(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងគ្រឿងញៀន បានជំរុញឲ្យសិក្ខាកាមទាំងអស់ ក្រោយពេលបញ្ចប់វគ្គ បណ្ដុះបណ្ដាលក្រុមគ្រូបង្គោលលើកទី១ ស្តីពីការផ្សព្វផ្សាយ បង្ការ ទប់ស្កាត់ការប្រើប្រាស់ ការជួញដូរ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន ពេលវិលទៅកាន់កងឯកភាពខ្លួនវិញ ត្រូវយកនូវចំណេះដឹងដែលខ្លួនបានសិក្សាក្នុងរយៈពេល ៣ថ្ងៃនេះ ទៅអប់រំផ្សព្វផ្សាយដល់នាយពលទាហានក្រោមឱវាទរបស់ខ្លួនឲ្យយល់ដឹងអំពីបញ្ហាគ្រោះថ្នាក់ដោយសារគ្រឿងញៀន ជាពិសេសកងកម្លាំងទាំងអស់ត្រូវដើរចៀសឲ្យឆ្ងាយពីគ្រឿងញៀន។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានលេីកឡេីងយ៉ាងដូចនេះនាថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០នេះ ក្នុងឱកាសដែលលោកបានអញ្ជេីញបិទវគ្គបណ្ដុះបណ្ដាល ក្រុមគ្រូបង្គោល លើកទី១ ស្តីពីការផ្សព្វផ្សាយ បង្ការ ទប់ស្កាត់ការប្រើប្រាស់ ការជួញដូរ និងប្រយុទ្ទ្ធប្រឆាំងគ្រឿងញៀន ដែលរៀបចំឡើងដោយគណៈកម្មការប្រយុទ្ធប្រឆាំងគ្រឿងញៀន រយៈពេល ៣ថ្ងៃចាប់តាំងពីថ្ងៃទី ០៧- ០៩ ខែកក្កដា ឆ្នាំ២០២០ នៅសាលប្រជុំធំរបស់បញ្ជាការដ្ឋានកងទ័ពជើងទឹក។

ពិធីនេះក៏មានវត្តមានចូលរួមពីសំណាក់នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងនាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងទឹក រួមទាំងសិក្ខាាមជាច្រេីនរូបផងដែរ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានប្រាប់ទៅថ្នាក់ដឹកនាំគ្រប់បណ្តាកងឯកភាពកងទ័ព ចំណុះអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទទាំងអស់ ត្រូវចាត់វិធានការភ្លាមៗ ចំពោះសកម្មភាពណាមួយដែលមានចេតនាបង្ករការចលាចលបំបែកបំបាក់ផ្ទៃងក្នុងកងទ័ព ពីសំណាក់ក្រុមប្រឆាំង ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បញ្ជាក់ថា បន្ទាប់ពីមានការបំផុសចលនាប្រឆាំង ញុះញង់បំបែកបំបាក់ផ្ទៃក្នុង រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសការញុះញង់បំបែកបំបាក់ផ្ទៃក្នុងកងទ័ពពីសំណាក់ក្រុមអ្នកប្រឆាំងមួយក្តាប់តូច តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គមជាដើម ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានលើកឡើងទៀតថា កត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ ការរស់នៅជួបជុំក្រុមគ្រួសារ និងធ្វើឱ្យប្រទេសមានការអភិវឌ្ឍជឿនលឿន ដូចបច្ចុប្បន្ននេះ គឺដោយសារនយោបាយឈ្នះ ឈ្នះ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ។ ដូច្នេះសន្តិភាពមានតម្លៃកាត់ថ្លៃមិនបាន ហើយសន្តិភាព គឺជាលក្ខខណ្ឌចាំបាច់បំផុតក្នុងការការកសាង និងការអភិវឌ្ឍសង្គមជាតិឱ្យមានការរីកចម្រើន ។ បើគ្មានសន្តិភាព ក៏គ្មានការអភិវឌ្ឍ ហើយបើគ្មានសន្តិភាព ក៏គ្មានលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សដែរ ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានពាំនាំនូវប្រសាសន៍របស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ ៣ចំណុចប្រាប់ដល់ថ្នាក់ដឹកនាំ បណ្តាលអង្គភាពទ័ពទាំងអស់ រួមនិងសិក្ខាកាមក្នុងវគ្គបណ្ដុះបណ្ដាលគ្រូបង្គោល ដើម្បីជួយផ្សព្វផ្សាយអប់រំ អំពីបញ្ហាគ្រឿងញៀនលើកទី១ ថា មុននឹងបើកកិច្ចប្រជុំផ្សព្វផ្សាយការងារអ្វីមួយ នៅតាមសាលាហ្វឹកហ្វឺន ឬតាមអង្គភាព ថ្នាក់ដឹកនាំទាំងអស់ត្រូវផ្សព្វផ្សាយឲ្យនាយ ពលទាហាន ថ្នាក់ក្រោមរបស់ខ្លួនបានយល់អំពីប្រការទាំង៣ ចំណុចនេះដែលរួមមានទី១៖ អរគុណសន្តិភាព, ទី២ អរគុណនយោបាយឈ្នះ ឈ្នះ និងទី៣៖ ដឹងគុណស្ថាបនិក មគ្គទេសដ៍ឆ្នើម និងប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ ដែលបាននាំមកសន្តិភាពយ៉ាងពេញលេញជូនដល់ប្រទេសជាតិ និងប្រជាជន។

ជាមួយគ្នានេះដែរ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានក្រើនរំលឹក និងណែនាំដល់ថ្នាក់ដឹកនាំបណ្តាលអង្គភាពចំណុះអគ្គបញ្ជាការទាំងអស់ ត្រូវត្រៀមលក្ខណៈ​សម្បត្តិ

គ្រប់ពេលវេលា ដើម្បីរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងពេលមានគ្រោះមហន្តរាយផ្សេងៗ ជាយថាហេតុ។ លោកក៏បានលើកយក​សភាពការណ៍ក្រៅតំបន់ និងក្នុងតំបន់ប្រាប់ទៅដល់ថ្នាក់ដឹកនាំកងទ័ពទាំងអស់ឱ្យបានជ្រាប ព្រមទាំងក្រើនរំឮកឱ្យតាមដានព័ត៌មានទាំងនេះ ជាពិសេសពិភពលោកក្នុងបរិបទរាតត្បាតវីរុសឆ្លងកូវីដ-១៩ និងការប្រែប្រួលនយោបាយការទូតជាដើម។

នាយឧត្តមសេនីយ៍ ក៏បានសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងមេបញ្ជាការកងទ័ពជើងទឹក ព្រមទាំងក្រុមគ្រូ​ជំនាញ​ទាំងអស់ដែលបានផ្ដល់ឱកាសនិងពេលវេលា ជួយបង្ហាត់បង្រៀននូវជំនាញនេះដល់ក្រុមការងារ​គណៈកម្មការប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់អគ្គបញ្ជាការ រហូតដល់ពេល​បញ្ចប់វគ្គប្រកបដោយជោគជ័យ៕