(ភ្នំពេញ)៖ អ្នកស្រាវជ្រាវមួយក្រុម មកពីមជ្ឈមណ្ឌលស្រាវជ្រាវ សុខភាពប្រជាជនអង្គការខាណា (KHANA Center for Population Health Research) មានជោគជ័យទទួលរង្វាន់មូលនិធិ សម្រាប់យកទៅដាក់ឲ្យប្រតិបត្តិការ នូវបណ្តាញឈែតលើអាប់ WhatsApp មួយ សម្រាប់ត្រៀមឆ្លើយតបពេញមួយថ្ងៃ២៤ម៉ោង ទៅនឹងអំពើហិង្សាខាងយេនឌ័រ និងជួយដល់និយោជិកនារី ដែលធ្វើការនៅតាមឧស្សាហកម្មកម្សាន្ត។

តាមសេចក្ដីប្រកាសព័ត៌មាន របស់ធនាគារពិភពលោក (World Bank) ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា ក្រុមធនាគារពិភពលោក និងអង្គការស្រាវជ្រាវអំពើហិង្សាខាងផ្លូវភេទ (Sexual Violence Research Initiative/SVRI) ប្រកាសរួមគ្នាអំពីរង្វាន់នេះ នៅថ្ងៃទី០៩ ខែកក្កដានេះ។

រង្វាន់របស់កម្មវិធីដែលមានឈ្មោះថា ទីផ្សារអភិវឌ្ឍន៍ឆ្នាំ២០២០៖ នវានុវត្តភាពសម្រាប់ឆ្លើយតបអំពើហិង្សាទាក់ទងយេនឌ័រ (The 2020 Development Marketplace: Innovations to Address Gender-Based Violence award) នឹងជួយបង្កលទ្ធភាព ឲ្យអ្នកស្រាវជ្រាវនៅអង្គការខាណា ធ្វើតេស្តបណ្តាញឈែត មួយឈ្មោះថា SMARTgirl Chatline ដែលផ្តល់សេវាគាំទ្រ ២៤ម៉ោងតាមរយៈអាប់ WhatsApp ដល់ស្ត្រីធ្វើការនៅតាមឧស្សាហកម្មកម្សាន្ត ដែលប្រឈមនឹងហានិភ័យ ឬដែលរស់រានឆ្លងផុតពីអំពើហិង្សាទាក់ទងយេនឌ័រ។

លោកស្រី អ៊ីនហ្គូណា ដូប្រាចា ប្រធានគ្រប់គ្រង នៃធនាគារពិភពលោកប្រចាំកម្ពុជា បានថ្លែងថា៖ «សមភាពយេនឌ័រ គឺជាអាទិភាពខ្ពស់មួយ សម្រាប់ធនាគារពិភពលោក ប្រចាំនៅកម្ពុជា ហើយវាត្រូវបានឆ្លុះបញ្ចាំងជាប្រធានបទរឹងមាំមួយ នៅក្នុងក្របខណ្ឌភាពជាដៃគូប្រចាំប្រទេសរបស់យើង។ គម្រោងរបស់អង្គការ ខាណា គឺជាកិច្ចខិតខំដ៏មានសារៈសំខាន់មួយ សម្រាប់រកមធ្យោបាយជួយឲ្យនារីនិយោជិកទាំងនោះ មានសុវត្ថិភាព ជាពិសេស អ្នកទាំងឡាយដែលប្រឈមនឹងហានិភ័យខ្ពស់មែនទែន»

កម្មវិធីរង្វាន់ Development Marketplace ដែលទទួលបានការគាំទ្រហិរញ្ញវត្ថុពីធនាគារពិភពលោក និងអង្គការ SVRI គឺជាព្រឹត្តិការណ៍ប្រកួតប្រជែង ជាលក្ខណៈសាកលធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីស្វែងរកដំណោះស្រាយបែបនវានុវត្តន៍ សម្រាប់ជួយបុគ្គល សហគមន៍ និងប្រជាជាតិក្នុងការទប់ស្កាត់ និងឆ្លើយតបទៅនឹងអំពើហិង្សាទាក់ទងយេនឌ័រ។

នៅក្នុងកំឡុងពេលមានការរាលដាលជំងឺកូវីដ១៩ទូទាំងសកលលោក មានភស្តុតាងលេចឡើងបង្ហាញថា អំពើហិង្សាទៅលើស្ត្រី និងក្មេងស្រី ជាពិសេសអំពើហិង្សា ក្នុងគ្រួសារ បានកើនឡើងច្រើននៅជុំវិញពិភពលោកដោយសារតែការឃាំងខ្លួនក្នុងផ្ទះដើម្បីបង្ការការឆ្លងមេរោគ និងដោយសារការខ្វះលទ្ធភាព ទទួលបានសេវានានាក្នុងពេលនេះ។

អង្គការសុខភាពពិភពលោក បានប៉ាន់ប្រមាណថា នារី១នាក់ ក្នុងចំណោម៣នាក់ បានរងអំពីហិង្សាខាងផ្លូវភេទពីសំណាក់ដៃគូ ឬមិនមែនដៃគូ នៅក្នុងមួយជីវិត របស់ពួកគេ។ អ្នកស្រាវជ្រាវច្រើននាក់ទៀត បានរកឃើញថា ទំនៀមទម្លាប់យេនឌ័រច្រើន តែជាឫសគល់នៃអំពីហិង្សាខាងយេនឌ័រ ហើយការធ្វើឲ្យឥរិយាបថ សហគមន៍ផ្លាស់ប្តូរជាកិច្ចការមួយសំខាន់ណាស់ ដើម្បីជួយទប់ស្កាត់អំពើហិង្សាទៅលើស្ត្រី និងក្មេងស្រី។

លោកស្រី ការ៉ិន ហ្គ្រោន នាយកផ្នែកយេនឌ័រសាកលលោក នៃក្រុមធនាគារពិភពលោក បានថ្លែងថា «ផលប៉ះទង្គិចរបស់អពើហិង្សាខាងយេនឌ័រ មិនមែនមានត្រឹមតែ ពេលមានការវាយដំ ទៅលើជនរងគ្រោះភ្លាមៗនោះទេ តែវានៅដិតដាមជាមួយពួកគេ យូរតទៅទៀត ក្នុងនោះមានការប៉ះទង្គិចផ្នែកសុខភាព ការអវត្តមានញឹកញាប់ ការបាត់បង់ផលិតភាពនៅកន្លែងធ្វើការ ការបាត់បង់ចំណូលសម្រាប់គ្រួសារ និងឥទ្ធិពលមិនល្អវែងឆ្ងាយទៀតទៅលើមនុស្សជំនាន់ក្រោយ»។

លោកស្រីថ្លែងបន្ថែមទៀតថា៖ «តាមរយៈរង្វាន់នៃកម្មវិធី Development Marketplace នេះ អ្នកស្រាវជ្រាវច្រើននាក់នៅជុំវិញពិភពលោក បាននិងកំពុងជួយបង្កើន ល្បឿន នៃការខិតខំទប់ស្កាត់ និងឆ្លើយតបទៅនឹងអំពើហិង្សាខាងយេនឌ័រ ឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត»

លោកស្រី អេលីហ្សាបិត ដាតណាល់ នាយកប្រតិបត្តិនៃអង្គការ Sexual Violence Research Initiative បានថ្លែងថា៖ «ការស្រាវជ្រាវ និងសកម្មភាពនានា ដែលចេញពីលទ្ធផល នៃការស្រាវជ្រាវ មានសារៈសំខាន់សម្រាប់ការស្វែងយល់អំពីកត្តានានា នៅពីក្រោយអំពើហិង្សានិងបរិបទនៅជុំវិញ ដែលចេះតែធ្វើឲ្យមាន កត្តាទំាងនោះ ដើម្បីឈានទៅរកឲ្យឃើញនូវវិធីសម្រាប់យើង ប្រើក្នុងការនាំមកនូវការប្រែប្រួលបន្តិចម្តងៗ នៅក្នុងឥរិយាបថសង្គម ដើម្បីឈានទៅបញ្ចប់អំពើហិង្សា ទៅលើស្រ្តី និងកុមារ»

នៅក្នុងរយៈពេលបួនឆ្នាំចុងក្រោយនេះ ក្រុមធនាគារពិភពលោក និងអង្គការ SVRI បានប្រគល់រង្វាន់គិតជាទឹកប្រាក់៥លានដុល្លារអាមេរិក ដល់គម្រោងស្រាវជ្រាវចំនួន ៥០គម្រោង នៅតាមប្រទេសមានប្រាក់ចំណូលទាបនិងមធ្យមជាង ៣២ប្រទេស។ កម្មវិធីរង្វាន់ Development Marketplace ត្រូវបានរៀបចំធ្វើឡើង ដើម្បីឧទ្ទិស ជាការចងចាំ ដល់ជនរងគ្រោះទាំងអស់ ពីអំពើហិង្សាខាងយេនឌ័រ រាប់ទាំងនាង ហាណ្ណា ហ្គ្រាម ផង ដែលជាកូនស្រីរបស់បុគ្គលិកយូរឆ្នាំមួយរូប នៃក្រុមធនាគារពិភពលោក។

ឆ្នាំនេះ រង្វាន់ Development Marketplace នឹងជួយគាំទ្រដល់អ្នកស្រាវជ្រាវ នៅប្រទេស បូលីវី, ប្រេស៊ីល, កម្ពុជា, ឥណ្ឌា, ហ្សកដង់, ស៊ែរប៊ី, អាហ្វ្រ៊ិកខាងត្បូង, វៀតណាម និងក្រុមមួយទៀត ដែលនឹងធ្វើការស្រាវជ្រាវលំដាប់សកល៕