(ព្រៃវែង)៖ មានករណីប្លន់ប្រដាប់អាវុធបាញ់សម្លាប់បុរសម្នាក់យកម៉ូតូ០១គ្រឿង ដោយសុវត្ថិភាពកាលពីវេលាម៉ោង១៣៖៤០នាទីរសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ៨ ភូមិត្បូងវត្ត ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។

សមត្ថកិច្ចស្រុកកំចាយមារ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ប៊ុត វណ្ណា អាយុ២៨ឆ្នាំ មុខរបរជាជ័រកៅស៊ូ ទីលំនៅប្ចុប្បន្នភូមិវត្ត ឃុំត្រោះ ស្រុករមាហែក ខេត្តស្វាយរៀង ជាម្ចាស់ម៉ូតូម៉ាកឌ្រីមសង់ស៊េរី២០១៨ ពាក់ស្លាកលេខ ព្រៃវែង 1M-5254។

សមត្ថកិច្ចបានបន្តថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានចេញដំណើរពីចំការកៅស៊ូមួយកន្លែង ក្នុងភូមិសំបូ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ហើយបានប្រាប់សាច់ញាតិថា មកលាងម៉ូតូនៅផ្សារក្របៅ។

ពេលត្រឡប់មកវិញដល់ចំណុចកើតហេតុ ត្រូវបានក្រុមជនល្មើសជាចោរដកកាំភ្លើងខ្លី បាញ់ប្រហារទៅលើជនរងគ្រោះ០១គ្រាប់ត្រូវ ត្រង់ចង្កេះខាងឆ្វេងធ្លាយដល់ផផ្នែកខាងក្រោមពោះទឹកខាងស្ដាំ ក្រោយមកត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលក្របៅ និងប្រជាពលរដ្ឋបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យបង្អែកស្រុកកំចាយមារ ក្រោយមកក្រុមគ្រូពេទ្យប្រាប់ថាជនរងគ្រោះស្លាប់បាត់ហើយ។

នៅកន្លែងកើតហេតុសមត្ថកិច្ចរកឃើញ វត្ថុតាងក្បាលគ្រាប់ចំនួន០១ នៅបៀមជាប់ជនរងគ្រោះ ប្រភេទក្បាលគ្រាប់រ៉ូឡូ ១៧គុណ៧មីលីម៉ែត្រ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវ បន្តដើម្បីតាមចាប់ក្រុមចោរប្លន់មកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕