(កំពង់ធំ)៖ ថ្លែងនៅក្នុងពិធីប្រកាសតែងតាំងថ្នាក់ដឹកនាំសាខាក្រុងស្ទឹងសែន របស់សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកំពង់ធំ នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ លោក គៀង សេងគី ប្រធានសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកំពង់ធំ បានជំរុញសមាជិករបស់ខ្លួនត្រូវអនុវត្តតួនាទី និងភារកិច្ចឲ្យបានច្បាស់លាស់។

លោកបានបន្តថា គោលបំណងនៃការបង្កើតសាខាសមាគម មានតួនាទីភារកិច្ចក្នុងការសម្របសម្រួលកិច្ចការផ្សេងៗដល់ក្រុមប្រឹក្សាឃុំសង្កាត់ និងស្វែងរកបញ្ហាប្រឈមនានាដើម្បីឱ្យសមាគមក្រុមប្រឹក្សាទាំងអស់មានសិទ្ធិបញ្ចេញមតិយោបល់ក្នុងការស្នើសុំទៅថ្នាក់លើជួយដោះស្រាយ និងជាកន្លែងបណ្ដុំព័ត៌មានសម្រាប់ជួយអភិវឌ្ឍសមត្ថភាពដល់សមាជិកសមាគមក្រុមប្រឹក្សា។

ក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់មុនចុះហត្ថលេខាលើឯកសារនីមួយៗត្រូវត្រួតពិនិត្យលើខ្លឹមសារឱ្យបានច្បាស់លាស់ ត្រូវខិតខំសិក្សាស្វែងយល់អំពីច្បាប់លើលិខិតបទដ្ឋានគតិយុត្តនានា កុំឱ្យមានបញ្ហាហើយបើធ្វើអ្វីដែលច្បាប់ប្រគល់ជូន អ្វីដែលច្បាប់មិនប្រគល់កុំធ្វើ ចូលរួមរាល់សកម្មភាពរបស់សមាគមចូលរួមអភិវឌ្ឍន៍ សមត្ថភាពដោយផ្លាស់ប្ដូរឥរិយាបថមិនល្អចោល ដើម្បីឆ្លើយតបឲ្យបានទាន់ពេលវេលាតាមតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ។

ជាមួយគ្នានេះ លោក គៀង សេងគី បានសំណូមពរដល់ក្រុមប្រឹក្សា ឃុំ សង្កាត់ ក្រុមប្រឹក្សាក្រុង ស្រុកត្រូវចូលរួមបង់ប្រាក់វិភាគដល់សមាជិកភាពដើម្បីផ្គត់ផ្គង់ទៅដល់ក្រុមប្រឹក្សាវិញ ចូលរួមលើកកម្ពស់ក្រុមការងាររងងាយរងគ្រោះនៅតាមបណ្ដាស្រុក ចូលរួមសំអាតបរិស្ថាននៅតាមដងផ្លូវ និងចូលរួមដាំដើមឈើដើម្បីលម្អសោភ័ណភាពក្រុងទប់ស្កាត់ការបម្រែបម្រួលអាកាសធាតុ ជួយរៀបចំបំភ្លឺផ្លូវទីសាធារណៈ ត្រូវបង្កើនការយកចិត្តទុកដាក់ដើម្បីឆ្លើយតបឲ្យបានទាន់ពេលវេលា តាមតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ។

ការបង្កើតរៀបចំសាខាសមាគមក្រុមប្រឹក្សាក្រុងស្រុកឃុំសង្កាត់ខេត្តកំពង់ធំ ក្នុងនោះក្រុងស្ទឹងសែនមានសមាសភាព ០៥រូប ឈ្មោះ លោក ហុក រិន ប្រធានក្រុមប្រឹក្សាក្រុងស្ទឹងសែនជាប្រធាន លោកស្រី ខ្លូត វណ្ណារ៉ា សមាជិកក្រុមប្រឹក្សាក្រុងស្ទឹងសែនជាសមាជិក លោក ផៃ ឈុនអេង ចៅសង្កាត់ព្រៃតាហ៊ូ ជាសមាជិក លោក សោម ធី ចៅសង្កាត់ស្រយ៉ូវជាសមាជិក លោក យាន ស៊ុនហឿង ចៅសង្កាត់អាចារ្យលាក់ជាសមាជិក។

សូមបញ្ជាក់ផងដែរថា សមាគមក្រុមប្រឹក្សាមូលដ្ឋានខេត្តកំពង់ធំមានសមាជិក៨១ ឃុំសង្កាត់សមាជិក ៥៧៧នាក់ និងសមាជិកក្រុងស្រុក៩ មានសមាជិក ១៦៩នាក់៕