(បន្ទាយមានជ័យ)៖ សកម្មភាពចែកអំណោយរបស់សប្បុរសជន និងអាជ្ញាធរនៅតែបន្តចែកអំណោយដល់ប្រជាពលរដ្ឋខ្វះខាតនៅតាមជាយដែនក្រុងប៉ោយប៉ែត ខណៈដែលច្រកទ្វារព្រំដែន អន្តរជាតិប៉ោយប៉ែត និងច្រករបៀងខ្មែរ-ថៃត្រូវបន្តបិទ។ ទាំងនេះបានប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋ។

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានលើកឡើងពីបញ្ហាជំងឺកូវីដ១៩ ពិតជាធ្វើឲ្យប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋយ៉ាងខ្លាំង ជាពិសេសប្រជាពលរដ្ឋរស់នៅក្រុងប៉ោយប៉ែត ដែលមាន៨៥ភាគរយ ដែលពឹងរកប្រាក់ចំណូលពីការច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងច្រករបៀងផ្សេងៗ ដែលសប្បុរសជន ព្រះសង្ឃបានសហការជាមួយអាជ្ញាធរ ជួយផ្តល់គ្រឿងឧបភោគបរិភោគ ដល់ប្រជាពលរដ្ឋខ្វះខាតជួបការលំបាកជិត ៨០០០នាក់ហើយ។

ទោះជាយ៉ាងណាលោក គាត ហ៊ុល បានប្តេជ្ញាថា ក្នុងនាមអាជ្ញាធរ មិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយសារ ខ្វះអាហារហូបចុកឡើយ ដែលអាជ្ញាធរតម្រូវឲ្យអាជ្ញាធរភូមិសង្កាត់ ត្រូវចុះសិក្សា និងស្រង់ប្រជាពលរដ្ឋដែលខ្វះខាតជួបការលំបាកពិតប្រាកដដើម្បីផ្តល់ជាគ្រឿងឧបភោគបរិភោគ។

លោកអភិបាលក្រុងប៉ោយប៉ែត បញ្ជាក់ដូច្នេះ នៅក្នុងពិធីចែកអំណោយដល់ប្រជាពលរដ្ឋចំនួន៥០គ្រួសារ ដែលជាអំណោយរបស់សប្បុរសជន ក្រុមហ៊ុនប៉ោយប៉ែតភីភីស៊ីហ្សិត នៅព្រឹកថ្ងៃទី០៨ ខែកក្តដា ឆ្នាំ២០២០ នៅសាលាក្រុងប៉ោយប៉ែត មានអង្ករ គ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនផងដែរ។

ក្នុងឱកាសនោះផងដែរ លោកអភិបាលក្រុងប៉ោយប៉ែត សូមអំពាវនាវដល់ពលរដ្ឋបង្កើនការយកចិត្តដាក់ខ្ពស់ការថៃរក្សាសុខភាព និងគោរពតាមការណែនាំរបស់ក្រសូងសុខាភិបាល ការការពារទប់ស្កាត់នូវវីរុសកូវីដ១៩ ដែលកំពុងរីករាលដាលពេញពិភពលោកនិងនៅក្នុងប្រទេសកម្ពុជាផងដែរ៕