(ភ្នំពេញ)៖ ការអភិវឌ្ឍធនធានមនុស្សគឺជាភាពចាំបាច់បំផុត ដើម្បីធ្វើឲ្យប្រទេសជាតិនីមួយៗមានការរីកចម្រើនបានយ៉ាងឆាប់រហ័ស និងប្រកបដោយគុណភាព។ តួរយ៉ាងសម្ដេចតេជោនាយករដ្ឋមន្រ្តីនៃកម្ពុជា បានចាត់ទុកវិស័យអប់រំ ជាវិស័យដ៏មានអាទិភាពបំផុតក្នុងការអភិវឌ្ឍប្រទេសកម្ពុជា និងដើរពីក្រោយដោយវិស័យហេដ្ឋារចនាសម្ព័ន្ធ ការផ្គត់ផ្គង់ទឹក និងអគ្គិសនី។

គោលដៅនៃការអភិវឌ្ឍប្រទេសរបស់កម្ពុជា ដែលផ្ដោតសំខាន់ទៅលើការអភិវឌ្ឍវិស័យអប់រំនេះ បានធ្វើឲ្យយុវជនកម្ពុជាមានឱកាសក្នុងសិក្សាយ៉ាងសម្បូរបែប។ ការសិក្សានោះរួមមានទាំងការសិក្សានៅក្នុងប្រទេស និងការសិក្សានៅបរទេស។ និស្សិតខ្មែរមិនតិចទេ ដែលបានសិក្សា និងកំពុងសិក្សានៅឯបរទេស មិនថានៅក្នុងតំបន់អាស៊ាន នៅអាស៊ី នៅអឺរ៉ុប ឬនៅអាមេរិកឡើយ។

តួយ៉ាងប្រទេសចិនជាប្រទេសមួយនៅក្នុងចំណោមប្រទេសជាច្រើនទៀត ដែលតែងតែផ្ដល់អាហាររូបករណ៍ដល់និស្សិតខ្មែរ ទៅសិក្សាដោយឥតបង់ប្រាក់។ ជាក់ស្ដែងនៅក្នុងពេលបច្ចុប្បន្ននេះ មាននិស្សិតខ្មែរប្រមាណជាង២ពាន់នាក់ កំពុងបន្តការសិក្សា និងបញ្ចប់ការសិក្សាក្នុងមួយឆ្នាំៗប្រមាណជាង៣០០នាក់នៅប្រទេសចិន។ នេះបើតាមរបាយការណ៍ពីសមាគមនិស្សិតកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិន។

ក្នុងនាមជានិស្សិតខ្មែរ ដែលកំពុងសិក្សានៅប្រទេសចិនក្នុងខេត្តហ្គ័ងស៊ី កញ្ញា តាំង ស៊ូហួង បានឲ្យដឹងថា ដោយសារតែប្រទេសចិន និងកម្ពុជា មានទំនាក់ទំនងគ្នាជាយូរមកហើយ ទើបជម្រុញឲ្យកញ្ញាចង់យល់ដឹងបន្ថែមពីប្រទេសចិន រហូតសម្រេចចិត្តប្រឡងយកអាហាររូបករណ៍ទៅសិក្សានៅប្រទេសចិន។

បច្ចុប្បន្នកញ្ញា តាំង ស៊ូហួង កំពុងសិក្សាថ្នាក់បរិញ្ញាប័ត្រជំនាញ សេដ្ឋកិច្ចពាណិជ្ជកម្មអន្តរជាតិ ឆ្នាំទី២ នៅក្នុងសាកលវិទ្យាល័យហ្គ័ងស៊ី។ នៅទីនោះកញ្ញាមានតួនាទីជាប្រធានសមាគមន៍និស្សិតខ្មែរ ប្រចាំខេត្តហ្គ័ងស៊ី។ ក្រោយពីបានសិក្សានៅទីនោះរយៈពេល២ឆ្នាំ កញ្ញាយល់ឃើញថា ប្រជាជនចិន មានភាពរុសរាយរាក់ទាក់ជាមួយនិស្សិតជនជាតិខ្មែរយ៉ាងខ្លាំង។ ជាពិសេសលោកគ្រូអ្នកគ្រូ ដែលបង្រៀននៅឯសាលា។ ភាពកក់ក្ដៅដែលកញ្ញាទទួលបានពីប្រជាជន និងសាស្រ្តាចារ្យជនជាតិចិននៅទីនោះ បានធ្វើឲ្យនិស្សិតកម្ពុជាវ័យក្មេងមួយរូបនេះ ទទួលបានអារម្មណ៍ប្រៀបដូចជារស់នៅជាក្រុមគ្រួសារនៅឯស្រុកកំណើត។

យ៉ាងណាមិញកញ្ញា តាំង ស៊ូហួង នៅតែចង់ត្រឡប់មកប្រទេសកម្ពុជាវិញក្រោយពីបញ្ចប់ការសិក្សា។ ត្រឡប់មកវិញ ក៏ព្រោះតែកញ្ញាចង់មកជួយអភិវឌ្ឍន៍ទេសកម្ពុជា។

កញ្ញា តាំង ស៊ូហួង បញ្ជាក់៖ «នៅពេលដែលខ្ញុំបញ្ចប់ការសិក្សារ ខ្ញុំចងើមកធ្វើការនៅប្រទេសយើងវិញ ដើម្បីជួយអភិវឌ្ឍន៍ប្រទេសយើង ឲ្យក្លាយជាប្រទេសមួយដ៏រឹងមាំ និងជឿនលឿន ហើយមានសេដ្ឋកិច្ចពាណិជ្ជកម្មដូចប្រទេសធំៗ។ ជាចុងក្រោយនាងខ្ញុំសូមអរគុណដល់រាជ រដ្ឋាភិបាលនៃប្រទេសទាំងពីរ ទាំងប្រទេសកម្ពុជា និងប្រទេសចិន ដែលបានផ្ដល់ឱកាសឲ្យនិស្សិត រូបខ្ញុំផ្ទាល់ ក៏ដូចជានិស្សិតខ្មែរទាំងអស់ដែលបានទៅសិក្សានៅប្រទេសចិននេះ ឲ្យមានឱកាសចាប់យកនូវអ្វីដែលថ្មី អ្វីដែលមានប្រយោជន៍ យកមកអភិវឌ្ឍន៍ខ្លួនឯងក៏ដូចជាប្រទេសជាតិ។ នាងខ្ញុំសង្ឃឹមថា ចំណងមិត្តភាពរវាងកម្ពុជានិងចិន មានភាពស្អិតរមួរទៅមុខទៀតជានិច្ច។ ពីព្រោះពួកខ្ញុំបើសិនជាមិនមានចំណងមិត្តភាពនៃប្រទេសទាំង២ទេ ពួកខ្ញុំក៏គ្មានថ្ងៃនេះដែរ»

ក្រៅពីទៅបន្តការសិក្សារដើម្បីក្រេបជញ្ជក់នូវចំណេះដឹងថ្មីៗពីវិស័យអប់រំនៅក្នុងប្រទេសចិន និស្សិតកម្ពុជា ក៏បានបញ្ជ្រាបនូវវប្បធម៌ និងប្រវត្តិសាស្រ្តកម្ពុជា ទៅកាន់ប្រជាជនចិនវិញផងដែរ។ ដែលកត្តាទាំងអស់នេះ បានធ្វើឲ្យប្រជាជនចិនគ្រប់ស្រទាប់វណ្ណៈ អាចទទួលព័ត៌មានពីប្រទេសកម្ពុជា តាមរយៈនិស្សិតកម្ពុជា ដែលកំពុងសិក្សានៅទីនោះ។

តួរយ៉ាងលោក ញិល សូវៀត ប្រធានសមាគមន៍និស្សិតខ្មែរ ប្រចាំខេត្តយូណាន ប្រទេសចិន ដែលមានតួរនាទីជាតំណាងនិស្សិតខ្មែរ២១៥នាក់នៅទីនោះ បានឲ្យដឹងថា ក្រុមនិស្សិតកម្ពុជាទាំងអស់ តែងតែចូលរួមបង្ហាញវប្បធម៌ខ្មែរ តាមរយៈកម្មវិធីដែលរៀបចំដោយសាលា និងកម្មវិធីខ្លីៗជាច្រើនទៀត។ តាមរយៈការជួយជ្រោមជ្រែងពីសំណាក់ស្ថានឯកអគ្គរាជទូត អគ្គកុងស៊ុលខ្មែរប្រចាំខេត្តយូណា ព្រមជាលោក ហ៊ុន ម៉ាណែត និងលោក ហ៊ុន ម៉ានី។

លោក ញិល សូវៀត បញ្ជាក់យ៉ាងដូច្នេះ៖ «នៅខែ៤យើងដឹងហើយថាប្រទេសខ្មែរយើងមានកម្មវិធីចូលឆ្នាំខ្មែរ ទោះបីនិស្សិតខ្មែរយើងទៅដល់ប្រទេសចិនក៏ដោយ យើងមិនដែលភ្លេចទេនូវវប្បធម៌ប្រពៃណីរបស់យើងគឺកម្មវិធីចូលឆ្នាំខ្មែរ។ ហើយកម្មវិធីចូលឆ្នាំខ្មែរនេះផងដែរ ក៏មានការចូលរួមសហការណ៍ពីនិស្សិត ស្ថានអគ្គកុងស៊ុលប្រចាំព្រះរាជាចក្រកម្ពុជា នៅក្នុងទីក្រុងឃុនមីង ក៏ដូចជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្រុស ហ៊ុន ម៉ាណែត ក៏ដូចជាបងប្រុស ហ៊ុន ម៉ានី ផងដែរ។ ដែលលោកតែងតែផ្ដល់នូវថវិកាមកពួកយើងដើម្បីប្រារព្ធពិធីចូលឆ្នាំខ្មែរ។ ហើយពិធីចូលឆ្នាំខ្មែរនៅទីនោះយើងបានប្រារព្ធយ៉ាងអធិកអធមមែនទេ។ ដោយបានអញ្ជើញអគ្គកុងស៊ុលប្រទេសផ្សេងៗចំនួន១០ប្រទេស ក្នុងអាស៊ានយើង ក៏ដូចជាថ្នាក់ដឹកនាំរបស់សាលានីមួយៗ មកចូលរួមកម្មវិធីរបស់យើង។ ដែលយើងជាម្ចាស់ផ្ទះនៅក្នុងកម្មវិធីចូលឆ្នាំខ្មែរ។ ដើម្បីឲ្យបរទេសបានស្គាល់ថា វប្បធម៌ខ្មែរយើងយ៉ាងមិច ហើយគាត់បានចូលលេងល្បែងប្រជាប្រិយខ្មែរយើងជាមួយនិស្សិតខ្មែរយើង ក៏ដូចជារាំវង់ រាំក្បាច់ សាររ៉ាវ៉ាន់ ឡាំលាវជាដើម។

និស្សិតកម្ពុជា ដែលកំពុងសិក្សានៅប្រទេសចិន ក្រៅពីការផ្សព្វផ្សាយវប្បធម៌ជាតិខ្លួនក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ក៏បានចូលរួមផ្សព្វផ្សាយវប្បធម៌របស់ខ្លួននៅក្នុងកម្មវិធីខ្លីៗជាច្រើនថែមទៀតផង។ ដែលនេះសបញ្ជាក់ថា ទោះពលរដ្ឋខ្មែរនៅទីណា ក៏មិនភ្លេចពីប្រពៃណីវប្បធម៌របស់ខ្លួនឡើយ។

ម្យ៉ាងវិញទៀត ក្រៅពីការក្រៅពីការផ្សព្វផ្សាយវប្បធម៌ជាតិខ្លួន និស្សិតកម្ពុជា ក៏បានសិក្សាអំពីវប្បធម៌ប្រពៃណី ទំនៀមទំលាប់ របស់ប្រជាជនចិននៅតាមតំបន់ថែមទៀតផង។ តួរយ៉ាងលោក ញិល សូវៀត ដែលជាបេក្ខបណ្ឌិតដែលកំពុងសិក្សានៅខេត្តយូណា បានឲ្យដឹងបន្តថា ខេត្តយូណាន ខេត្តនៅភាគខាងត្បូងនៃប្រទេសចិន និងជាខេត្តដែលពឹងផ្អែកលើវិស័យកសិកម្ម ដែលអាចផ្គត់ផ្គង់ដល់ប្រទេសចិនទាំងមូល ហើយអ្វីផលិតកសិកម្មដែលល្បីជាងគេនៅក្នុងខេត្តយូណានេះគឺតែ។

លោក ញិល សូវៀត បញ្ជាក់ថា៖ «ចំពោះរឿងដែលល្បីជាងគេគឺតែ។ តែនៅខេត្តយូណា គឺជាតែមួយដែលទទួលស្គាល់ថាជាតែដែលល្អ និងល្បីឈ្មោះខ្លាំងបំផុត។ ចំពោះតែដែលល្បីនៅក្នុងខេត្តយូណា គឺឈ្មោះតែភូអ័រ។ ភូអ័រ គឺជាប្រភេទតែមួយដែលដាំនៅតំបន់ឈីងតាវ ដែលជាតំបន់ភ្នំមួយកន្លែង ដែលមានដើមតែមានអាយុកាលរាប់រយរាប់ពាន់ឆ្នាំមកហើយ ហើយមានដើមតែខ្លះ មានទំហំរហូតដល់មនុស្ស៣នាក់ទើបអោបជុំ។ ដូច្នេះមានន័យថាគេមិនមែនដើរបេះតែទេ តែគេត្រូវឲ្យមនុស្សឡើងបេះ ដោយមុនប្រើម៉ាស៊ីនបេះនោះទេ។ ចំណែកឯតម្លៃរបស់តែ គឺមានតម្លៃដល់រាប់ម៉ឺនដុល្លារឯណោះក្នុងមួយគីឡូក្រាម»

តាមរយៈការចូលរួមផ្សព្វផ្សាយវប្បធម៌ពីសំណាក់និស្សិតខ្មែរដែលកំពុងសិក្សារនៅសាធារណរដ្ឋប្រជាមានិតចិន បានបង្ហាញពីស្មារតីសាមគ្គីភាព ភាតរភាព រវាងនិស្សិតខ្មែរនៅគ្រប់ខេត្តនៃសាធារណរដ្ឋប្រជាមានិតចិន ដែលមិនខុសពីពាក្យចាស់លោកពោលថា«នៅផ្ទះម្ដាយទីទៃ នៅព្រៃម្ដាយតែមួយ»ឡើយ។ ការសាមគ្គីគ្នានេះ ក៏ព្រោះមានការជួយជ្រោមជ្រែងពីសំណាក់ស្ថានឯកអគ្គរាជទូត និងកុងស៊ុលកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន ព្រមជាមួយលោក ហ៊ុន ម៉ាណែត លោក ហ៊ុន ម៉ានី និងលោកឧកញ៉ា គិត ម៉េង ដែលតែងតែជួយឧបត្ថម្ភជាថវិកា លើកិច្ចការផ្សព្វផ្សាយពីវប្បធម៌ខ្មែរ និងការសិក្សានៅប្រទេសចិន ដល់និស្សិតខ្មែរដែលកំពុងសិក្សានៅទីនោះ។

តាមរយៈជំនួយទាំងនោះក្រុមនិស្សិតខ្មែរដែលសិក្សានៅមហាយក្សចិន បានបង្កើតជា «សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន»។ សមាគមននេះមានតួរនាទីក្នុងការផ្សព្វផ្សាយវប្បធម៌ខ្មែរ និងដើម្បីចូលរួមផ្សព្វផ្សាយពីអាហាររូបករណ៍ដែលមាននៅក្នុងប្រទេសចិនទៅដល់សិស្សនិស្សិតខ្មែរដែលចង់សិក្សារនៅទីនោះ។ ជាពិសេសគឺដើម្បីជួយទុក្ខធុរៈគ្នាទៅវិញទៅមក ក្នុងនាមជាពលរដ្ឋខ្មែរទៅសិក្សានៅបរទេស។ នេះបើតាមការបញ្ជាក់ពីលោក អ៊ុ វុទ្ធទី ស្ថានិកសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន។

លោក អ៊ុ វុទ្ធទី បញ្ជាក់យ៉ាងដូច្នេះ៖ «ជាការពិតណាស់សមាគមនយើងនេះក្នុងមួយឆ្នាំៗនិស្សិតយើងដែលបញ្ចប់ការសិក្សារនៅប្រទេសចិន គឺចន្លោះពី៣០០នាក់ទៅ៣៥០នាក់។ ហើយចំនួននិស្សិតដែលទៅបន្តការសិក្សាវិញ គឺអាចចន្លោះពី៣០០ទៅ៤៥០នាក់ ក្នុងមួយឆ្នាំ។ អីចឹងសមាគមនយើងនេះ មិនត្រឹមតែជួយផ្សព្វផ្សាយអាហាររូបករណ៍ និងស្វែងរកឱកាសទៅសិក្សារនៅប្រទេសចិន តែតាមរយៈការផ្សព្វផ្សាយពីក្រុមការងារយើង ក៏ដើម្បីជួយផ្ដល់ព័ត៌មានដល់និស្សិតយើង ដាក់អាហាររូបករណ៍ទៅប្រទេសចិន។ ហើយការផ្សព្វផ្សាយកន្លងមកនេះយើងក៏មានការគាំទ្រផ្ទាល់ពីស្ថានទូចិនប្រចាំប្រទេសកម្ពុជាផងដែរ។ ហើយកន្លងមកសមាគមនយើង ក៏ធ្លាប់បានធ្វើសិក្ខាសាលា នៅតាមសាកលវិទ្យាល័យមួយចំនួននៅក្នុងប្រទេសកម្ពុជាយើង។ ហើយយើងនឹងគ្រោងសិក្ខាសាលាផ្សេងៗទៀតនៅតាមបណ្ដារខេត្តនិងសាកលវិទ្យាល័យផ្សេងៗ ដើម្បីជួយផ្សព្វផ្សាយអំពីឱកាសសិក្សានៅក្នុងប្រទេសចិន ហើយទាំងនោះគឺសុទញធសឹងតែជាអាហាររូបបករណ៍ដែលរដ្ឋភិបាលចិន ជួយតាមរយៈរដ្ឋាភិបាលកម្ពុជាយើង»

ដើម្បីទទួលបានអាហាររូបករណ៍ទៅសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន និស្សិតកម្ពុជា អាចមានជម្រើសច្រើនក្នុងការជ្រើសរើស។ ទាំងការដាក់ពាក្យតាមគេហទំព័ររបស់ក្រួសួងអប់រំកម្ពុជា ឬអាចដាក់ពាក្យប្រឡងយកអាហាររូបបករណ៍តាមរយៈសាកលវិទ្យាល័យនានា ក្នុងប្រទេសចិនដោយផ្ទាល់។ តើដើម្បីអាចដាក់អាហាររូបករណ៍ទៅសិក្សានៅប្រទេសចិនបាន? លោក ណុប វាសនា ប្រធានសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិនបានបកស្រាយថា...៖ «សម្រាប់សិស្សដែលគាត់មានបំណងដើម្បី ចាប់យកអាហាររូបករណ៍ទៅសិក្សានៅប្រទេសចិននេះ គឺដំបូងគាត់ត្រូវត្រៀមខ្លួនជាមុន ឧទាករណ៍ថា បើគាត់ជ្រើសរើសរៀនជាភាសាចិន គឺគាត់ត្រូវត្រៀមនូវភាសាចិន ដើម្បីឲ្យមានគ្រឹះខ្លះនៅពេលដែលគាត់ចាប់ផ្ដើមសិក្សានៅប្រទេសចិន។ ហើយក៏ដូចជាតាមដាននូវនិតិវិធីនៃការដាក់អាហាររូបករណ៍។ ចំណុចសំខាន់ៗនៃការដាក់អាហាររូបករណ៍នេះគឺ ត្រូវបំពេញបែបបទរបស់គាត់ ដូចជាសញ្ញាប័ត្របញ្ចប់ការសិក្សារបស់គាត់ បរិញ្ញាប័ត្រ ឬថ្នាក់អនុបណ្ឌិត ដើម្បីគាត់អាចទៅបន្តសិក្សាថ្នាក់កម្រិតលើទៀត។ ហើយបន្ទាប់មកពីគឺការពិនិត្យសុខភាព ហើយពិន្ទុកការសិក្សារបស់គាត់ត្រូវខ្ពស់ៗ ដើម្បីមានឱកាសឲ្យខាងសាលាគេជ្រើសរើសយកគាត់បាន។ នេះជាការបំពេញតាមរយៈOnline។ សម្រាប់អាហាររូបករណ៍តាមរយៈក្រសួងអប់រំ គឺមានការប្រឡង ដោយរៀងរាល់ឆ្នាំក្រសួងរបស់យើងតែងតែមានការប្រឡងទាំងថ្នាក់បរិញ្ញាប័ត្រ ថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិត គឺមានការរើសចន្លោះពី១០០ទៅជាង១០០នាក់។ ដែលការប្រឡងនេះគឺធ្វើឡើងដើម្បីស្វែងរកនិស្សិតដែលបានប្រឡងបាននិទេសខ្ពស់ទៅរៀន។ តាមដែរខ្ញុំបានដឹងប្រទេសចិនឥលូវគេនឹងរឹតបន្តឹងទៅលើភាសាចិន ដូច្នេះរាល់សិស្សដែលមានឱកាសទៅរៀនគាត់គួរតែទៅរៀនភាសាចិន យ៉ាងហោចណាស់ក៏បានប្រឡង HSK3 ដែរ។

ក្រៅពីការផ្ដល់អាហាររូបករណ៍ដល់និស្សិតខ្មែរ រដ្ឋាភិបាលនៃប្រទេសមិត្តដែកថែបមួយនេះក៏បានបង្កើតវិទ្យាស្ថានខុងជឺ នៅក្នុងប្រទេសកម្ពុជាទៀតផង។ វិទ្យាស្ថានខុងជឺ ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០០៩ ក្រោមកិច្ចសហប្រតិបត្តិការរវាងរាជបណ្ឌិត្យសភាកម្ពុជា និងវិទ្យាស្ថានខុងជឺកណ្ដាល/ហាន់ប៉ាន់ ព្រមជាមួយសកលវិទ្យាល័យជីវជាំង ជាដៃគូសហការផ្ទាល់។ វិទ្យាស្ថាននេះ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ក្រោមអធិបតីភាពសម្ដេចវិបុលបញ្ហា សុខ អាន រួមជាមួយលោក ស៊ី ជីនភីង ដែលកាលនោះ លោកជាអនុប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន។

យោងតាមកញ្ញា វុធ សុភក្រណា ប្រធានវិទ្យាស្ថានខុងជឺនៅកម្ពុជា បានឲ្យដឹងថា វិទ្យាស្ថាននេះបង្កើតឡើងនៅលើបេសកម្មចំនួន៨ ក្នុងនោះរួមមាន៖

* បណ្ដុះបណ្ដាល ធនធានអ្នកចេះភាសាចិនគ្រប់កម្រិត ដោយវិទ្យាស្ថានមានបង្រៀនភាសាចិនពីថ្នាក់ដំបូងដល់ថ្នាក់ឧត្តមសិក្សា
* ផ្ដល់អាហាររូបករណ៍ និងជួយស្វែងរកការងារជូនសិស្សានុសិស្សកម្ពុជា
* ផ្ដល់លទ្ធភាពឲ្យនិស្សិតកម្ពុជា ចិនមកហាត់ការ
* ជាស្ពានក្នុងការផ្លាស់ប្ដូរវប្បធម៌កម្ពុជា-ចិន
* បកប្រែ និងបោះពុម្ភផ្សាយសៀវភៅពីភាសាខ្មែរទៅជាភាសាចិន និងពីភាសាចិនមកភាសាខ្មែរ
* ផ្ទេរព័ត៌មាន និងឯកសារសិក្សាតាមរយៈបណ្ណាល័យអេឡិចត្រូនិច
* រៀបចំការប្រឡងតេស្តសមត្ថភាពភាសាចិន HSK,HSKK
* រៀបចំវេទិការវិទ្យាសាស្រ្តពីការអប់រំភាសាចិននៅកម្ពុជា។

វិទ្យាស្ថានខុងជឺ មានបណ្ដុះបណ្ដាលវគ្គខ្លីចំណេះដឹងទូទៅភាសាចិន ថ្នាក់បរិញ្ញាប័ត្រភាសាចិន និងវគ្គត្រៀមប្រឡងតេស្តសមត្ថភាពភាសាចិន HSK និង HSKK ហើយមាន២២សាខា ក្នុងប្រទេសកម្ពុជា។ អស់រយៈពេល១០ឆ្នាំកន្លងមកវិទ្យាស្ថានបានបញ្ជូនសិស្ស និស្សិត ចំនួន៥០០នាក់ ទៅសិក្សានៅប្រទេសចិនក្នុងសកលវិទ្យាល័យចំនួន២១៣ ដែលសុទ្ធសឹងតែជាសាកលវិទ្យាល័យល្បីៗនៅក្នុងប្រទេសចិន។ ថែមទាំងទទួលនិស្សិតចូលសិក្សាប្រមាណ ១៤០.០០០នាក់ក្នុងមួយឆ្នាំៗ។

ក្រៅពីការផ្ដល់ការបណ្ដុះបណ្ដាល និងផ្ដល់អាហាររូបករណ៍ដល់និស្សិតក្នុងមួយឆ្នាំម្ដង វិទ្យាស្ថានខុងជឺ ក៏មានការរៀបចំដំណើរទស្សនកិច្ចសិក្សាសម្រាប់មន្រ្តីរាជការ និងកម្មវិធីបោះជម្រំរដូវក្ដៅ/រងាសម្រាប់និស្សិតថែមទៀតផង។

ក្រៅពីការជួយបណ្ដុះបណ្ដាតាមរយៈអាហាររូបករណ៍ដល់សិស្សនិស្សិតខ្មែរ ប្រជាជនចិនក៏បានចាប់អារម្មណ៍លើការសិក្សាអំពីទំនាក់ទំនង និងអក្សសាស្រ្តខ្មែរផងដែរ។ តួយ៉ាងជារៀងរាល់ឆ្នាំ តាមរយៈកម្មវិធីផ្លាស់ប្ដូរការសិក្សារបស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងសាកលវិទ្យាល័យនៅប្រទេសចិន បានបញ្ជូននិស្សិតចិន មកសិក្សាបន្ថែមថ្នាក់ភាសាខ្មែរនៅប្រទេសកម្ពជាដោយផ្ទាល់។ ជាក់ស្ដែងលោក សុភ័ក្ត្រ ដែលជាឈ្មោះខ្មែររបស់និស្សិតជនជាតិចិនម្នាក់ បានកំពុងសិក្សាអក្សសាស្រ្តខ្មែរ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានឲ្យដឹងថា បានជាលោកចង់រៀនអក្សសាស្រ្តខ្មែរ ព្រោះលោកសម្លឹងឃើញទីផ្សារសម្បូរបែបដែលមាននៅកម្ពុជា បន្ទាប់ពីទំនាក់ទំនងរបស់ប្រទេសទាំង២ កាន់តែស្និតស្នាល ជាពិសេសមានអ្នកវិនិយោគិនចិនជាច្រើនបានមកដាក់ការវិនិយោគនៅកម្ពុជា។

ក្រោយមកសិក្សានៅកម្ពុជាអស់រយៈពេលជិតមួយឆ្នាំ លោក សុភ័ក្ត្រ មានចិត្តរីករាយជាមួយប្រជាជន ក៏ដូចជាមិត្តភ័ក្តនៅកម្ពុជា ហើយលោកបានចាត់ទុកប្រទេសកម្ពុជា ជាផ្ទះទី២របស់លោក។

លោក សុភ័ក្ត្រ បញ្ជាក់យ៉ាងនេះថា៖ «ខ្ញុំមានមិត្តភ័ក្ត្រខ្មែរ ពួកគាត់សុទ្ធតែរាក់ទាក់ ហើយ Friendly ខ្ញុំចូលចិត្ត Make Friend ជាមួយជនជាតិខ្មែរ។ ហើយខ្ញុំគិតថាប្រទេសខ្មែរគឺដូចផ្ទះទី២ ស្រុកទី២របស់ខ្ញុំ»

បន្ថែមពីការស្រលាញ់ពេញចិត្ត ជាមួយការរស់នៅ និងមើលការឃើញពីសក្តានុពលរបស់ប្រទេសខ្មែរ លោកសុភ័ក្ត្រ មានបំណងចង់ត្រឡប់មករស់នៅក្នុងប្រទេសខ្មែរថែមទៀតផង។ មិនតែប៉ុណ្ណោះលោក បានលើកយកសុភាសិនបុរាណចិនមួយប្រៀបផ្ទឹមនិងស្នាមញញឹម និងភាពរុសរាយរាក់ទាក់របស់ប្រជាជនខ្មែរ គឺប្រៀបដូចជាពន្លឺព្រះអាទិត្យ។

លោក សុភ័ក្ត្រ និយាយបន្ត៖ «ខ្ញុំមានគម្រោងថារស់នៅស្រុកខ្មែរ ហើយក៏គាំទ្រខ្ញុំរកស៊ីនៅខ្មែរ ធ្វើការនៅខ្មែរ ហើយពួកគាត់ថា គាត់ចង់មករស់នៅខ្មែរដែរ។ ខ្ញុំសូមអរគុណដល់ ថ្នាក់ដឹកនាំនៃប្រទេសចិន និងប្រទេសខ្មែរ ដោយសារមានទំនាក់ទំនងល្អ ដូច្នេះខ្ញុំអាចមកសិក្សានៅប្រទេសខ្មែរ។ ហើយខ្ញុំអាចស្គាល់មិត្តភ័ក្តខ្មែរច្រើន ហើយបានឲ្យខ្ញុំដឹងថាវប្បធម៌ខ្មែរ និងវប្បធម៌ចិន មានភាពខុសគ្នាអ្វីខ្លះ? ហើយដឹងថថាការរស់នៅស្រុកខ្មែរ និងស្រុកចិន គឺមានភាពខុសគ្នាអ្វីទៀត។ ខ្ញុំចូលចិត្តប្រទេសខ្មែរ ហើយចូលចិត្តប្រជាជនខ្មែរ ហើយខ្ញុំគិតថាប្រជាជនខ្មែរ គឺរាក់ទាក់ដូចមេឃក្ដៅអីចឹង»

ជាការពិតណាស់រាល់សមទ្ធផលនៃការជួយជ្រោមជ្រែងលើវិស័យអប់រំនៅកម្ពុជា របស់រដ្ឋាភិបាលចិន បានឆ្លើយតបយ៉ាងចាំបាច់ចំពោះយុទ្ធសាស្រ្តអភិវឌ្ឍន៍ប្រទេសកម្ពុជា ដែលផ្ដោតសំខាន់ទៅលើការអភិវឌ្ឍធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ទ្ធធារាសាស្រ្ត និងអគ្គិសនី។ ការជួយលើវិស័យអប់រំនេះ បានស្របទៅនិងសុភាសិតបុរាណខ្មែរដែលបានពោលថា «សុខចិត្តបង្រៀនមនុស្សឲ្យចេះស្ទូចត្រី ប្រសើរជាងឲ្យត្រីទៅគេហូប» ហើយក៏ស្របទៅនិងសុភាសិតបុរាណចិន របស់ខុងជឺ ដែលបានពោលថា «ស្រលាញ់គេ មិនត្រូវឲ្យគេសប្បាយតែម្យ៉ាងនោះទេ គឺត្រូវអប់រំប្រដៅគេ»