(ភ្នំពេញ)៖ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០នេះ អង្គភាពព័ត៌មាន Fresh News បានធ្វើកិច្ចសម្ភាសន៍ជាមួយ លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងមហាផ្ទៃ អំពីបច្ចុប្បន្នភាព នៃការបោះតង់របស់ភាគីវៀតណាម នៅតាមតំបន់ព្រំដែនជាមួយកម្ពុជា។ ខាងក្រោមនេះជាខ្លឹមសារនៃកិច្ចសម្ភាសទាំងស្រុងដូចតទៅ៖

Fresh News៖ តើការបោះតង់របស់ភាគីវៀតណាម ចូលមកតំបន់ព្រំដែនកើតឡើងនៅពេលណា? តើក្រសួងមហាផ្ទៃបានទទួលព័ត៌មានដោយរបៀបណា?

លោក សក់ សេដ្ឋា៖ ការបោះតង់របស់ភាគីវៀតណាមចូលមកតំបន់ព្រំដែន កើតឡើងនៅអំឡុងខែមីនា ឆ្នាំ២០២០។ ក្រសួងមហាផ្ទៃ បានទទួលព័ត៌មានពីកម្លាំងនគរបាលការពារព្រំដែន យោធាព្រំដែន និងរដ្ឋបាលខេត្ត ករណីភាគីវៀតណាមបានបិទច្រកទ្វារព្រំដែនដោយឯកតោភាគី ព្រមទាំងសង់រោងប្រក់តង់ និងដាក់ពង្រាយកងទ័ពការពារព្រំដែននៅតាមបណ្តោយព្រំដែនគោកកម្ពុជា-វៀតណាម ក្រោមរូបភាពទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ (COVID-19) ដោយលើកទង់ជាតិវៀតណាម និងបដាសរសេរជាភាសាវៀតណាមថា «ប៉ុស្តិ៍ទប់ស្កាត់ជំងឺកូវីដ១៩»

Fresh News៖ ក្រោយទទួលបានព័ត៌មានអំពីការបោះតង់របស់ភាគីវៀតណាមចូលតំបន់ព្រំដែន តើក្រសួងមហាផ្ទៃ បានចាត់វិធានការអ្វីខ្លះ?

លោក សក់ សេដ្ឋា៖ ពាក់ព័ន្ធនឹងសកម្មភាពបោះតង់របស់ភាគីវៀតណាម ក្រសួងមហាផ្ទៃ បានណែនាំដល់អភិបាលខេត្ត និងស្នងការដ្ឋាននគរបាលខេត្តជាប់ព្រំដែន សហការចុះទៅសម្របសម្រួល និងចរចាជាមួយភាគីវៀតណាម ឲ្យរុះរើតង់ទាំងនោះចេញ។ ជាលទ្ធផល ភាគីវៀតណាមបានយល់ព្រមរុះរើចេញ និងរំកិលតង់មួយចំនួនថយក្រោយ។ ទន្ទឹមនេះ ភាគីវៀតណាមបានឆ្លើយតបមកអាជ្ញាធរកម្ពុជាថាវៀតណាមនឹងរុះរើតង់ទាំងនោះចោលវិញក្រោយពេលដែលជំងឺកូវីដ១៩ ត្រូវបានកំចាត់ចោលទាំងស្រុងនាពេលខាងមុខ។ ម្យ៉ាងទៀត ក្រសួងមហាផ្ទៃក៏បានស្នើគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន ដើម្បីពិភាក្សាចរចាជាមួយភាគីវៀតណាម ឱ្យរុះរើតង់ទាំងនោះចេញ និងរក្សាស្ថានភាពដដែលនៅតាមបណ្តោយព្រំដែនដែលពុំទាន់ឯកភាពខណ្ឌសីមា និងបោះបង្គោលរួច តាមរយៈលិខិតលេខ១៥៧៩ សជណ ចុះថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០។ ជាការឆ្លើយតបគណៈកម្មាធិការចំរុះកិច្ចការព្រំដែន បានស្នើមកក្រសួងមហាផ្ទៃផ្តល់នូវចំណុចនិយាមការ នៃទីតាំងបោះតង់របស់ភាគីវៀតណាម។ បច្ចុប្បន្ន ក្រសួងមហាផ្ទៃកំពុងបូកសរុបផ្ទៀងផ្ទាត់និយាមការទាំងនោះ ដើម្បីផ្តល់ជូនគណៈកម្មាធិការចំរុះកិច្ចការព្រំដែនចាត់ចែងតាមសមត្ថកិច្ច។

ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ កន្លងមកផ្អែកតាមលិខិតរបស់រដ្ឋបាលខេត្តកណ្តាល ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏បានធ្វើកំណត់ទូតទៅភាគីវៀតណាម កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ ដើម្បីតវ៉ាអំពីសកម្មភាពបោះតង់របស់ភាគីវៀតណាម នៅចន្លោះទន្លេមេគង្គ និងទន្លេបាសាក់ ចាប់ពីបង្គោលព្រំដែនលេខ២៤១-២៤៥ និងនៅតាមបណ្តោយព្រែកជ្រៃធំ-ព្រែកប៊ិញយី ចាប់ពីចន្លោះបង្គោលព្រំដែនលេខ២៤៧-២៥៣ និងទាមទារភាគីវៀតណាមឲ្យរុះរើតង់ទាំងនោះចេញ និងស្នើឲ្យរក្សាស្ថានភាពនៅដដែលនៅតាមតំបន់ព្រំដែនទាំងនេះ ស្របតាមស្មារតីនៃប្រកាសព័ត៌មានរួមរបស់នាយករដ្ឋមន្ត្រីទាំងពីរឆ្នាំ១៩៩៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥។

Fresh News៖ ក្រោយពីការចាត់វិធានការទាំងនេះ តើក្រសួងមហាផ្ទៃទទួលបានលទ្ធផលអ្វី និងមានវិធានការបន្តអ្វីខ្លះ?

លោក សក់ សេដ្ឋា៖ តាមរបាយការណ៍ចុងក្រោយបង្ហាញថា ចំនួនតង់ដែលភាគីវៀតណាមបានរុះរើចេញវិញចំនួន០៨កន្លែង ក្នុងនោះ តង់ដែលបានបោះនៅតំបន់ព្រំដែនដែលមិនទាន់ឯកភាពគ្នាក្នុងការវាស់វែងខណ្ឌសីមា និងបោះបង្គោលព្រំដែនសរុបចំនួន៤២តង់។ ទន្ទឹមនេះ ក្រសួងមហាផ្ទៃក៏មានវិធានការបន្តដូចខាងក្រោម៖

* ស្នើភាគីវៀតណាមគោរពឱ្យបានម៉ឺងម៉ាត់ ស្របតាមមាត្រា១០ នៃលក្ខន្តិកៈព្រំដែនកម្ពុជា-វៀតណាម ឆ្នាំ១៩៨៣, ចំណុច៨ នៃសេចក្តីប្រកាសព័ត៌មានរួមឆ្នាំ១៩៩៥ និងកថាខណ្ឌ៥ មាត្រា៣ នៃសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធរវាងរដ្ឋាភិបាលទាំងពីរ ដោយត្រូវរក្សាស្ថានភាពដដែលនៅតំបន់ពុំទាន់ឯកភាព ចៀសវាងធ្វើសកម្មភាពឯកតោភាគីណាមួយដែលអាចប៉ះពាល់កិច្ចការដ៏សំខាន់នេះ រហូតដល់វេលាដែលគណៈកម្មការចំរុះព្រំដែនទាំងពីរឯកភាពខណ្ឌសីមា និងបោះបង្គោលក្នុងតំបន់នោះរួចរាល់ជាស្ថាពរ។ ទន្ទឹមនេះ ក្នុងដំណាក់កាលដ៏ស្មុគស្មាញដែលសុខុមាលភាពប្រជាពលរដ្ឋជាអាទិភាពដ៏ចាំបាច់សម្រាប់ប្រទេសទាំងពីរ, ស្នើរដ្ឋបាលខេត្ត និងកម្លាំងមានសមត្ថកិច្ចកម្ពុជាបន្តកិច្ចសហការជាមួយភាគីវៀតណាមក្នុងការរាំងខ្ទប់សកម្មភាពចេញ-ចូលខុសច្បាប់នៅតាមបណ្តោយព្រំដែន សំដៅទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ឱ្យមានប្រសិទ្ធភាពខ្ពស់។

* ស្នើរដ្ឋបាលខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធជាប់ព្រំដែនកម្ពុជា-វៀតណាមបន្តតាមដាន សកម្មភាពរបស់ភាគីវៀតណាមឱ្យបានខ្ជាប់ខ្ជួន។ ក្នុងករណីភាគីវៀតណាមធ្វើសកម្មភាពមិនប្រក្រតី ត្រូវហាមឃាត់ជាបន្ទាន់ និងធ្វើសេចក្តីរាយការណ៍មកក្រសួង-ស្ថាប័នពាក់ព័ន្ធដោះស្រាយតាមនីតិវិធីច្បាប់។ រដ្ឋបាលខេត្តត្រូវប្រើប្រាស់ឱ្យអស់លទ្ធភាពនូវយន្តការដែលមានស្រាប់ក្នុងក្របខ័ណ្ឌច្បាប់អនុញ្ញាតដោយរដ្ឋាភិបាលនៃប្រទេសទាំងពីរ ដោះស្រាយបញ្ហាអសកម្មទាំងឡាយប្រកបដោយស្មារតី មិត្តភាព និងភាពជាអ្នកជិតខាងល្អ៕