(ភ្នំពេញ)៖ នាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០នេះ ​បានចេញសេចក្តីប្រកាសមួយ ដើម្បីពន្យល់អំពីករណី បង្ក្រាបមុខសញ្ញាប្រព្រឹត្តបទល្មើសនៅខេត្តព្រះសីហនុ កាលពីខែធ្នូ ឆ្នាំ២០១៩ ដែលត្រូវបានសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញសង្គមចោទប្រកាន់ថា «ដោះលែងមនុស្ស ទុករថយន្ត»។

សេចក្តីប្រកាសបានបញ្ជាក់ថា៖ ដើម្បីចៀសវាងការយល់ច្រឡំ ពិសេសលើខ្លឹមសារដែលសរសេរថា «មនុស្សត្រូវបានដោះលែងដោយ គ្មានទោស.....ប៉ុន្តែហេតុអីមិនឲ្យឡានគេវិញ???» យើងខ្ញុំសូមធ្វើការបញ្ជាក់បំភ្លឺជូនដូចខាងក្រោម៖

១៖ កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩ សមត្ថកិច្ចចំរុះដឹកនាំដោយ លោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសពាក់ព័ន្ធឧក្រិដ្ឋកម្មមានការចាត់តាំងដោយបានឃាត់ខ្លួនជនជាតិចិនចំនួន៧នាក់។ ផ្អែកតាមឯកសារ និងការអង្កេតរបស់សមត្ថកិច្ចរកឃើញថាឈ្មោះ LIU XIAOTAO ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិចិន ជាអ្នកបើកបររថយន្តពុំមានពាក់ព័ន្ធដល់អំពើល្មើស ហើយត្រូវបានតំណាងអយ្យការសម្រេចមិនធ្វើការឃាត់ខ្លួនឡើយ។

២៖ ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចដកហូតបានវត្ថុតាងជាឧបករណ៍ សម្ភារៈជាធាតុផ្សំប្រពឹត្តបទល្មើស និងរថយន្តចំនួន០១គ្រឿងម៉ាក TOYOTA LANDCRUISER ពណ៌ស ផលិតឆ្នាំ២០០៨ ផ្លាកលេខ ព្រះសីហនុ 2J-1888 ជាកម្មសិទ្ធិឈ្មោះ LIU XIAOTAO ប៉ុន្តែចម្លើយសារភាពចំពោះមុខសមត្ថកិច្ច ឈ្មោះ LIU XIAOTAO បានអះអាងថា រថយន្តនេះគឺឈ្មោះ Ni Jian He ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិន ជាថៅកែរបស់ខ្លួន បានចេញលុយទិញ ដោយប្រើប្រាស់ឈ្មោះរបស់ខ្លួនជាកម្មសិទ្ធិករ។ វត្ថុតាងរួមទាំងរថយន្តខាងលើ ត្រូវបានអនុញ្ញាតដោយអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ប្រគល់ឲ្យនាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្មរក្សាទុក។ ចំពោះរថយន្តខាងលើ នាយកដ្ឋានរង់ចាំឈ្មោះ Ni Jian He អនុវត្តទោសចប់ជាស្ថាពរ ត្រឡប់មកម្ពុជាវិញ ដើម្បីបំភ្លឺផ្ទៀងផ្ទាត់រកម្ចាស់ទ្រព្យពិតប្រាកដ និងបំពេញនីតិវិធីប្រគល់ជូន។

ក្នុងនាមជាសមត្ថកិច្ច នាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម បានសំណូមពរដល់សាធារណជន អ្នកសារព័ត៌មាន និងអ្នកនិយមប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម កុំធ្វើការសន្និដ្ឋាន វាយតម្លៃចំពោះរឿងរ៉ាវ ឬហេតុការណ៍ដែលកើតឡើងដោយពុំមានមូលដ្ឋាន និងភស្តុតាងច្បាស់លាស់ ដើម្បីចៀសវាងការវាយតម្លៃនោះមានឥទ្ធិពលប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់បុគ្គល ឬស្ថាប័នអនុវត្តច្បាប់៕

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់នាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម ៖