(ក្រចេះ)៖ លោកស្រី ខាំ សុភាព អភិបាលរងខេត្តក្រចេះ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ បានអញ្ជើញបើកវគ្គផ្សព្វផ្សាយច្បាប់មួយចំនួនស្តីពី ការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព ច្បាប់ការទប់ស្កាតអំពើជួញដូរមនុស្ស ការធ្វើអាជីវកម្មផ្លូវភេទ ច្បាប់ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ កិច្ចការពារជនរងគ្រោះ និងអន្តរាគមន៍ជួយជនរងគ្រោះស្ត្រី និងកុមារដោយការបំពានផ្លូវភេទ។

ពិធីនេះរៀបចំឡើងដោយលេខាធិការដ្ឋាន គ.ខ.ប.ជ ខេត្តក្រចេះ នៅវត្តកសាង ស្ថិតនៅភូមិកសាង ឃុំចង្ក្រង់ ស្រុកចិត្របុរី និងមានការអញ្ជើញចូលរួមពីលោកស្រីអភិបាលរងស្រុកចិត្របុរី សមាជិកក្រុមលេខាធិការដ្ឋាន គ.ខ.ប.ជ ខេត្ត មន្ត្រីរាជការរដ្ឋបាលស្រុក កងកម្លាំងប្រដាប់អាវុធ មេឃុំ ប្រជាពលរដ្ឋជាង១០០នាក់។

លោកស្រី ធីន សុធី អភិបាលរងស្រុកចិត្របុរី និងជាសមាជិកគណៈកម្មាធិការប្រយុទ្ធប្រឆំាងអំពើជួញដូរមនុស្សខេត្តក្រចេះ បានស្វាគមន៍ និងរាយការណ៍ស្ថានភាពនៃវឌ្ឍនភាពក្នុងស្រុក ពិសេសការរីកចំរើនលើវិស័យកិច្ចការនារី ដែលបានអនុវត្តភារកិច្ចរបស់ខ្លួន បានយ៉ាងខ្ជាប់ខ្ជួន តាមផែនការយុទ្ធសាស្ត្រចតុកោណរបស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងសូមបងប្អូនប្រជាពលរដ្ឋយកចិត្តទុកដាក់ស្តាប់នូវការផ្សព្វផ្សាយច្បាប់ទាំងនេះព្រោះវាមានសារសំខាន់ណាស់ចំពោះយើងទាំងអស់គ្នា។

លោកស្រី ខាំ សុភាព បានលើកឡើងថា កម្មវិធីផ្សព្វផ្សាយច្បាប់ថ្ងៃនេះមានសារៈសំខាន់ណាស់ចំពោះយើងទាំងអស់គ្នា ហើយនេះជាគោលបំណងដើម្បីកសាងសមត្ថភាពដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋនៅក្នុងភូមិ-ឃុំ គោលដៅឲ្យមានការយល់ដឹងក្នុងការទប់ស្កាត់អំពើជួញដូរមនុស្ស ការកេងប្រវ័ញ្ចនានា តាមរូបភាព និងកាត់បន្ថយការធ្វើចំណាកស្រុកប្រកបដោយប្រថុយប្រថាន។ ដោយសង្កេតឃើញថា ប្រជាពលរដ្ឋសព្វថ្ងៃនេះធ្វើការចំណាកស្រុកច្រើនដោយមិនស្របច្បាប់ តាមរយៈមេខ្យល់ ធ្វើឲ្យបងប្អូនពិបាកក្នុងការឆ្លងដែន និងរកទីកន្លែងធ្វើការ ក៏ដូចជាកន្លែងស្នាក់នៅ ជាដើម។

ដូច្នេះប្រសិនបើបងប្អូនចង់ទៅធ្វើការនៅក្រៅប្រទេស គឺត្រូវទៅដោយស្របច្បាប់រកក្រុមហ៊ុនឲ្យបានច្បាស់លាស់។ ក្នុងឱកាសនោះលោកស្រី ខាំ សុភាព បានផ្តាំផ្ញើប្រជាពលរដ្ឋត្រូវចេះ ពិចារណាឲ្យបានត្រឹមត្រូវ មុននិងសម្រេចចិត្តធ្វើចំណាកស្រុកទៅរកការងារនៅក្រៅស្រុក ឬក្រៅប្រទេស និងត្រូវមានការផ្ដល់កិច្ចសហការជាមួយ អាជ្ញាមូលដ្ឋានរបស់ខ្លួន។

ម៉្យាងវិញទៀតសូមបងប្អូនត្រូវបន្តចូលរួមធ្វើអនាម័យជាប្រចាំ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានត្រឹមត្រូវ និងត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់នូវវិធានការបង្ការ ការពារ និងទប់ស្កាត់ ការរីករាលដាលនៃជំងឺ COVID-១៩ នៅក្នុងមូលដ្ឋានរបស់ខ្លួន និងត្រូវបន្តចូលរួមរិតបន្តឹងបញ្ហាសន្តិសុខ សុវត្ថិភាពសណ្ដាប់ធ្នាប់សាធារណៈ ភូមិស្ថានគ្មានល្បែងស៊ីសងក្រុមក្មេងទំនើង ខិតខំដោះស្រាយបញ្ហាគ្រឿងញៀន គ្រោះថ្នាក់ចរាចរណ៍ បទល្មើសគ្រប់រូបភាព ដើម្បឲ្យភូមិឃុំមានសុវត្ថិភាព៕