(កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល អមដំណើរដោយ លោក-លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងមន្រ្តីរាជការ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត កាលពីល្ងាចថ្ងៃទី៨ ខែកក្កដា បាននាំយកទៀនព្រះវស្សា បច្ច័យ និងទេយ្យទានប្រគេនដល់សម្តេចព្រះមង្គលទេព្វាចារ្យ វង្ស អានេតា ព្រះមេគណខេត្តកណ្តាល គណៈធម្មយុត្តិកនិកាយ ព្រះចៅអធិការវត្តព្រះឥន្ទសាមគ្គីធម៌ និងព្រះអនុគណគណៈធម្មយុត្តិកនិកាយទាំង១១ ក្រុង ស្រុក ដែលបានប្រារព្វធ្វើនៅវត្តព្រះឥន្ទសាមគ្គីធម៌ ស្ថិតនៅ ភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។

លោកអភិបាលខេត្ត បានថ្លែងថា ព្រះពុទ្ធសាសនា គឺជាសាសនារបស់រដ្ឋ ដែលយើងទាំងអស់គ្នាមានជំនឿ និងគោរពប្រតិបត្តិតាម ព្រោះថាព្រះពុទ្ធសាសនា បានផ្តល់ការអប់រំផ្លូវចិត្ត ឲ្យប្រព្រឹត្តនូវអំពើល្អ និងចេះជួយយកអាសាគ្នា សាមគ្គីភាពគ្នារស់នៅក្នុងសង្គមមួយដោយសុខដុមរមនា។

ឆ្លៀតក្នុងឱកាសនោះដែរ លោកអភិបាលខេត្ត បានបន្តអញ្ជើញពិនិត្យវឌ្ឍនភាព និងសួរសុខទុក្ខបងប្អូនក្មួយៗ ជាកម្មករសំណង់ ដែលកំពុងបំពេញការងារសាងសង់អគារសាលាបឋមសិក្សា និងវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី អគារអនេ្តវាសិកដ្ឋាន និងប៉ុស្តិ៍សុខភាពដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលស្ថិតនៅក្នុងបរិវេណវត្តព្រះឥន្ទសាមគ្គីធម៌ផងដែរ។

អភិបាលខេត្ត បានផ្ដាំផ្ញើថា សូមកុំមានការធ្វេសប្រហែសពីជម្ងឺកូវីដ១៩ ឱ្យសោះ ហើយត្រូវចូលរួមទប់ស្កាត់ការពារការឆ្លងជំងឺនេះទាំងអស់ តាមរយៈការចូលរួមអនុវត្តន៍តាមវិធានការណ៍ របស់ក្រសួងសុខាភិបាលទាំងអស់គ្នា។

សូមជម្រាបជូន ទេយ្យទានដែលបានប្រគេនដល់វត្តនីមួយៗ រួមមាន៖ ព្រះមេគណខេត្ត បច្ច័យ ៤លានរៀល ទៀនចំណាំព្រះវស្សា១គូ អង្ករ២០០គីឡូក្រាម ទឹកក្រូច៤កេស ទឹកបរិសុទ្ធ៤កេស ត្រីខ១០យួរ និងសាដក១ រីឯព្រះអនុគណទាំង១១ ក្រុង ស្រុក ក្នុង១វត្ត បច្ច័យ ១លានរៀល ទៀនចំណាំព្រះវស្សា១គូ អង្ករ១០០គីឡូក្រាម ទឹកក្រូច២កេស ទឹកបរិសុទ្ធ២កេស ត្រីខ៥យួរ និងសាដក១ ចំណែកឯលោកតា លោកយាយ និងពុទ្ធបរិស័ទចំណុះជើងវត្ត ដែលចូលរួម ប្រមាណ៦០នាក់ លោកបានជូនថវិកាក្នុងមួយនាក់ ២ម៉ឺនរៀល៕