(បន្ទាយមានជ័យ)៖ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៣ របស់ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ បានលើកយកជាច្រើនចំណុចសំខាន់ៗ យកមកដោះស្រាយដូចជា បញ្ហាក្រុមហ៊ុនទឹកស្អាត បញ្ហាកុងទ័រភ្លើងដើរលឿនខុសពីប្រក្រតី បញ្ហាចុះធ្វើអត្តសញ្ញាណកម្ម មានអ្នកក្រីក្រពិតមានអ្នកតវ៉ា បញ្ហាស្រាថ្នាំតាំងគួយពុលមនុស្សស្លាប់ បញ្ហាទប់ជម្ងឺរីករាលដាលកូវីដ-១៩ និងបញ្ហាខ្វះទឹកប្រើប្រាស់មនុស្ស សត្វ បើភ្លៀងនៅមិនធ្លាក់មកឲ្យបានគ្រាប់គ្រាន់នៅខាងមុខ។

នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ កិច្ចប្រជុំនេះបានធ្វើឡើងក្រោមវត្តមានលោក ខេង ស៊ុ ប្រធានក្រុមប្រឹក្សាខេត្ត លោក អ៊ុ រាត្រី អភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើននាក់។

ក្នុងកិច្ចប្រជុំនោះលោកក្រុមប្រឹក្សាខេត្ត បានលើកយកបញ្ហាជាច្រើនចំណុចមកដោះស្រាយដូចជា ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ បានណែនាំដល់ក្រុមហ៊ុនទឹកស្អាតឲ្យរកប្រភពទឹកផ្គត់ផ្គង់ដោយខ្លួនឯងឲ្យបានត្រឹមត្រូវៗជីកស្រះ និងអាងស្តុកទឹកនៅពេលទឹកខ្វះ ក្រុមហ៊ុនទឹកស្អាតត្រូវចំណាយលុយទិញដីជីកស្រះស្តប់ទឹកទុក សម្រាប់ប្រើប្រាស់នៅពេលខែប្រាំងពីអាងរបស់ខ្លួន។

លោកបាននិយាយបន្តទៀតថា រហូតមកដល់ម៉ោងនេះ ក្រុមហ៊ុនទឹកស្អាតយកបង្គោលមកបោះទប់ទឹកដាក់ការុងដីបិទទឹកស្ទឹងស្ទាក់យកទឹក ដើម្បីចែកចាយអស់រយៈពេល៥ឆ្នាំកន្លងមកហើយ ធ្វើឲ្យប្រជាពលរដ្ឋរស់នៅក្រោមស្ទឹង ខ្វះទឹកប្រើយ៉ាងខ្លាំង ហើយបានសំណូមពរឲ្យក្រុមហ៊ុនទឹកស្អាតរុះរើចេញវិញ ឲ្យប្រជាពលរដ្ឋនៅក្រោមបានទឹកប្រើប្រាស់ផង។ បញ្ហា១ទៀតកន្លងមក មានប្រជាពលរដ្ឋរអ៊ូរទាំយ៉ាងខ្លាំង អំពីបញ្ហាអគ្គិសនីគីឡូវ៉ាត់ ដើរលឿនជាងមុនទ្វេរដង ស្នើឲ្យអង្គភាពអគ្គិសនីធ្វើការពន្យល់ជូនប្រជាពលរដ្ឋ អំពីបញ្ហាប្រើប្រាស់ថាមពលអគ្គិសនីឡើងគីឡូវ៉ាត់ច្រើនជាងពាក់កណ្តាលខុសពីធម្មតាផង។

ក្នុងនោះកិច្ចប្រជុំបានលើកយកចំណុចសំខាន់ៗដែលមន្ទីរអង្គភាព បានអនុវត្តកន្លងកសាងផែនការ និងលើកទិសដៅប្រចាំខែប្រចាំឆ្នាំរបស់ខេត្ត មន្ទីរ និងអង្គភាពទទួលបានលទ្ធផលល្អ សមត្ថកិច្ចក្នុងខេត្តថែរក្សាសណ្តាប់ធ្នាប់សាធារណៈ រក្សាបាននូវសុខសន្តិភាពបង្កលក្ខណៈឲ្យប្រជាពលរដ្ឋសម្បូរសប្បាយ ធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍបានមួយកំរិត បញ្ហាការទប់ស្កាត់ក្នុងការសាងសង់សំណង់ខុសបច្ចេកទេស កុំឲ្យកើតមានឡើងក្នុងការបាក់់ស្រុតត្រូវបន្តទប់ស្កាត់ អប់រំ និងត្រូវណែនាំប្រជាពលរដ្ឋឲ្យបានយល់ដឹងពីគ្រោះថ្នាក់ នៃគ្រឿងញៀន និងជាសឲ្យឆ្ងាយពីគ្រឿងញៀន ដើម្បីឈានទៅលុបបំបាត់ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀនដែលកើតមានឡើងនៅក្នុងខេត្ត បញ្ហាទំនាស់ដីធ្លី និងសំណង់អនាធិបតេយ្យនៅក្នុងខេត្ត ត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុងខេត្តឲ្យបានល្អបន្តទៀត។

លោក អ៊ុ រាត្រី បានបញ្ជាក់ថា ការបញ្ចេញមតិពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តនេះ គឺដើម្បីកែលំអរនូវប្រព័ន្ធអភិបាលកិច្ចល្អនៅតាមថ្នាក់រដ្ឋបាលនានា ដើម្បីជំរុញដល់លទ្ធិប្រជាធិបតេយ្យនៅក្នុងភូមិដ្ឋាន ការជំរុញអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ចនៅក្នុងមូលដ្ឋាន និងការចូលរួមចំណែកកាត់បន្ថយភាពក្រីក្រទូទាំងខេត្តផងដែរ ហើយសព្វថ្ងៃនេះរដ្ឋាភិបាលកំពង់ប្តេជ្ញាចិត្តក្នុងការធ្វើការកែទម្រង់រដ្ឋាភិបាលថ្នាក់ក្រោមជាតិឲ្យមានលក្ខណៈស៊ីជំរៅ និងយូរអង្វែង ទាំងផ្នែករដ្ឋបាល និងផ្នែកនយោបាយតាមរយៈការបង្កើតក្រុមប្រឹក្សាខេត្ត។

លោក អ៊ុ រាត្រី បានយកបញ្ហាទាំងអស់នេះ ដើម្បីយកទៅពិភាក្សានៅក្នុងអង្គប្រជុំរបស់ក្រុមប្រឹក្សាខេត្តបន្តទៀត ដើម្បីរកដំណោះស្រាយជូនប្រជាពករដ្ឋឲ្យទាល់តែបាននៅថ្ងៃខាងមុខនេះ៕