(កំពត)៖ លោក អ៊ុង សំអាត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក ជាវ តាយ អភិបាលខេត្តកំពតនាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើសំណើសុំ របស់រដ្ឋបាលខេត្តកំពត ក្នុងការកាត់ឆ្វៀលដីចេញពីគម្របព្រៃឈើឆ្នាំ២០០២ និងពីក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចចំនួន២ គឺក្រុមហ៊ុន «ហ្វឺសបាយអូថេត» និងក្រុមហ៊ុន «វើលទ្រីស្ដារ» សម្រាប់ធ្វើប្រទានកម្មជូនប្រជាពលរដ្ឋ និងគ្រួសារកងទ័ពសមាហរណកម្ម ក្នុងអង្គភាពកងអន្តរាគមន៍លេខ២ នៃបញ្ជាការដ្ឋានការពារកោះឆ្នេរ ស្ថិតនៅទីតាំងភូមិដុំផ្ដៅ ឃុំត្រពាំងភ្លាំង ស្រុកឈូក។

កិច្ចប្រជុំដែលធ្វើឡើងនៅសាលាខេត្តកំពត មានការចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ត្រីមន្ទីរ អង្គភាពជំនាញ និងអាជ្ញាធរពាក់ព័ន្ធ។

លោកអភិបាលខេត្តកំពត បានលើកឡើងថា ក្នុងនាមរដ្ឋបាលខេត្ត នារយៈពេលកន្លងមកតែងតែបានយកចិត្តទុកដាក់ ជំរុញលើការដោះស្រាយបញ្ហាប្រឈមតម្រូវការពិតប្រាកដ ពិសេសបញ្ហាដីធ្លី របស់ប្រជាពលរដ្ឋ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ដែលតែងតែបានក្រើនរំលឹកផ្ដាំផ្ញើឲ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ដោះស្រាយ ជូនប្រជាពលរដ្ឋ ដែលខ្វះខាត និងមានតម្រូវការពិតប្រាកដជាក់ស្ដែង ដែលពឹងអាស្រ័យផលពាក់ព័ន្ធលើដីធ្លី ដើម្បីឲ្យបានបង្កបង្កើតផល និងរស់នៅប្រកបដោយសុខដុមរមនា។

កិច្ចប្រជុំពេលនេះទៀតសោធ គឺក្នុងគោលបំណង ដើម្បីធ្វើយ៉ាងណារួមគ្នាពិភាក្សាបញ្ហាពាក់ព័ន្ធពីជំនាញ និងអាជ្ញាធរមូលដ្ឋានក៏ដូចជាក្រសួងកសិកម្ម សំដៅជួយឲ្យប្រជាពលរដ្ឋ ដែលត្រូវការដីពិតប្រាកដ និងអាស្រ័យផលលើដីជាក់ស្ដែង ដើម្បីឲ្យពួកគាត់បានរស់នៅ និងកាន់កាប់ស្របច្បាប់ ឧ្យបានឆាប់រហ័ស។

លោក អ៊ុក សំអាត បានបញ្ជាក់ថា កម្មវត្ថុនៃការចូលរួមជជែកពិនិត្យពិភាក្សាក្នុងកិច្ចប្រជុំពេលនេះ ពីសំណាក់អាជ្ញាធរ និងជំនាញសមត្ថកិច្ចពាក់ព័ន្ធ គឺដើម្បីសម្រាប់បានជាមូលដ្ឋានគ្រប់ជ្រុងជ្រោយ ពិស្ដារ បានជាព័ត៌មានដាក់ជារបាយការណ៍ជូន រដ្ឋមន្ត្រីក្រសួងកសិកម្ម ដើម្បីពិនិត្យ និងចាត់ការដោះស្រាយបន្ត។ អ្វីជាកិច្ចការអាទិភាពចំពោះមុខនេះ ដែលក្រសួងកសិកម្មបានចាត់បញ្ជូនប្រតិភូ ចុះមកពេលនេះ ក៏ដើម្បីស្វែងយល់ពីភាពជាក់ស្ដែង។ ដូច្នេះសូមស្នើឱ្យអាជ្ញាធរខេត្ត ស្រុក និងជំនាញពាក់ព័ន្ធ ពិសេសលោកអភិបាលខេត្ត ដើម្បីជំរុញលើការអនុវត្ត សកម្មភាពការងារនេះ ជាកិច្ចបន្តតាមសំណើក្នុងឯកសាររបស់រដ្ឋបាលខេត្តកំពត ដែលបានស្នើដើម្បីបំពេញកិច្ចការតាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ក្នុងសម័យប្រជុំថ្មីៗនេះ លើការពិនិត្យទៅនឹងការកាត់ ផលប៉ះពាល់ ជាបន្តបន្ទាប់ទៀត ដល់ប្រជាពលរដ្ឋត្រូវការដីបង្កបង្កើនផល និងអាស្រ័យផលពិតប្រាកដ លើដីជាក់ស្ដែង។

សូមរំលឹកថា កិច្ចប្រជុំនេះ គឺផ្ដោតលើការពិនិត្យពិភាក្សា ករណីសំណើសុំរបស់រដ្ឋបាលខេត្តកំពត ជូនក្រសួងកសិកម្ម ក្នុងនោះការស្នើសុំវាស់វែងធ្វើប័ណ្ណកម្មសិទ្ធិ របស់ប្រជាពលរដ្ឋចំនួន៦៦ គ្រួសារ និងសំណើសុំឈូសឆាយដី ធ្វើប័ណ្ណកម្មសិទ្ធិចំនួន២កន្លែងផ្សេងទៀត ចំនួន៩៦ គ្រួសារ និងសំណើសុំកាត់ដីចេញពីគម្របព្រៃឈើឆ្នាំ២០០២ ដើម្បីធ្វើប្រទានកម្ម ជូនប្រជាពលរដ្ឋចំនួន៦គ្រួសារទៀត នៃកងទ័ពសមាហរណកម្មក្នុងអង្គភាពកងអន្តរាគមន៍លេខ២ បញ្ជាការដ្ឋានការពារកោះឆ្នេរ សរុបដែលមានផ្ទៃដីចំនួនជាង ៧៦៤ ហិកតា ដែលទីតាំងដីទាំងនោះ ស្ថិតនៅភូមិដុំផ្ដៅ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត៕