(កំពង់ធំ)៖ មកដល់ពេលនេះមានរយៈពេល ១៦ ថ្ងៃហើយ ដែលកងអន្តរាគមន៍ពិសេសសម្ដេចតេជោ ហ៊ុន សែន នៃបញ្ជាការដ្ឋានកងអង្គរក្ស ក្រសួង ស្ថាប័នពាក់ព័ន្ធ និងមន្ទីរធនធានទឹកខេត្ត បានចាប់ផ្តើមយុទ្ធនាការបូមទឹកបញ្ចូលស្រែ ដើម្បីសង្គ្រោះស្រូវរបស់ប្រជាកសិករនៅស្រុកបារាយណ៍ និងស្រុកតាំងគោក។

តាមរយៈលោក ថោង ខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះខេត្តកំពង់ធំ កងអន្តរាគមន៍បូមទឹកខាងលើ ក្រោមការបញ្ជាពីលោកនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង និងក្រោមការបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ ហ៊ុន ផាន់ បានចុះអន្តរាគមន៍ភ្លាមៗ រួមជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ និងការរួមគ្នាជាមួយកម្លាំងសប្បុរសជន និងប្រជាពលរដ្ឋបានប្រើប្រាស់គ្រប់មធ្យោបាយ និងម៉ាស៊ីនបូមទឹកតូចធំ រួមទាំងកងគ្រឿងចក្រសម្តេចតេជោប្រចាំនៅស្រុកបារាយណ៍ និងស្រុកតាំងគោកបានសង្គ្រោះស្រែស្រូវចំនួន ១,៥១០ ហិកតាហើយ ក្នុងរយៈពេល ១៦ ថ្ងៃមកនេះ។

ដោយឡែក ស្រែស្រូវដែលនៅសល់ប្រមាណ ១,៥០០ ហិកតាទៀត ក្រុមអន្តរាគមន៍ចម្រុះខាងលើកំពុងបន្តសង្គ្រោះនៅឡើយដែរ ដោយត្រូវប្រើប្រាស់ពេលវេលាជាង ១០ ថ្ងៃទៀត ពីព្រោះថាដំណាំស្រូវនេះវាជាប្រភេទស្រូវស្រាលដើមរដូវ ដែលត្រូវការទឹកក្នុងស្រែមួយរយៈ ទម្រាំដលពេលចេញផ្លែ និងពេលច្រូតកាត់។

ក្រោមការត្រួតពិនិត្យជាប្រចាំរបស់លោក ថោង ខុន អមដោយលោកអភិបាលខេត្តកំពង់ធំ អភិបាលស្រុក ក្រុមប្រឹក្សាឃុំ និងមន្ត្រីធនធានទឹក ប្រជាពលរដ្ឋមានការសប្បាយរីករាយឥតឧបមា ម្នាក់ៗប្រកបដោយទឹកមុខស្រស់ស្រាយ ហើយតែងមកជួបកងអន្តរាគគមន៍សម្តេចតេជោ ដោយបានថ្លែងអំណរគុណដល់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងគិតគូរយកចិត្តទុកដាក់ជាប្រចាំដល់សុខទុក្ខរបស់ប្រជាពលរដ្ឋ។

មួយវិញទៀត ប្រជាពលរដ្ឋក៏តែងបានយកបាយទឹក ម្ហូបអាហារ និងជួយឧបត្ថម្ភប្រេងឥន្ធនៈខ្លះៗតាមលទ្ធភាពរបស់ពួកគាត់ដល់កងអន្តរាគមន៍របស់សម្តេចតេជា ដែលបានបោះទីតាំងជាប់ជាប្រចាំនៅតាមវាលស្រែ៕