(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០នេះ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-ជប៉ុនលើកទី១៣ តាមប្រព័ន្ធវីដេអូ ដែលបានប្រព្រឹត្តទៅ។

កិច្ចប្រជុំនេះ ដឹកនាំដោយសហប្រធានពីររូប គឺលោក Pham Binh Minh ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម និងលោក MOTEGI Toshimitsu រដ្ឋមន្រ្តីការបរទេសជប៉ុន។

កិច្ចប្រជុំតាមប្រព័ន្ធវីដេអូនេះដែរ ធ្វើការពិភាក្សាលើវឌ្ឍនភាពដែលសម្រេចបានក្រោម «យុទ្ធសាស្រ្តទីក្រុងតូក្យូឆ្នាំ២០១៨» និង «គំនិតផ្តួចផ្តើមមេគង្គ-ជប៉ុនសម្រាប់គោលដៅអភិវឌ្ឍន៍ប្រកប ដោយចីរភាពឆ្នាំ២០៣០» ក៏ដូចជា «កិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន ក្នុងគោលបំណងសម្រេចឱ្យបាននូវការគ្របដណ្តប់សុខភាពជាសកល (Universal Health Coverage) និងការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច» តាមរយៈការចែករំលែកបទពិសោធន៍ និងឧត្តម្មានុវត្តន៍ ដើម្បីឆ្លើយតបទៅនឹងជំងឺរាតត្បាតកូវីដ-១៩ និងការលើកកម្ពស់សុខភាព សេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់មេគង្គ៕