(ប៉ៃលិន)៖ លោក សុខ សាធីម ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធានមន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិន បានលើកឡើងថា នៅពេលខាងមុខមន្ទីរ និងមានរៀបចំឲ្យមានកសិដ្ឋានគំរូមួយ នៅតាមបណ្តាឃុំ/សង្កាត់ ដោយក្នុងនោះ មានទាំងការថែទាំសត្វ ការចិញ្ចឹមសត្វ និងវ៉ាក់សាំងព្យាបាលសត្វ ដើម្បីឲ្យប្រជាកសិករងាយស្រួលមិនចេញទៅរកការព្យាបាលខាងក្រៅ ពិសេសគឺការរកទីផ្សារតែម្តង ។

លោកថ្លែងបែបនេះ នៅក្នុងសិក្ខាសាលាស្តីពីការប្រើប្រាស់វ៉ាក់សាំង សម្រាប់បក្សី ដែលរៀបចំឡើងដោយក្រុមហ៊ុន B.K.P co.,LTD សហការជាមួយគម្រោង AIMS នៃក្រសួងពាណិជ្ជកម្ម នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០។

លោក សុខ សាធីម បានលើកឡើងថា ការបើកសិក្ខាសាលានេះ គឺរៀបចំឡើងដោយក្រុមហ៊ុន B.K.P co.,LTD សហការជាមួយគម្រោង AIMS នៃក្រសួងពាណិជ្ជកម្ម ដែលជាគម្រោងមួយ សម្រាប់ពង្រឹងឧត្តមភាព ដល់ប្រជាកសិករខ្នាតតូចរបស់កម្ពុជា តាមរយៈការតភ្ជាប់ផលិតកម្មរបស់កសិករ ជាមួយនឹងទីផ្សារដែលមានសក្ដានុពលចំណេញច្រើន។

លោកប្រធានបន្តថា គម្រោង AIMS នេះ នឹងផ្ដោតលើការអភិវឌ្ឍខ្សែសង្វាក់ តម្លៃគោលដៅចំនួន០៥ ដែលមានការទទួលស្គាល់តម្លៃ ស្រូវ ដំឡូងមី បន្លែ មាន់ស្រែ និងសរសៃសូត្រ។ គោលដៅរបស់យើង គឺអនុញ្ញាតឲ្យកសិករខ្នាតតូច ទទួលបានផលប្រយោជន៍ ពីកាលានុវត្តភាពនៃទីផ្សារ ដោយសហការជាមួយគ្នាទៅវិញទៅមក និងជាមួយកសិអាជីវកម្ម ដើម្បីកំណត់បាននូវកសិផល ដែលមានសក្ដានុពលកំណើន។ ជាមួយនោះដែរ គម្រោងនឹងសម្របសម្រួល ដល់កសិកម្មខ្នាតតូច ក្នុងការទទួលបានហិរញ្ញវត្ថុ ដើម្បីទាញយកផលចំណេញ ពីទីផ្សារក្នុងប្រទេស និងទីផ្សារក្រោមក្របខណ្ឌសហគមន៍សេដ្ឋកិច្ចផងដែរ។

លោក សុខ សាធីម បញ្ជាក់ថា «នៅពេលនេះគឺយើងសិក្សា និងស្វែងយល់ពីការព្យាបាលសត្វ ការថែទាំសត្វ ការចិញ្ចឹមសត្វ ថាតើយើង ត្រូវប្រើប្រាស់ថ្នាំណាខ្លះសម្រាប់ព្យាបាលសត្វ ដែលយើងចិញ្ចឹម ដូច្នោះសូមឲ្យបងប្អូនប្រជាកសិករ ដែលចូលរួមនាពេលនេះ ខិតខំយកចិត្តទុកដាក់ លើការពន្យល់ របស់តំណាងក្រុមហ៊ុន ដើម្បីបាននូវបទពិសោធន៍ល្អ សម្រាប់ការងារចិញ្ចឹមសត្វរបស់យើងនៅតាមមូលដ្ឋានផងដែរ»

តំណាងក្រុមហ៊ុន B.K.P co.,LTD បានឲ្យដឹងថា ក្រុមហ៊ុនបានបើកសិក្ខាសាលានេះជាច្រើនខេត្តមកហើយ រួមមាន៖ ខេត្តបាត់ដំបង ខេត្តសៀមរាម ខេត្តបន្ទាយមានជ័យ ជាដើម ដែលមានការសហការជា គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) នៃក្រសួងពាណិជ្ជកម្ម។ ក្រុមហ៊ុន B.K.P co.,LTD បានបង្កើតឡើងនៅដើមឆ្នាំ ២០០៨ ដែលជាការសហការរវាង វិស្វករបសុពេទ្យ ត្រៃ ប៊ុនឡៃ និង គ្រូពេទ្យហោ គ្រី ហើយកន្លងមក ការងារបានដំណើរការជោគជ័យ សម្រាប់ប្រជាកសិករ នៅតាមបណ្តាខេត្តទាំងនោះផងដែរ៕