(សៀមរាប)៖ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោកស្រី លី អៃឡាន (Li Ailan) ប្រធានអង្គការសុខភាពពិភពលោកប្រចាំព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ បានចុះមកស្វែងយល់ជុំវិញការអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល និងសេចក្តីណែនាំរបស់ក្រសួង សុខាភិបាលស្តីពី ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងខេត្តសៀមរាប ដោយមានការចូលរួមពីលោក ទៀ សីហា អភិបាលខេត្ត ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ផងដែរ។

ក្នុងកិច្ចប្រជុំនោះលោកស្រី ឱ វណ្ណឌីន បានថ្លែងនូវការកោតសរសើរអាជ្ញាធរខេត្ត ក្នុងការបង្ការ ទប់ស្កាត់ការរីករាល់ដាលវីរុសកូវីដ-១៩ និងការអនុវត្តវិធានការរបស់ក្រសួងសុខាភិបាលកន្លងមក ដែលបានដាក់ចេញវិធានការនានា និងមានកិច្ចសហការយ៉ាងល្អប្រសើរជាមួយភាគីថៃ ក្នុងការទទួលបងប្អូនពលករខ្មែរ ដែលភាគីថៃបានបញ្ជូនមកវិញ ដែលមានការរៀបចំទីតាំងបានយ៉ាងល្អ និងមានប្រសិទ្ធភាព។

លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ឲ្យដឹងបន្តទៀតថា «រឿងកូវីដ-១៩នេះ សុំឲ្យអាជ្ញាធរខេត្ត ត្រូវបន្តការប្រុងប្រយ័ត្នផ្សព្វផ្សាយពីវិធានការ ទប់ស្កាត់ពីការចម្លងជំងឺនេះ ជាពិសេសករណីនាំចូលពី ប្រទេសជិតខាង ក្នុងនោះទប់ស្កាត់ការធ្វើដំណើរមកពីក្រៅ ដែលវាជាហានីភ័យខ្ពស់ពីការឆ្លងកូវីដ-១៩នេះ»

ទន្ទឹមនឹងនោះ លោកអភិបាលខេត្ត បានថ្លែងទៀតថា កន្លងមកអាជ្ញាធរខេត្តរួមនឹងអ្នកពាក់ព័ន្ធ ដែលបានយកចិត្តទុកដាក់ចេញនូវវិធានការផ្សេងៗ ក្នុងការទប់ស្កាត់ការរីករាលដាលពីការចម្លងកូវីដ-១៩ ហើយពលរដ្ឋមានការយល់ដឹង និងអនុវត្តបានយ៉ាងល្អប្រសើរជាមួយនឹងការដាក់នូវវិធានការរបស់អាជ្ញាធរ។

លោកអភិបាលខេត្ត បានជម្រាបដល់ប្រតិភូថា ខេត្តសៀមរាបបានអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលជាប្រចាំដោយបានធ្វើតេស្តជនសង្ស័យរកជំងឺកូវីដ១៩ សរុបបានចំនួន៧១៩ករណី (ស្រី២៧០នាក់)។ ការធ្វើតេស្តជនសង្ស័យសំណាកអវិជ្ជមានចំនួន ៧១២នាក់ (ស្រី២៦៩នាក់) និងតេស្ដសំណាកវិជ្ជមានចំនួន ៧ករណី (ស្រី្ត១នាក់) ក្នុងនោះរួមមាន៖

* ជនជាតិខែ្មរចំនួន ៥នាក់
* ជនជាតិឥណ្ឌូនេស៊ីចំនួន ២នាក់ ព្រមទាំងបានព្យាបាលជាសះស្បើយទាំងអស់។

លោកក៏បានបញ្ជាក់បន្ថែមថា ខេត្តបានទទួល និងដឹកជញ្ជូនប្រជាពលរដ្ឋខ្មែរ ដែលវិលត្រឡប់ពីក្រៅប្រទេស (ប្រទេសថៃ) នៅតាមច្រកព្រំដែនកម្ពុជា-ថៃ ដូចជាច្រកអន្តរជាតិប៉ោយប៉ែត, ច្រកអូរបីជាន់, ច្រកដូង, និងច្រកអូរស្មាច់ ព្រមទាំងបានបញ្ជូនមកកាន់ទីតាំងមណ្ឌលត្រួតពិនិត្យសុខភាព ខេត្តស្ថិតនៅសាលាគរុកោសល្យ និងវិក្រឹតការខេត្ត ដើម្បីឱ្យក្រុមគ្រូពេទ្យ ពិនិត្យ និងតាមដានសុខភាព មុននឹងបញ្ជូនទៅទីតាំងចត្តាឡីស័ករយៈពេល ១៤ថ្ងៃ នៅតាមមូលដ្ឋានរបស់ខ្លួន ដោយគិតត្រឹម ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ មានចំនួន៨៩២នាក់ ព្រមទាំងបានរៀបចំទីតាំងចត្តាឡីស័ករយៈពេល ១៤ថ្ងៃ នៅតាមបណ្ដាសាលារៀន ក្នុងភូមិសាស្ត្រ ក្រុង ស្រុក នៃខេត្តសៀមរាប សរុបចំនួន ១៣០ទីតាំង។

ម្យ៉ាងទៀត អាជ្ញាធរខេត្តក៏បានបន្តធ្វើការផ្សព្វផ្សាយ និងទប់ស្កាត់ជំងឺកូវីដ-១៩នេះ ជាប្រចាំផងដែរ ដើម្បីជៀសវាងមានរលកទី២ ដែលអាចកើតមានឡើងជាយថាហេតុ។ នេះជាបញ្ជាក់បន្ថែមរប​ស់លោក ទៀ ​សីហា៕