(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ស្អែកនេះ គឺជាឱសានវាទមួយ ដែលក្រុមការងារចំរុះរដ្ឋបាលខណ្ឌឫស្សីកែវ និងចុះអនុវត្តវិធានការក្ដៅ ក្នុងការរុះរើសំណង់ ក៏ដូចជាសម្ភារផ្សេងៗ និងអាចឈានដល់ការដកហូតយកដីឡូតិ៍មួយកន្លែងរបស់លោកស្រី ឆៃ ចាន់រិទ្ធី សូលីដា ដើម្បីប្រគល់ជូនប្រជាពលរដ្ឋ ដែលមានប័ណ្ណកម្មសិទ្ធិស្របច្បាប់ តាមសេចក្ដីណែនាំក្នុងកិច្ចប្រជុំ កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

នេះបើតាមការលើកឡើងរបស់ លោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌ ដោយមានការចូលរួមពីលោក ស៊ូ សោគន្ធ, លោក លីន ញ៉ក់ អភិបាលរងខណ្ឌ២រូបផ្សេងទៀត តំណាងលោក ជា ពិសី អភិបាលខណ្ឌ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅក្នុងកិច្ចប្រជុំដ៏បន្ទាន់មួយ នៅសាលាខណ្ឌឫស្សីកែវ នារសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០នេះ។

ក្នុងកិច្ចប្រជុំបន្ទាន់នេះ លោក ប្រាជ្ញ សីហា បានគូសបញ្ជាក់ថា ព្រឹកស្អែកនេះគឺជាឱសានវាទ ដែលក្រុមការងារចំរុះរដ្ឋបាលខណ្ឌឫស្សីកែវ នឹងចុះអនុវត្តវិធានការ ក្នុងការរុះរើសំណង់ ក៏ដូចជាសម្ភារផ្សេងៗ និងអាចឈានដល់ការដកហូតយកដីឡូត៌មួយកន្លែង របស់លោកស្រី ឆៃ ចាន់រិទ្ធី សូលីដា ស្ថិតនៅត្រង់ចំណុចដីឡូត៌លេខ៥១ ផ្លូវលេខ១៨-១២ កែងផ្លូវលេខ១៧-២៩ ពោលគឺស្ថិតក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវ ភូមិទួលពពែ សង្កាត់ទួលសង្កែទី២ ដើម្បីប្រគល់ជូនប្រជាពលរដ្ឋ ដែលមានប័ណ្ណកម្មសិទ្ធិស្របច្បាប់ តាមសេចក្ដីណែនាំក្នុងកិច្ចប្រជុំមួយ កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

លោកអភិបាលរងខណ្ឌ ប្រាជ្ញ សីហា បានគូសបញ្ជាក់ទៀតថា ការត្រៀមលក្ខណៈរួចជាស្រេចសម្រាប់កម្លាំងចំរុះរដ្ឋបាលខណ្ឌ ដើម្បីចុះអនុវត្តវិធានការដ្ឋបាល ក្នុងការរុះរើសំណង់ ក៏ដូចជាសម្ភារផ្សេងៗ និងអាចឈានដល់ការដកហូតយកដីឡូត៌មួយកន្លែងនេះ គឺអនុវត្តឡើង ក្រោយពីម្ចាស់ទីតាំងលោកស្រី ឆៃ ចាន់រិទ្ធី សូលីដា បានឯកភាពជាមួយរដ្ឋបាលសង្កាត់-ខណ្ឌ ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ ថានឹងរុះរើចេញដោយខ្លួនឯងក្នុងរយៈពេល៨ថ្ងៃក្រោយ តែមកទល់ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០នេះ ម្ចាស់ទីតាំងនៅតែរឹងរូសមិនព្រមអនុវតតាមការស្នើសុំឡើយ៕