(ភ្នំពេញ)៖ ក្រុមហ៊ុនមកពីប្រទេសចិន បានចាប់ដៃជាមួយក្រុមហ៊ុនកម្ពុជា គ្រោងបើកសាកលវិទ្យាល័យដ៏ធំមួយ ក្នុងគោលដៅចូលរួមអភិវឌ្ឍន៍វិស័យអប់រំ ជាមួយរាជរដ្ឋាភិបាលកម្ពុជា លើការបណ្តុះបណ្តាលធនធានមនុស្ស ផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០នេះ ក្រុមហ៊ុនទាំងពីរគឺ CCYF DEVELOPMENT CO.,LTD និង MINDS BRIDGE EDUCATION (Cambodia) INVESTMENT CO.,LTD បានចុះហត្ថលេខារួមគ្នា បង្ហាញគម្រោងបង្កើតសាកលវិទ្យាល័យនៅកម្ពុជា។ មូលហេតុនៃគម្រោងបង្កើតសាកលវិទ្យាល័យ ដោយសារភាគីទាំងពីរមើលឃើញថា កម្ពុជាគឺជាគោលដៅសម្រាប់ការអភិវឌ្ឍយ៉ាងសំខាន់ និងទាក់ទាញមួយនៅក្នុងតំបន់ ហើយសេដ្ឋកិច្ចប្រទេសនេះ មានការរីកចម្រើនជាលំដាប់ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។

សាកលវិទ្យាល័យនេះ គ្រោងនឹងបញ្ចប់ការសាងសង់មុនឆ្នាំ២០២១ ដើម្បីចាប់ផ្តើមទទួលសិស្សឲ្យចូលរៀន។ សាកលវិទ្យាល័យនេះដែរ ប្រកាន់ខ្ជាប់នូវគោលការណ៍មួយចំនួន រួមមាន៖ ការសាបព្រូសចំណេះដឹង, ការសិក្សាដ៏រីកចម្រើន, និងការធ្វើឲ្យប្រទេសជាតិមានធនធានមនុស្ស។

ក្នុងនាមជាភ្ញៀវកិត្តិយស, លោក សរ សុពុត្រា អភិបាលរងខេត្តកំពង់ស្ពឺ បានសម្តែងចំណាប់អារម្មណ៍ថា លោកវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនទាំងពីរ ដែលគ្រោងនឹងបើកសាកលវិទ្យាល័យនៅកម្ពុជា។ លោកចាត់ទុកថា សកម្មភាពនេះ គឺជាការបង្កើតនូវឧត្តមប្រយោជន៍ សម្រាប់ប្រជាជនកម្ពុជាទាំងមូលតែម្តង។

លោក សរ សុពុត្រា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ថ្វីត្បិតថានេះជាចំណុចចាប់ផ្តើម តែជាការចាប់ផ្តើមមួយដ៏រីករាយ ដែលប្រកបដោយមោទនភាព ពោលការចាប់ផ្តើមរបស់ក្រុមហ៊ុនទាំងពីរ គឺជាឧត្តមប្រយោជន៍របស់ប្រជាជនកម្ពុជាសុទ្ធសាធ»