(ភ្នំពេញ)៖ ចាប់ពីខែកញ្ញា ឆ្នាំ២០២០នេះតទៅ អ្នកផ្ទេរកម្មសិទ្ធិយានជំនិះនឹងលែងលំបាក លែងស្មុគស្មាញដូចពេលបច្ចុប្បន្នទៀតហើយ។ ក្រសួងសាធារណការ និងដឹកជញ្ជូន បានសហការគ្នាជាមួយអគ្គនាយកដ្ឋានពន្ធដារ តភ្ជាប់ប្រព័ន្ធផ្ទេរកម្មសិទ្ធិទៅនឹងប្រព័ន្ធបង់ពន្ធ ដែលអនុញ្ញាឱ្យការផ្ទេរកម្មសិទ្ធិ និងការបង់ពន្ធធ្វើនៅកន្លែងតែមួយមិនចាំបាច់ស្ពាយឯកសាររត់ចុះឡើងទៀតនោះឡើយ។

ក្រសួងសាធារណការ និងដឹកជញ្ជូន និងអគ្គនាយកដ្ឋានពន្ធដាររបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានជជែកគ្នាជាច្រើនខែមកហើយ ដើម្បីដោះស្រាយបញ្ហាស្មុគស្មាញលើសេវាកម្មផ្ទេរកម្មសិទ្ធិយានយន្ត។ នៅថ្ងៃថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានជួបប្រជុំពិភាក្សាការងារជាថ្មីទៀតជាមួយលោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ដើម្បីជជែកអំពីកិច្ចសហប្រតិបត្តិការតភ្ជាប់ប្រព័ន្ធផ្ទេរកម្មសិទ្ធិយានជំនិះរួមគ្នា និងពិនិត្យទៅលើសេចក្តីព្រាងប្រកាសអន្តរក្រសួងស្តីពី បែបបទ និងនីតិវិធីនៃការផ្ទេរកម្មសិទ្ធិយានជំនិះនេះ។

ជំនួបប្រជុំពិភាក្សានេះ ធ្វើឡើងក្នុងគោលបំណងពិនិត្យទៅលើលំហូរនីតិវិធីក្នុងការផ្តល់សេវាផ្ទេរកម្មសិទ្ធិយានជំនិះ និងបង់ពន្ធប្រថាប់ត្រាផ្ទេរកម្មសិទ្ធិយានជំនិះរួមគ្នា ដោយប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្ម របស់ក្រសួងសាធារណការ និងដឹកជញ្ជូន តភ្ជាប់ជាមួយប្រព័ន្ធបច្ចេកវិទ្យារបស់អគ្គនាយកដ្ឋានពន្ធដារ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋ ក្នុងដាក់ពាក្យផ្ទេរកម្មសិទ្ធិយានជំនិះ បង់សេវា និងបង់ពន្ធប្រថាប់ត្រា ក្នុងពេលតែមួយ នៅទីតាំងផ្តល់សេវាតែមួយ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ឱ្យបានលឿនរហ័ស កាត់បន្ថយពេលវេលា និងនីតិវិធីស្មុគស្មាញក្នុងការផ្តល់សេវាផ្ទេរកម្មសិទ្ធិយានជំនិះ និងបង់ពន្ធប្រថាប់ត្រា។

បច្ចុប្បន្នការផ្ទេរកម្មសិទ្ធិយានជំនិះមានស្មុគស្មាញច្រើនលើនីតិវិធី និងការបំពេញឯកសារផ្សេងៗ។ ម្ចាស់យានជំនិះត្រូវស្ពាយឯកសាររត់ចុះឡើងជាច្រើនស្ថាប័នទម្រាំរួចរាល់។ យ៉ាងហោចណាស់ក្រោយការបំពេញឯកសារតម្រូវនានានៅក្រសួងសាធារណការរួចរាល់ហើយ ម្ចាស់យានយន្តត្រូវរត់ទៅអគ្គនាយកដ្ឋានពន្ធដារ ពេលបង់ពន្ធរួចរាល់ត្រូវរត់យកលិខិតស្នាមបង់ពន្ធមកបង្ហាញមន្ត្រីក្រសួងសាធារណការវិញ ទើបចប់សព្វគ្រប់លើនីតិវិធីផ្ទេរកម្មសិទ្ធិនេះ។

ព្រោះតែភាពស្មុគស្មាញទាំងនេះហើយ ទើបធ្វើឱ្យការទិញដូរយានយន្តនាពេលកន្លងទៅ មិនសូវជាមានអ្នកចត់ផ្ទេរកម្មសិទ្ធិរវាងម្ចាស់ចាស់ និងម្ចាស់ថ្មីនោះឡើយ។ ការមិនផ្ទេរកម្មសិទ្ធិនេះនាំដល់ភាពស្មុគស្មាញជាច្រើន ពេលបញ្ហាចរាចរណ៍ ឬបទល្មើសផ្សេងៗ។

ការប្រឹងប្រែងធ្វើប្រព័ន្ធស្វ័យប្រវត្តកម្មផ្ទេសកម្មសិទ្ធិយានយន្ត របស់ក្រសួងសាធារណការ និងការចងភ្ជាប់បណ្តាញជាមួយអគ្គនាយកដ្ឋានពន្ធដារ អាចជាការបោះជំហ៊ានជាវិជ្ជមានថ្មីមួយទៀត ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ គឺ «ធ្វើឱ្យមានតម្លាភាព មានប្រសិទ្ធភាព និងឱ្យបានឆាប់រហ័ស» តាមរយៈគំនិតផ្តួចផ្តើមរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមការដឹកនាំរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ស្របតាមគោលនយោបាយកំណែទម្រង់ក្នុងការផ្តល់សេវាសាធារណៈ របស់រាជរដ្ឋាភិបាល និង អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងលោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល មានសង្ឃឹមយ៉ាងមុតមាំថា បច្ចេកទេសផ្តល់សេវាតាមលំហូរចរន្តការងារដំណើរការផ្ទេរកម្មសិទ្ធិយានជំនិះតាមប្រព័ន្ធបច្ចេកវិទ្យានេះ នឹងដំណើរការទៅបានយ៉ាងរលូន និងចូលរួមចំណែកយ៉ាងសំខាន់ទៅដល់ការពង្រឹងនូវការគ្រប់គ្រង ការផ្តល់សេវាសាធារណៈ ការគ្រប់គ្រងមធ្យោបាយធ្វើដំណើរ និងការគ្រប់គ្រងទិន្នន័យសន្តិសុខជាតិ ព្រមទាំងជួយពង្រឹងនូវការប្រមូលចំណូលសារពើរពន្ធផងដែរ។

សូមជម្រាបថា ការផ្ទេរកម្មសិទ្ធិយានជំនិះ និងបង់ពន្ធប្រថាប់ត្រា នឹងត្រូវបានអនុវត្តនៅកន្លែងតែមួយ តាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្ម ដោយប្រជាពលរដ្ឋអាចធ្វើការដាក់ពាក្យ ONLINE តាមរយៈគេហទំព័រ vehicle.mpwt.gov.kh ឬអាចមកកាន់ទីតាំងផ្តល់សេវាផ្ទាល់ដើម្បីមន្ត្រីជំនាញធ្វើការបំពេញសំណុំបែបបទជូន រួចធ្វើការបងប្រាក់សេវាជាមួយគ្រឹះស្ថានហិរញ្ញវត្ថុជាដៃគូ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

នីតិវិធីរួមនៃការផ្ទេរកម្មសិទ្ធិយានជំនិះនេះ ត្រូវកំណត់ដោយប្រកាសអន្តរក្រសួងរវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គ្រោងសម្រេចផ្តល់សុពលភាព និងដាក់ឱ្យប្រើប្រាស់ នៅក្នុងខែកញ្ញា ឆ្នាំ២០២០ ខាងមុខនេះ៕