(ភ្នំពេញ)៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០នេះ បានបើកកិច្ចប្រជុំពិនិត្យ ការអនុវត្តផែនការសកម្មភាព ដើម្បីទប់ស្កាត់ និងការឆ្លើយតបចំពោះ អំពើហិង្សាលើកុមារ ឆ្នាំ២០១៧-២០២១។

កិច្ចប្រជុំនេះ មានរបៀបវារៈសំខាន់ៗចំនួនពីរ គឺទី១៖ ការពិនិត្យ និងឯកភាពលើរបាយការណ៍បូកសរុប ប្រចាំឆ្នាំ២០១៩ និងទី២៖ ការពិនិត្យលើសូចនាករសំខាន់ៗ និងទម្រង់ប្រមូលរបាយការណ៍សម្រាប់តាមដានត្រួតពិនិត្យការអនុវត្តផែនការសកម្មភាព ដើម្បីទប់ស្កាត់ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ឆ្នាំ២០១៧-២០២១។

កិច្ចប្រជុំក្រុមកាងារបច្ចេកទេសសិក្សាលើបទដ្ឋានគតិយុត្ត ពិនិត្យតាមដាន និងធ្វើរបាយការណ៍ នៃគណៈកម្មការដឹកនាំ អនុវត្តផែនការសកម្មភាពដើម្បីទប់ស្តាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ រៀបចំដោយ អគ្គនាយកដ្ឋានបច្ចេកទេស នាយកដ្ឋានសុខុមាលភាពកុមារលេខាធិការដ្ឋាន ដោយមានការចូលរួមពីក្រសួងជាច្រើនទៀតរួមមាន ក្រសួងកិច្ចការនារី ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងផែនការ និងមន្រ្តីពាក់ព័ន្ធ រួមនឹងអង្គការដៃគូជាច្រើនទៀត។

សម្រាប់របាយការណ៍ស្តីពីវឌ្ឍនភាពការងារ និងបញ្ហាប្រឈម នៃការអនុវត្ត ផែនការសកម្មភាពប្រចាំឆ្នាំ២០១៩ ត្រូវបានរៀបចំឡើងក្រោមការសម្របសម្រួលរបស់លេខាធិការដ្ឋាន ក្នុងការប្រមូលព័ត៌មាន និងលទ្ធផលការងាររបស់សាមីក្រសួង ស្ថាប័ន និងអង្គការពាក់ព័ន្ធ និងមានការពិនិត្យជាច្រើនដង ដោយក្រុមការងារលេខាធិការដ្ឋាន និងប្រជុំគណៈកម្មការដឹកនាំផែនការម្តងកាលពីដើមឆ្នាំ២០២០នេះ ហើយថ្ងៃនេះ របាយការណ៍នេះ នឹងដាក់ឆ្លងក្រុមការងារបច្ចេកទេសទី៣ ដើម្បីពិនិត្យ និងសម្រេចចុងក្រោយ មុនដាក់ស្នើការសម្រេចពីប្រធានគណៈកម្មការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ។

ជាមួយគ្នានេះ សមាជិក សមាជិការនៃក្រុមការងារបច្ចេកទេស បានពិនិត្យ និងផ្តល់យោបល់សូចនាករស្នូលសំខាន់ៗនៃផែនការសកម្មភាព ដើម្បីទប់ស្កាត់ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ឆ្នាំ២០១៧-២០២១ ដែលជាសូចនាការ ដើម្បីត្រួតពិនិត្យតាមដានផែនការសកម្មភាព។

ក្រុមការងារបានកំណត់សូចនាករ ចំនួន២០ យកមកពិភាក្សា ដើម្បីបង្កភាពងាយស្រួលក្នុងការតាមដាន និងធ្វើរបាយការណ៍វឌ្ឍនភាព និងបញ្ហាប្រឈមនៃការអនុវត្ត ព្រមទាំងនឹងពិភាក្សាលើសេចក្តីព្រាងទម្រង់របាយការណ៍ប្រមូលព័ត៌មានអំពីវឌ្ឍនភាពនៃសូចនាករចំនួន២០នេះ ដើម្បីយើងអាចផលិតជារបាយការណ៍ជាប្រចាំ (រៀងរាល់ត្រីមាស និងឆ្នាំ) ដែលវាស់វែងវឌ្ឍនភាពនៃការអនុវត្ត និងចែករំលែកបទពិសោធន៍ឲ្យគ្នាទៅវិញទៅមក។

ចំណែកឯលទ្ធភាពនៃការរាយការណ៍ និងសេចក្តីណែនាំក្នុងការរាយការណ៍ សម្រាប់សូចនាករទាំងនេះ នឹងមានកិច្ចប្រជុំឆ្លងគណៈកម្មការដឹកនាំ ដើម្បីពិនិត្យ និងសម្រេចចុងក្រោយ។

បន្ទាប់មក សមាជិក សមាជិកាក្រុមការងារបច្ចេកទេស នឹងពិភាក្សាអំពីនីតិវិធី ឬបែបបទនៃការប្រមូលរបាយកាណ៍ នៃការអនុវត្តផែនការពីក្រសួង ស្ថាប័នជាសមាជិកគណៈកម្មការ និងអង្គការដៃគូសម្រាប់ឆ្នាំ២០២០ និងឆ្នាំ២០២១។

ចុងក្រោយ លេខាធិការដ្ឋាន នឹងធ្វើបច្ចុប្បន្នភាពផែនការវាយតម្លៃពាក់កណ្តាលអាណិត្ត នៃផែនការសកម្មភាព ដើម្បីទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ២០១៧-២០២១៕