(ភ្នំពេញ)៖ ជនសង្ស័យម្នាក់លួចម៉ូតូបាន៣ថ្ងៃ យកទៅបញ្ចាំដើម្បីលេងល្បែង តែត្រូវបានជនរងគ្រោះប្រទះឃើញចាប់ប្រគល់ឲ្យនគរបាលរួមនិងវត្ថុតាងម៉ូតូម៉ាកឌ្រីមសង់សេ១២៥ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1DD-6614 កាលវេលាម៉ោង១០៖៣០នាទីព្រឹកថ្ងៃទី៨ ខែកក្ដដា ឆ្នាំ២០២០ នៅចំណុចភូមិកណ្ដាល សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ។

ជនរងគ្រោះឈ្មោះ លឿង ដារ៉ា អាយុ២០ឆ្នាំ ជនជាតិវៀតណាម មុខរបរកម្មករសំណង់ ស្នាក់នៅភូមិតាងៅកណ្តាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ ជនសង្ស័យឈ្មោះ ពៅ ដារ៉ា អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ភូមិដើមម៉ាក់ក្លឿ សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ។

លោក គាន់ ឌីណា អធិការរងទទួលផែនព្រហ្មទណ្ឌខណ្ឌ បានឲ្យដឹងថា កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២០ ជនរងគ្រោះទុកម៉ូតូ នៅមុខផ្ទះគ្មានលេខ ភូមិតាងៅកណ្តាល សង្កាត់និរោធ ខណៈជនរងគ្រោះ បានទុកកូនសោជាប់នឹងម៉ូតូ រួចចូលទៅក្នុងផ្ទះម្តាយក្មេក។

បន្តិចក្រោយមកជនរងគ្រោះចេញមកវិញ ក៏ឃើញជនសង្ស័យធ្វើសកម្មភាពលួចម៉ូតូរបស់ខ្លួនជិះគេចខ្លួន។ លុះដល់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ កាលវេលាម៉ោង១០និង៣០នាទី ជនសង្ស័យជិះម៉ូតូម៉ាកខាងលើទៅរកកន្លែងបញ្ចាំនៅភូមិកណ្តាលសង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។

ហើយក៏ត្រូវបានជនរងគ្រោះជិះម៉ូតូទៅផ្សារប្រទះឃើញស្លាកលេខម៉ូតូ និងម៉ូតូដែលបានបាត់ប្ដឹងនគរបាលព្រហ្មទណ្ឌ ចុះអន្តរាគមន៍ទាន់ពេលវេលាឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាងម៉ូតូ០១គ្រឿង យកមកប្រគល់ឲ្យសមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅ។

ក្រោយពីសាកសួរនាំ ជនសង្ស័យទទួលស្គាល់ពិតប្រាកដបានលួចយកម៉ូតូរងគ្រោះមែន ដោយអត់លុយលេងល្បែងចំណែកគ្រឿងញៀន មិនបានប្រើប្រាស់នោះទេ និងកសាងសំណុំរងចាត់ការតាមច្បាប់៕