(ភ្នំពេញ)៖ នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានជួបសន្ទនាតាមទូរស័ព្ទជាមួយលោក ង្វៀន ហ៊្វូជុង អគ្គលេខាធិការ នៃគណបក្សកុម្មុយនីស្ត និងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីពិភាក្សា និងផ្លាស់ប្តូរយោបល់អំពីការរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ‑១៩ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី និងកិច្ចការតំបន់ និងពិភពលោកដែលជាក្តីកង្វល់រួម។

ក្នុងឱកាសនោះដែរ លោកប្រធានរដ្ឋវៀតណាម បានជម្រាបប្រាប់ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជាថា ខេត្តតៃនីញត្រៀមទទួលនិស្សិត-សិក្ខាកាម កម្ពុជាចំនួន៥១២នាក់ ចូលទៅបន្តការសិក្សាក្នុងប្រទេសវៀតណាមវិញ ចាប់ពីពាក់កណ្តាលខែកក្កដានេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចេញផ្សាយនៅយប់នេះ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅមុននេះបន្តិច។

លោក ង្វៀន ហ៊្វូជុង ក៏បានសម្តែងការអបអរ សាទរដល់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏វាងវៃរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលទទួលបានជោគជ័យយ៉ាងធំធេងក្នុងការ ទប់ស្កាត់ និងគ្រប់គ្រងការរីករាលដាល ជំងឺកូវីដ‑១៩ ហើយកំពុងបន្តចាត់វិធានការយ៉ាងសកម្ម ដើម្បីជួយដល់ប្រជាជនកម្ពុជា ដែលកំពុងជួបការលំបាកឲ្យបានទាន់ពេលវេលា ក៏ដូចជា ស្តារសេដ្ឋកិច្ច‑សង្គមកម្ពុជា ដែលរងផលប៉ះពាល់ពីវិបត្តិនៃជំងឺកូវីដ‑១៩។

ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្តែងការអបអរសាទរចំពោះវៀតណាម ដែលរៀបចំដោយជោគជ័យតាមប្រព័ន្ធវីដេអូនូវកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ និងបានកោតសរសើររដ្ឋាភិបាលវៀតណាម ក្រោមការដឹកនាំរបស់គណបក្សកុម្មុយនីស្តវៀតណាម ដែលបានចាត់វិធានការយ៉ាងមានប្រសិទ្ធភាព ដើម្បីគ្រប់គ្រងជំងឺកូវីដ‑១៩ ហើយទន្ទឹមនេះ ក៏នៅរក្សាបានកំណើនសេដ្ឋកិច្ចខ្ពស់ជាងគេក្នុងតំបន់អាស៉ីអាគ្នេយ៍។

សម្តេចតេជោ ហ៊ុន សែន បានឆ្លៀតឱកាសនោះ អរគុណវៀតណាមដែលបានផ្តល់បរិក្ខារពេទ្យដល់កម្ពុជា ក្នុងការគ្រប់គ្រងជំងឺកូវីដ‑១៩ និងបានឯកភាពសម្រួលឲ្យនិស្សិត-សិក្ខាកាមកម្ពុជា ចូលទៅបន្តការសិក្សានៅតាមគ្រឹះស្ថានសិក្សាក្នុងប្រទេសវៀតណាមវិញ។

ថ្នាក់ដឹកនាំកំពូលទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ជិត ស្និទ្ធក្នុងភាពជាអ្នកជិតខាងល្អរវាងកម្ពុជា‑វៀតណាម ដែលត្រូវបានពង្រឹងនិងពង្រីកឱ្យមានការរីកចម្រើនជាផ្លែផ្កាលើគ្រប់វិស័យ និងផ្តល់នូវផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។

សម្តេចតេជោ បានស្នើឲ្យប្រទេសទាំងពីរបង្កើនការផ្លាស់ប្តូរព័ត៌មាន គាំទ្រគ្នាទៅវិញទៅមកក្នុងការគ្រប់គ្រងជំងឺកូវីដ‑១៩ ក៏ដូចជាជំងឺរាតត្បាតផ្សេងទៀត ព្រមទាំងបន្តសហការសម្រួលការដឹកជញ្ជូនទំនិញ និងការធ្វើដំណើរឆ្លងដែនទៅមកឲ្យបានកាន់តែងាយស្រួល ដើម្បីជំរុញពាណិជ្ជកម្មទ្វេភាគី ឲ្យកើនដល់ ៧ពាន់លានដុល្លារអាមេរិកតាមផែនការ ក៏ដូចជាទំនាក់ទំនងសេដ្ឋកិច្ច និងវិនិយោគរវាងប្រទេសទាំងពីរ។

ថ្នាក់ដឹកនាំកំពូលទាំងពីរ ក៏បានបញ្ជាក់អះអាងជាថ្មីថា នឹងបន្តសហការគ្នាយ៉ាងស្អិតរមួត ដើម្បីពូនជ្រំទំនាក់ទំនងក្នុងភាពអ្នកជិតខាងល្អប្រសើរ មិត្តភាពជាប្រពៃណី សហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងវៀតណាម ឲ្យកាន់តែរឹងមាំឡើងថែមទៀត ដោយខិតខំអនុវត្តន៍ឱ្យបានកាន់តែល្អនូវបណ្តាសេចក្តីថ្លែងការណ៍រួម និង កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ និងរៀបចំកិច្ចប្រជុំគណកម្មការចម្រុះកម្ពុជា-វៀតណាមលើកទី១៨ កិច្ចប្រជុំស្តីពីកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍក្នុងខេត្តតាមព្រំដែនកម្ពុជា-វៀតណាមលើកទី១១ នៅពេលវេលាសមស្រប។

ថ្នាក់ដឹកនាំកំពូលទាំងពីរ ថែមទាំងបានសម្តែងនូវការអបអរដ៏ខ្លាំងក្លាចំពោះការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទទួលស្គាល់សមិទ្ធផលនៃការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងប្រទេស ទាំងពីរ ដែលសម្រេចបាន៨៤% ព្រមទាំងឯកភាពពន្លឿនការដោះស្រាយបញ្ហាព្រំដែន១៦% ដែលនៅសេសសល់ ដើម្បីកសាងព្រំដែនកម្ពុជា-វៀតណាម ជាព្រំដែនសន្តិភាព ស្ថិរភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។

ថ្នាក់ដឹកនាំកំពូលទាំងពីរ សម្តែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបតិ្តការដ៏ជិតស្និទ្ធរវាងកម្ពុជា និងវៀតណាមលើបញ្ហាតំបន់ និងអន្តរជាតិ និងការបន្តគាំទ្រគ្នាទៅវិញទៅមកក្នុងក្របខ័ណ្ឌពហុភាគីដូចជាមហាអនុតំបន់មេគង្គ អាស៊ាន កិច្ចប្រជុំកំពូលអាស៉ី-អឺរ៉ុប និងអង្គការសហប្រជាជាតិ៕