(បន្ទាយមានជ័យ)៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា បើទោះបីជាជំងឺកូវីដ-១៩ រលាយបាត់សាបសូន្យក៏ដោយ ក៏យើងនៅតែបន្តប្រើប្រាស់ប្រព័ន្ធអនឡាញនេះ បង្រៀនដល់សិស្ស ដើម្បីបំពេញបន្ថែមសម្រាប់ការសិក្សារៀនសូត្រ។

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានលើកឡើងយ៉ាងដូចនេះនាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០នេះ ក្នុងឱកាសដែលលោកបានដឹកនាំប្រតិភូដោយ មានការចូលរួមពីលោក ឈើយ ចាន់ណា សមាជិកព្រឹទ្ធសភា លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ចុះពិនិត្យមើលសាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ សិក្សាវគ្គខ្លីបង្រៀនតាម ប្រព័ន្ធអនឡាញ ដើម្បីពង្រឹងលើការងារបង្រៀនពីចម្ងាយ តាមរយៈប្រព័ន្ធអនឡាញឱ្យកាន់តែមានប្រសិទ្ធភាព។

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានឱ្យដឹងថា គោលដៅឥលូវនេះក្រសួងបានអនុម័តកម្មវិធី google ជាកម្មវិធីផ្លូវការសម្រាប់ការប្រើប្រាស់ប្រព័ន្ធសិក្សាផ្សេងៗ ពិសេសលោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យត្រូវតែចេះប្រើប្រាស់នូវប្រព័ន្ធថ្មីនេះទាំងអស់គ្នា ហើយក្រសួងនឹងបញ្ចូលការបង្រៀននេះ នៅតាមគ្រឹះស្ថានសិក្សាគ្រប់កម្រិតទាំងអស់។

ចំពោះសាលាគរុកោសល្យ និងវិក្រិតការ បានប្រើប្រាស់កម្មវិធីសិក្សាតាមប្រព័ន្ធ google ដែលតម្រូវឲ្យគណៈគ្រប់គ្រងសាលាត្រូវជ្រើសរើស ក្រុមការងារពីរនាក់ ដើម្បីដឹកនាំ ការរៀន និងការបង្រៀន ហើយក៏ត្រូវប្រើប្រាស់កម្មវិធីនេះ សម្រាប់បង្រៀនដល់សិស្សផងដែរ។

រដ្ឋមន្ត្រីក្រសួងអប់រំបានបញ្ជាក់ទៀតថា ក្រសួងក៏បានជូនដំណឹងហើយសម្រាប់គរុសិស្សឆ្នាំទី២ នៅសាលាគរុកោសល្យ និងវិក្រឹតការខេត្តបន្ទាយមានជ័យ ត្រូវរៀបចំការប្រឡងនៅនឹងកន្លែង សម្រាប់មុនពេលចេញទៅបំពេញការងារ។ តែសម្រាប់គរុកសិស្សឆ្នាំទី១វិញ ត្រូវបង្រៀនតាមប្រព័ន្ធអនឡាញ។ ថ្វីត្បិតតែក្រសួងគ្រោងនឹងបើក សាលារៀនតែនៅពេលនេះសាលាគរុកោសល្យ នៅតែបន្តរៀនតាមប្រព័ន្ធអនឡាញសម្រាប់ឆ្នាំទី១។

ក្នុងឱកាសនោះលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ក៏បានប្រគល់កុំព្យួទ័រយួរដៃ (Laptop) ១០គ្រឿង ដល់សាលាគរុកោសល្យ និងវិក្រឹតការខេត្តបន្ទាយមានជ័យផងដែរ៕