(ភ្នំពេញ)៖ ដើម្បីធានាការដោះស្រាយជីវភាពជូនពួកគាត់ពិតប្រាកដ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានអះអាងថា ដំណើរការផ្តល់សាច់ប្រាក់ ជូនប្រជាពលរដ្ឋក្រីក្រនៅរាជធានីភ្នំពេញ បានប្រព្រឹត្តទៅដោយរលូន មានតម្លាភាព និងគ្មានការកឹបកេងសាច់ប្រាក់ពីជនក្រីក្រ ជនងាយរងគ្រោះឡើយ។

លោក ឃួង ស្រេង បានអះអាងថា រដ្ឋបាលរាជធានីភ្នំពេញ បានអនុវត្តដំណើរការផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋក្រីក្រ និងជនងាយរងគ្រោះ នៅក្នុងវិបត្តិជំងឺកូវីដ-១៩ ដោយមានការប្រុងប្រយ័ត្ន ជាទីបំផុត ពោលគឺមិនឲ្យក្រុមការងារពាក់ព័ន្ធ ប្រព្រឹត្តិបាតុភាពមិនប្រក្រី ណាមួយកើតឡើងឡើយ ដូចជា គ្មានការជ្រើសរើស សាច់ញាតិរបស់ខ្លួនឯង ឬគ្មានការកឹបកេងលុយរបស់ជនក្រីក្រជាដើម។

អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា តាមរយៈការខិតខំប្រឹងប្រែងនេះ បានធ្វើឲ្យដំណើរការងារផ្តល់សាច់ប្រាក់នេះ បានប្រព្រឹត្តិទៅដោយរលូន ហើយទទួលការ គាំទ្រពីប្រជាពលរដ្ឋ។ ចំណុចនេះ យើងបានហាមប្រាមហើយ ដោយឲ្យពិនិត្យឡើងវិញ ចំពោះគ្រួសារអ្នកមានសមត្ថកិច្ច អ្នកមានសិទ្ធិវិនិច្ឆ័យថា អ្នកនេះក្រ អ្នកនោះក្រ ហើយបើដាក់គ្រួសាររបស់ខ្លួនគឺវារស៊ើបណាស់ ចឹងកិច្ចការនេះ យើងបានប្រជុំទៅអាជ្ញាធរខណ្ឌ សង្កាត់ទំាង១០៥ មិនឲ្យមានមនោសញ្ចេតនា ដាក់សាច់ញាតិរបស់ខ្លួនឡើយ។

លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទារាជធានីភ្នំពេញ បានឲ្យដឹងថា មកដល់ត្រឹមព្រឹកថ្ងៃទី៩ ខែកក្កដានេះ រាជធានីភ្នំពេញ សម្រេចបាន៩៣ភាគរយហើយ លើដំណើរការដំណើរការផ្តល់សាច់ប្រាក់ ជូនប្រជាពលរដ្ឋក្រីក្រប្រមាណជាង១ម៉ឺន៨ពាន់បណ្ណ ពោលគឺនៅសល់តែ ជាង៦០០បណ្ណទៀត ប៉ុណ្ណោះដែលមិនទាន់ទទួល។

ការអះអាង និងបញ្ជាក់ខាងលើរបស់លោកឃួង ស្រេង និងលោកស្រីមុំ ចាន់ដានី បានធ្វើឡើងនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៤ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ នៅសាលារាជធានីភ្នំពេញ។

គួរបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសផ្តល់សាច់ ប្រាក់ឧបត្ថម្ភដល់ជនក្រីក្រ និងជនងាយរងគ្រោះ ដោយសារវិបត្តិជំងឺកូវីដ-១៩ ចំនួន៥៦ម៉ឺនគ្រួសារ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ក្នុងដំណាក់កាលទី១ ហើយដំណាក់កាលទី២ គ្រោងនឹងត្រូវចាប់ផ្តើមនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ ដែលនឹងត្រូវប្រើប្រាស់ទិន្នន័យបច្ចុប្បន្នភាព ក្រោយថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ ដែលជាការបូកបញ្ចូលគ្នា នៃគ្រួសារក្រីក្រនៅជនបទ និង ទីប្រជុំជន ដែលទិន្នន័យគិតត្រឹមថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ មានគ្រួសារក្រីក្របានកើនចំនួន២៤,៩១៥គ្រួសារ៕