ។ លោកប្រធាន បានបន្តថា៖នៅពេលនេះគឺយើងសិក្សា និងស្វែងយល់ពីការព្យាបាលសត្វ ការថែទាំសត្វ ការចឹញ្ចិមសត្វ ថាតើយើង ត្រូវប្រើប្រាស់ថ្នាំណាខ្លះសម្រាប់ព្យាបាលសត្វ ដែលយើងចឹញ្ចិម ដូច្នោះសូមឲ្យបងប្អូនប្រជាកសិករ ដែលចូលរួមនាពេលនេះ ខិតខំយកចិត្តទុកដាក់ លើការពន្យល់ របស់តំណាងក្រុមហ៊ុន ដើម្បីបាននូវបទពិសោធន៍ល្អ សម្រាប់ការងារចឹញ្ចិមសត្វរបស់យើងនៅតាមមូលដ្ឋានផងដែរ។

សូមបញ្ជាក់ថា៖ បើតាមលោកដែលជាតំណាងក្រុមហ៊ុន B.K.P co.,LTD បានឲ្យដឹងថា៖ ក្រុមហ៊ុន បានបើកសិក្ខាសាលានេះ ជាច្រើនខេត្តមកហើយ រួមមានខេត្តបាត់ដំបង ខេត្តសៀមរាម ខេត្តបន្ទាយមានជ័យ ជាដើម ដែលមានការសហការជា គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច(AIMS) នៃក្រសួងពាណិជ្ជកម្ម ។ក្រុមហ៊ុន B.K.P co.,LTD បានបង្កើតឡើងនៅដើមឆ្នាំ ២០០៨ ដែលជាការសហការរវាង វិស្វករបសុពេទ្យ ត្រៃ ប៊ុនឡៃ និង គ្រូពេទ្យហោ គ្រី ហើយកន្លងមកគឺការងារ របស់យើងគឺ បានដំណើរការជោគជ័យ សម្រាប់ប្រជាកសិករ នៅតាមបណ្តាខេត្តទាំងនោះផងដែរ៕