(កោះកុង)៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា អន្ទាក់ គឺជាឃាតកលាក់មុខដែលបានសម្លាប់សត្វព្រៃជាច្រើនរាប់មិនអស់ ហើយអន្ទាក់ចាប់សត្វព្រៃសរុបចំនួន២០ ១៧៩អន្ទាក់ ត្រូវបានដោះយកចេញពីតំបន់ការពារធម្មជាតិ ក្នុងរយៈពេល៦ខែ ក្នុងឆ្នាំ២០២០។

ការបញ្ជាក់បែបនេះ របស់លោក នេត្រ ភក្ត្រា បានធ្វើឡើងនៅក្នុងឱកាសលោកបានដឹកនាំក្រុមអ្នកសារព័ត៌មានជិត ២០ស្ថាប័ន ចុះបំពេញទស្សនកិច្ចនៅស្នាក់ការល្បាត និងទប់ស្កាត់ការកាប់ឈើ និងការបរបាញ់សត្វព្រៃខុសច្បាប់ របស់មន្ត្រីអង្គការសម្ព័ន្ធមិត្ដសត្វព្រៃ នៅស្រុកស្រែអំបិល ខេត្តកោះកុង នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០។

លោកបានបញ្ជាក់យ៉ាងដូច្នេះថា៖ «អន្ទាក់កាន់តែមានសភាពគ្រោះថ្នាក់ឡើង នៅពេលជនល្មើសបានប្រើប្រាស់អន្ទាក់ ដោយប្រើប្រាស់ចរន្តអគ្គិសនី ដើម្បីឆក់សត្វក្នុងព្រៃ ឬការប្រើសំឡេងសត្វសិប្បនិម្មិត ដើម្បីចាប់សត្វ។ អន្ទាក់ គឺជាឃាតកលាក់មុខ ដែលអាចសម្លាប់សត្វព្រៃគ្រប់ពេលវេលា ហើយអន្ទាក់ក៏ជាការគំរាមកំហែងដល់ប្រភេទសត្វមួយចំនួន ដល់ស្ថិតក្នុងប្រភេទកម្រស្រាប់ឱ្យបាត់បង់ និងផុតពូជពីលើផែនដីយើងនេះ»

លោកបន្តថា ការដោះអន្ទាក់គ្រប់ប្រភេទចេញពីតំបន់ការពារធម្មជាតិ រយៈពេល៦ខែ ឆ្នាំ២០២០ ពោលគឺចាប់ពីខែមករា ដល់ខែមិថុនា អន្ទាក់សរុបចំនួន ២០,១៧៩ អន្ទាក់ត្រូវបានដោះយកចេញ មានន័យថាបានជួយជីវិតសត្វព្រៃជាច្រើនម៉ឺនក្បាលឱ្យរួចរស់ជីវិត។ នៅឆ្នាំ២០១៩កន្លងទៅ អន្ទាក់ចំនួនជាង ៤ម៉ឺនអន្ទាក់ត្រូវបានដោះចេញពីតំបន់ការពារធម្មជាតិ។

មន្ត្រីជាន់ខ្ពស់រូបនេះ បានបញ្ជាក់ថា សម្រាប់នៅក្នុងខេត្តកោះកុង គឺជាកន្លែងដែលប្រមូលបានអន្ទាក់ និងរណាយន្តច្រើនជាងគេ ក្នុងាក្របខណ្ឌទូទាំងប្រទេស។

លោកបានបន្តថា រយៈពេល១៨ឆ្នាំ នៅតំបន់ជួរភ្នំក្រវាញនេះ អង្គការ មន្ត្រីឧទ្យាននុរក្ស និងអ្នកពាក់ព័ន្ធប្រមូលបានអន្ទាក់ ២៦,០៤៨អន្ទាក់។ តែទោះជាយ៉ាងណានៅក្នុងតំបន់ ដែលអភិរក្សរួមគ្នារវាងក្រសួងបរិស្ថាន និងអង្គការសត្វព្រៃ គឺសម្លឹងមើលឃើញថា ធនធានធម្មជាតិត្រូវបានការពារបានយ៉ាងច្រើន តាមរយៈការចុះល្បាត ការដោះអន្ទាក់ និងការអនុវត្តច្បាប់ ជាពិសេសការអប់រំ ណែនាំពីសារសំខាន់នៃសត្វព្រៃ ក៏ដូចជាធនធានធម្មជាតិ ដល់ប្រជាពលរដ្ឋមូលដ្ឋានជាដើម។

លោកបានបន្ថែមថា «ក្នុងនោះនៅក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការ រវាងក្រសួងបរិស្ថាន និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ក្នុងការការពារតំបន់ការពារធម្មជាតិ ក្នុងខេត្តកំពង់ស្ពឺ ខេត្តកោះកុង និងខេត្តពោធិសាត់ អន្ទាក់ចំនួន៣២,៣២២អន្ទាក់ ត្រូវបានដោះចេញពីតំបន់ការពារធម្មជាតិក្នុងរយៈពេល ១៨ខែចុងក្រោយនេះ ខែចាប់ពីខែមករា ឆ្នាំ២០១៩ ដល់ខែមិថុនា ឆ្នាំ២០២០»

អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា ចំពោះមុខនៃការគំរាមកំហែងរបស់អន្ទាក់លួចដាក់ ដោយក្រុមព្រានព្រៃនេះ មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន មិនត្រឹមតែចុះល្បាតដើម្បីទប់ស្កាត់បទល្មើសបំផ្លាញធនធានធម្មជាតិ ការកាប់បំផ្លាញព្រៃឈើទេ ប៉ុន្តែមន្ត្រីឧទ្យានុរក្សក៏បានដើរស្វែងរកអន្ទាក់ និងដោះចេញ និងបំផ្លាញអន្ទាក់ចោល ដើម្បីសង្គ្រោះជីវិតសត្វព្រៃផងដែរ។

លោក នេត្រ ភក្ត្រា បានបញ្ជាក់បន្ថែមទៀតថា ដើម្បីបញ្ឈប់ការបរបាញ់សត្វ បញ្ឈប់ការដាក់អន្ទាក់ ចាប់សត្វ សូមប្រជាពលរដ្ឋកុំបរិភោគសាច់សត្វ កុំជួញដូរសត្វព្រែ និងកុំជឿលើជំនឿថាបរិភោគសាច់សត្វ ឈាម ឬយកឆ្អឹងសត្វព្រៃទៅធ្វើឱសថប៉ូវម្លាំង ឬជំនួយដល់សុខភាព តែវាអាចនឹងធ្វើឱ្យបងប្អូនប្រឈមមុខនឹងគ្រោះថ្នាក់ទៅវិញ ដោយសារតែអាចមានមេរោគផ្សេងៗ។

ជាមួយគ្នានេះ លោកឱ្យដឹងថា ដើម្បីកាត់ផ្តាច់មុខរបរចូលព្រៃកាប់ឈើ និងចូលព្រៃដាក់អន្ទាក់សត្វព្រៃ បរបាញ់សត្វព្រៃ ក្រសួងបរិស្ថាន បានរៀបចំផែនការបង្កើនជីវភាពប្រជាសហគមន៍មូលដ្ឋាន ដែលរស់នៅក្នុងតំបន់ការពារធម្មជាតិ ឬនៅជុំវិញតំបន់ការពារធម្មជាតិឱ្យរីកចម្រើនឡើង តាមរយៈការជំរុញឱ្យមានការបង្កើតការងារថ្មី ក្នុងវិស័យទេសចរណ៍ធម្មជាតិ នៅក្នុងតំបន់របស់ពួកគាត់៕