(ភ្នំពេញ)៖ ឆ្លើយតបទៅនឹងតម្រូវការចាំបាច់ ក៏ដូចជាលើកកម្ពស់ជីវិតគុណភាពជីវភាពរស់នៅ របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន រដ្ឋបាលខណ្ឌចំការមន បានបន្តរៀបចំវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខណ្ឌចំការមន អាណត្តិទី៣ ដើម្បីប្រមូលនូវបញ្ហាសំខាន់ៗជាអាទិភាព សម្រាប់យកមកពិចារណា ពិគ្រោះនិងដោះស្រាយជូនប្រជាពលរដ្ឋ ឲ្យបាននៅក្នុងមូលដ្ឋានរបស់ខ្លួន។

លោក ថេង សុថុល អភិបាលខណ្ឌចំការមន បានលើកឡើងនៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០នេះថា ក្រោយពីបានទទួលនៅព័ត៌មានជុំវិញមូលដ្ឋានពីសំណាក់ប្រជាពលរដ្ឋ តាមរយៈវេទិកានេះ រដ្ឋបាលខណ្ឌចំការមន និងយកទៅពិចារណាធ្វើការកែទម្រង់ ក្នុងការអនុវត្តសកម្មភាពរបស់ខ្លួន ដើម្បីលើកកម្ពស់គុណភាព នៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋ ក្នុងមូលដ្ឋានសង្កាត់ឲ្យកាន់តែប្រសើរឡើង។

លោកអភិបាលខណ្ឌ បានបញ្ជាក់ថា ការចូលរួមផ្ដល់មតិយោបល់ និងលើកឡើងនូវសំណូមពរ និងសំណើរបស់បងប្អូនប្រជាពលរដ្ឋនៅថ្ងៃនេះ បាននាំមកនូវសក្កានុពលភាពធំធេង ធ្វើឲ្យរដ្ឋបាលខណ្ឌ អាចបានឆ្លុះបញ្ចាំងបាន នូវចំណុចខ្វះខាតចំណុចអសកម្ម ដែលរដ្ឋបាលខណ្ឌនេះ អនុវត្តកន្លងមក និងអាចឲ្យគណៈអភិបាលខណ្ឌ យកទៅធ្វើការពិចារណា កែសម្រួលឡើងវិញ ឲ្យបានសមស្របតាមសេចក្តីត្រូវការរបស់ពលរដ្ឋ។

លោកអភិបាលអះអាងថា ក្រុមប្រឹក្សាខណ្ឌ ក៏ដូចជារដ្ឋបាលខណ្ឌទាំងមូល បន្តយកចិត្តទុកដាក់ ដល់ការអនុវត្តន៍ នូវគោលនយោបាយកែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ ដោយបង្កលក្ខណៈឲ្យមានការចូលរួមយ៉ាងសកម្ម ពីប្រជាពលរដ្ឋសង្គមស៊ីវិល និងវិស័យឯកជន ដើម្បីធ្វើការផ្លាស់ប្ដូរយោបល់បទពិសោធន៍គ្នាទៅវិញទៅមក រកឲ្យឃើញនូវឬសគល់នៃបញ្ហា សិក្សាស្វែងយល់ពីតម្រូវការពិតប្រាកដ របស់ប្រជាពលរដ្ឋ និងរិះរកវិធានការដោះស្រាយឲ្យបាននូវបញ្ហាទាំងនោះ ជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព និងប្រសិទ្ធិភាព ក្នុងនាមជាតំណាងសាធារណៈ ដែលទទួលបានការទុកចិត្តពីប្រជាពលរដ្ឋ ត្រូវបម្រើប្រជាពលរដ្ឋ។

លោកបានបញ្ជាក់ទៀតថា សំណូមពរនិងមតិយោបល់មួយចំនួនរបស់ប្រជាពលរដ្ឋត្រូវបានបំភ្លឺ និងដោះស្រាយជូនប៉ុន្តែចំពោះសំណើរ និងសំណូមពរមួយចំនួន ជាលេខលាក់អក្សរ ដែលនៅសល់មិនទាន់បានដោះស្រាយ ជូននាឱកាសនេះ ក្រុមប្រឹក្សាខណ្ឌនិងគណៈអភិបាលខណ្ឌ និងពិនិត្យដោះស្រាយ ជូនព្រមទាំងផ្ដល់ ព័ត៌មាន ត្រឡប់មកវិញតាម រយៈក្រុមប្រឹក្សាសង្កាត់របស់បងប្អូនផ្ទាល់ទាំងលទ្ធផលជាវិជ្ជមានឬអវិជ្ជមាន ដោយមានការបញ្ជាក់ពីមូលហេតុច្បាស់លាស់ ជូនជ្រាបនៅពេលក្រោយបន្ទាប់ពីវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់នេះ។

ចំពោះសំណើរ និងសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាព្រះសង្ឃទាំងបីវត្ត គណៈបញ្ជាការឯកភាពខណ្ឌ សន្យានឹងធានាថា ស្វែងរកយន្តការដោះស្រាយ ទាល់តែបាន ទោះក្នុងកម្រិតណាក៏ដោយ ហើយអ្វីដែលរដ្ឋបាលខណ្ឌមិនអាចធ្វើទៅរួច និងធ្វើរបាយការណ៍ជូនទៅរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីរកវិធានការដោះស្រាយ ជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ដើម្បីធានាដល់ការផ្ដល់សេវាសាធារណៈ ឲ្យបានកាន់តែប្រសើរ និងលើកកំពស់គុណភាពជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាដោះស្រាយកង្វល់ទាំងឡាយ ជូនបងប្អូនប្រជាពលរដ្ឋ និងព្រះសង្ឃក្នុងខណ្ឌចំការមន ឲ្យកាន់តែមានតម្លាភាពនិងប្រសិទ្ធភាព។

ទាក់ទិនទៅនឹងការងារការការពារទប់ស្កាត់ និងបង្ក្រាបនូវរាល់បទល្មើសទាំងឡាយ នៅនាពេលកន្លងមក ក៏ដូចជាសកម្មភាពកំពុងតែអនុវត្ត នាពេលបច្ចុប្បន្ននេះ លោក ស៊ិន សិទ្ធី នាយករដ្ឋបាលខណ្ឌចំការមន បានរាយការណ៍ឲ្យដឹងថា នៅក្នុងអំឡុងឆ្នាំ២០១៩ និងដើមឆ្នាំ២០២០នេះ ការងារដែលបានអនុវត្តរួមមានដូចជា៖ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ក្នុងមូលដ្ឋាន រួមមាន៖ ស្ដារប្រឡាយ លូ ជួសជុលផ្លូវ ជាច្រើនខ្សែ ក្នុងមូលដ្ឋាន និងមានគម្រោងជាច្រើនទៀត ដែលត្រូវអភិវឌ្ឍន៍ជាបន្តបន្ទាប់។

សម្រាប់ឆ្នាំ២០២០ គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ មានការថយចុះជាងបណ្ដាឆ្នាំមុនៗ ដោយសារបញ្ហាជំងឺកូវីដ១៩ ដូច្នេះកញ្ចប់ថវិកាសម្រាប់រដ្ឋបាល ខណ្ឌប្រើប្រាស់ បំរើឲ្យការអភិវឌ្ឍន៍ក្នុងមូលដ្ឋាន មិនអាចបំពេញតាមតម្រូវការ របស់ប្រជាពលរដ្ឋបានទេ ចំពោះឆ្នាំ២០២០នេះដែរ គម្រោងអភិវឌ្ឍន៍នានា រួមមានដាក់បណ្ដាញលក់ថ្មីជាច្រើនខ្សែជួសជុលផ្លូវចាក់អ៊ុតកៅស៊ូនិងការងារអភិវឌ្ឍន៍ជាច្រើនទៀត ទៅតាមគម្រោងផែនការ ។

ចំណែកលោក ព្រុំ សំខាន់ ប្រធានក្រុមប្រឹក្សាខណ្ឌចំការមនឯណេះវិញ បានលើកឡើងថា ការប្រារព្ធវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ ក្រុមប្រឹក្សានាឱកាសនេះ គឺជាការអនុវត្តតាមច្បាប់ ស្ដីពី ការគ្រប់គ្រងរដ្ឋបាលរាជធានីខេត្តក្រុងស្រុកខណ្ឌ និងអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ស្ដីអំ ពីតួនាទីភារកិច្ច និងទំនាក់ទំនងការងាររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលតម្រូវឲ្យក្រុមប្រឹក្សាខណ្ឌ ត្រូវរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ទៅតាមសង្កាត់នានា។

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះដែរ ក៏ជាការផ្ដល់ឱកាសជូនប្រជាពលរដ្ឋ បានប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក រវាងរដ្ឋបាលខណ្ឌជាមួយរដ្ឋបាលសង្កាត់ និងប្រជាពលរដ្ឋតំណាងសង្គមស៊ីវិល វិស័យឯកជន ក្រុមប្រឹក្សាប្រភេទផ្សេងៗគ្នា ដើម្បីផ្លាស់ប្ដូរនូវបទពិសោធន៍ និងប្រឹក្សាអំពីអាទិភាព នៃការអភិវឌ្ឍប្រកបដោយចីរភាព និងប្រសិទ្ធភាព៕