(ភ្នំពេញ)៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់ មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម នៃក្រសួងមហាផ្ទៃ បានបើកវគ្គបណ្តុះបណ្តាលស្តីពី «ក្រមនីតិវិធីព្រហ្មទណ្ឌ និងតួនាទី ភារកិច្ចមន្ត្រីនគរបាលយុត្តិធម៌» ដើម្បីបញ្ជ្រាបចំណេះដឹងឲ្យបានកាន់តែប្រសើរ ពីបញ្ហាផ្លូវច្បាប់ដល់មន្ត្រីរបស់គណៈកម្មាធិការ។

វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តនៅទីស្តីការក្រសួងមហាផ្ទៃ ដោយមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ហើយពិធីបើកវគ្គបានធ្វើឡើងក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ។ គ្រូឧទ្ទេសនាម គឺលោក លឹម សុគន្ថា អគ្គព្រះរាជអាជ្ញារង តំណាងលោក អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញា នៃអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ។

ក្នុងឱកាសបើកវគ្គនេះ នាយឧត្តមសេនីយ៍ មៀច សុផាន់ណា បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ត្រូវខិតខំស្តាប់គ្រូពន្យល់ និងតាំងស្មារតីក្រេបយកចំណេះដឹង ដើម្បីបង្កើនសមត្ថភាពរបស់ខ្លួនឲ្យបានកាន់តែប្រសើរថែមទៀត ក្នុងការយកទៅអនុវត្តការងារ បម្រើប្រទេសជាតិ។ លោកថែមទាំងក្រើនរំលឹក ដល់មន្ត្រីរបស់ខ្លួន ត្រូវខិតខំបំពេញការងារឲ្យអស់ពីកម្លាំងកាយ និងចិត្តបន្ថែមទៀត ដើម្បីបម្រើប្រជាជន បម្រើគោលនយោបាយរបស់រាជរដ្ឋាភិបាល និងបម្រើជាតិកម្ពុជាទាំងមូល។

សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ ក៏មានគ្រូឧទ្ទេសនាម ៥រូបទៀត រួមមាន៖ លោក ឯក ឆេងហួត ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពត, ឧត្តមសេនីយ៍ឯក ភោគ សាម៉ុន សាស្ត្រចារ្យរង តំណាងនាយឧត្តមសេនីយ៍ សេង ផល្លី សាលាបណ្ឌិតសភា, លោក កែវ សុធា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ, ឧត្តមសេនីយ៍ឯក មួង ឃឹម អនុប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌, និងលោកស្រី ជា លាង អគ្គព្រះរាជអាជ្ញា នៃអយ្យការអមតុលាការកំពូល៕