(ប៉ៃលិន)៖ យោងតាមបទបញ្ជាររបស់មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥, លោកឧត្តមសេនីយ៍ទោ ច័ន្ទ រដ្ឋា មេបញ្ជាការរងយោធភូមិភាគទី៥ ទទួលបន្ទុកការងារព្រំដែន បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យ និងប្រជុំពង្រឹងក្រុមការងារទំនាក់ទំនងកម្ពុជា-ថៃ ក្នុងទិសយោធភូមិភាគទី៥។

ការចុះត្រួតពិនិត្យ និងប្រជុំពង្រឹងក្រុមការងារទំនាក់ទំនងកម្ពុជា-ថៃ ធ្វើឡើងចាប់ពីថ្ងៃទី២៦ ខែឧសភា មកដល់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ ទើបបញ្ចប់ ដោយចាប់ផ្ដើមចុះពិនិត្យពីច្រកថ្មដាស្រុកវាលវែង ច្រកទ្វារអន្តរជាតិព្រំប៉ៃលិន ច្រកទ្វារអន្តរជាតិដូង ច្រកទ្វារតំបន់អូរអន្លក់ ច្រកទ្វារតំបន់អូររំដួល ច្រកទ្វារអន្តរជាតិភ្នំដី ច្រកទ្វារម៉ាឡៃ ច្រកបឹងត្រកួន ច្រកអន្តរជាតិប៉ោយប៉ែតច្រកពាមតា ច្រក២០៣ ច្រកសែនចៅ និងច្រក៤០០។

លោកឧត្តមសេនីយ៍ទោ ច័ន្ទ រដ្ឋា បានធ្វើការផ្តាំផ្ញើដល់ក្រុមការងារទំនាក់ទំនងកម្ពុជា-ថៃ ទាំង១៣ច្រក ត្រូវចេះសាមគ្គី ឯកភាពគ្នា រួមគ្នាគិតរួមគ្នាធ្វើ រួមគ្នាដោះស្រាយ ដើម្បីផលប្រយោជន៍របស់ប្រទេសជាតិ ត្រូវរួមគ្នាជាមួយអាជ្ញាធរមូលដ្ឋានសមត្ថកិច្ចជំនាញ ទប់ស្កាត់រាល់បទល្មើសផ្សេងៗតាមច្រកព្រំដែនដែលខ្លួនទទួលខុសត្រូវ ឲ្យមានប្រសិទ្ធភាពខ្ពស់។

ក្នុងដំណើរបេសកកម្មចុះត្រួតពិនិត្យ និងប្រជុំតាមបណ្ដាលច្រកព្រំដែនកម្ពុជា-ថៃ គឺធ្វើឡើងសំដៅពង្រឹងការងារទំនាក់ទំនងរវាងភាគីមិត្ត ព្រមទាំងពង្រឹងបន្ថែមនូវសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋដែលរស់នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ទិសយោធភូមិភាគទី៥៕