(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានថ្លែងថា ចំពោះរាល់សំណុំរឿងព្រហ្មទណ្ឌ ដែលកំពុងចាត់ការដោយអយ្យការ និងតុលាការ សូមឲ្យអនុវត្តឲ្យបានឆាប់រហ័ស ដើម្បីធ្វើការផ្ដន្ទាទោសជនល្មើសឲ្យបានឆាប់ និងផ្ដល់នូវយុត្តិធម៌ដល់ជនរងគ្រោះ។

លោកអភិបាលខេត្តថ្លែងបែបនេះ នៅក្នុងកិច្ចប្រជុំស្តីពីកិច្ចសហការអនុវត្តច្បាប់រវាងតុលាការ អយ្យការ និងមន្ត្រីនគរបាលយុត្តិធម៌ លើការពង្រឹងសន្តិសុខសាធារណៈ បង្ការ និងបង្ក្រាបបទល្មើសព្រហ្មទណ្ឌ នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នា២០២០។

ពិធីនេះមានការចូលរួមពីលោក លាវ ពិសិដ្ឋ អគ្គលេខាធិការរង នៃក្រសួងយុត្តិធម៌, លោក ខាំ សុផារី ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត, លោក ឌិន ស៊ីវុទ្ធី ប្រធានសាលាដំបូងខេត្ត លោកឧត្ដមសេនីយ៍ស្នងការ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ព្រមទាំងព្រះរាជអាជ្ញារង ចៅក្រម មន្ត្រីរាជការ កងកម្លាំង និងមន្ត្រីនគរបាលយុត្តិធម៌ជាច្រើនរូបផងដែរ។

លោក ម៉ែន វិបុល បានកោតសរសើរ និងថ្លែងនូវការអរគុណចំពោះគ្រប់អង្គភាពពាក់ព័ន្ធទាំងអស់ ដែលបានសហការរៀបចំកិច្ចប្រជុំដ៏មាន សារសំខាន់នេះ ដែលបានផ្ដល់ឱកាសដល់យើងទាំងអស់គ្នា ជាមន្ត្រីអនុវត្តច្បាប់ បានសិក្សាស្វែងយល់ពីចំណុចខ្លាំង ចំណុចខ្សោយ និងចំណុចប្រឈម នៃការអនុវត្តកន្លងមក ដើម្បីធ្វើការកែលម្អឲ្យកាន់តែល្អប្រសើរ បង្រួមលំហនៃភាពចន្លោះប្រហោងលើការ អនុវត្ត រវាងអង្គភាពតុលាការ អយ្យការ និងនគរបាលយុត្តិធម៌ឲ្យកាន់តែរួមតូច ដែលជាអត្ថប្រយោជន៍ដ៏ចម្បងក្នុងការរឹតបន្តឹងការអនុវត្តច្បាប់ និងនីតិវិធីនៃការអនុវត្ត។

លោក ម៉ែន វិបុល បានបញ្ជាក់ថា «រយកាលកន្លងមកចំណុចប្រឈមមួយចំនួន ដែលកើតចេញពីការខ្វះចន្លោះខ្លះ នៅក្នុងការអនុវត្តនីតិវិធីយ៉ាងណាក៏ដោយ ជាពិសេសករណីគ្រឿងញៀន ដែលកើតមាននៅក្នុងខេត្តរបស់យើងនាពេលកន្លងមក ដែលមានការយល់ឃើញមិនដូចគ្នារវាងនគរបាលយុត្តិធម៌ និងអង្គភាពតុលាការ។ តួយ៉ាង ខាងមន្ត្រីនគរបាលយុត្តិធម៌ បានកសាងសំណុំរឿងរួចហើយ និងបញ្ជូនជនសង្ស័យទៅតុលាការ ដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់ ប៉ុន្តែត្រូវបានចៅក្រមសម្រេចដាក់ជនសង្ស័យឲ្យនៅក្រៅឃុំ។ ដូច្នេះវេទិកានៃការជួបជុំគ្នា រវាងអង្គភាពតុលាការ អយ្យការ និងមន្ត្រីនរបាលយុត្តិធម៌នៅពេលនេះ នឹងធ្វើឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់នឹងកាន់តែជិតស្និទ្ធគ្នា និងយល់គ្នាច្រើនពាក់ព័ន្ធនឹងការអនុវត្តនីតិវិធី ក្នុងក្របខ័ណ្ឌនៃការអនុវត្តតួនាទីភារកិច្ចរៀងៗខ្លួន ហើយអាចនឹងដោះសា្រយបាននូវចំណុចប្រឈមដែលកើតមាននាពេលកន្លងមក»

លោកបានបន្ថែមថា ប៉ុន្តែផ្ទុយទៅវិញ បើយើងអនុវត្តមិនបានល្អនោះ នឹងបង្កើតនូវភាពចន្លោះប្រហោង ដែលភាពចន្លោះប្រហោងនោះហើយ នឹងផ្ដល់ជាឱកាសដល់ជនល្មើសរួចផុត ពីការទទួលខុសត្រូវ និងគេចផុតពីការផ្ដន្ទាទោសតាមផ្លូវច្បាប់។ អ្នកដែលខាតប្រយោជន៍ធំបំផុតនោះគឺរដ្ឋតែម្ដងពីព្រោះថា ជនល្មើសនៅតែមានសេរីភាព ដែលអាចបង្កនូវអសន្តិសុខក្នុងសង្គម តាមរយៈការបន្តប្រព្រឹត្តនូវបទល្មើសព្រហ្មទណ្ឌដដែល ឬប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌដែលមានទំហំព្យសនកម្មធំជាងមុន និងបង្កផលប៉ះពាល់ដល់សង្គមធំជាងមុន។

លោកបានស្នើដល់ឲ្យគ្រប់អង្គភាពពាក់ព័ន្ធទាំងផ្នែកតុលាការ ផ្នែកអយ្យការ និងសមត្ថកិច្ចនគរបាលយុត្តិធម៌ បង្កើនកិច្ចសហការទ្វេរដងថែមទៀតនៅក្នុងការអនុវត្តច្បាប់ នៅក្នុងកិច្ចប្រតិបត្តិការ បង្ក្រាបបទល្មើសព្រហ្មទណ្ឌ និងចាប់ជនល្មើសមកផ្ដន្ទាទោសឲ្យខានតែបាន នៅពេលដែលមានបទល្មើសកើតឡើង ដែលនេះ ម្ខាងគឺក្នុងគោលដៅ ដើម្បីរក្សានូវសន្តិសុខ និងស្ថិរភាពសង្គម និងម្ខាងទៀតគឺដើម្បីបង្កើននូវទំនុកចិត្តពីសំណាក់ប្រជាពលរដ្ឋមកលើសមត្ថកិច្ច និងអង្គភាពតុលាការ។

លោក ម៉ែន វិបុល ក៏បានសូមស្នើឲ្យមានការចូលរួម និងសហការជួយគ្នាទៅវិញទៅមកបន្តទៀត លើកិច្ចនីតិវិធីក្នុងការអនុវត្តតួនាទីភារកិច្ច គឺនៅពេលមន្ត្រីមានសមត្ថកិច្ច មន្រ្តីនគរបាលយុត្តិធម៌ បញ្ជូនសំណុំរឿងមានភាពខ្វះខាតចំណុចណាមួយ សូមឲ្យមន្ត្រីតុលាការជួយបំពេញបន្ថែម ដើម្បីធ្វើយ៉ាងណាឲ្យជនល្មើសអនុវត្តទោសឲ្យបាន។

នៅក្នុងការអនុវត្តមុខងារ សូមឲ្យមន្ត្រីនគរបាលយុត្តិធម៌ទាំងអស់ អនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានត្រឹមត្រូវ និងគោរពឲ្យបានខ្ជាប់ខ្ជាប់ស្របតាមបទប្បញ្ញត្តិ ដែលមានកំណត់នៅក្នុង ក្រមនីតិវិធីព្រហ្មទណ្ឌ ដោយមិនត្រូវអនុវត្តហួសពីដែនសមត្ថកិច្ចដែលច្បាប់កំណត់នោះឡើយ ទាំងការងារស៊ើបអង្កេតបទល្មើសជាក់ស្តែង ការងារស៊ើបអង្កេតបឋម រួមទាំងការឃាត់ខ្លួន ការបញ្ជូនខ្លួន ការចាប់ខ្លួន ការឆែកឆេរពាក់ព័ន្ធបទល្មើសជាក់ស្តែង ការឆែកឆេរបទល្មើសមិនជាក់ស្តែងជាដើម។

រាល់ប្រតិបត្តិការទាំងអស់របស់មន្ត្រីនគរបាលយុត្តិធម៌ គឺត្រូវរាយការណ៍ និងសុំការណែនាំសម្របសម្រួលពីព្រះរាជអាជ្ញា។

លោកថា បញ្ហាប្រឈមដែលបានលើកឡើងនៅក្នុងរបាយការណ៍ ភាគច្រើនគឺពាក់ព័ន្ធនឹងបញ្ហានីតិវិធី នៃការអនុវត្ត ដូច្នេះសូមស្នើដល់អង្គភាពតុលាការ ឬអយ្យការ ជួយរៀបចំឲ្យមាននូវវគ្គ បណ្ដុះបណ្ដាលអំពីកិច្ចអនុវត្តនីតិវិធីនេះ ដល់នគរបាលយុត្តិធម៌ ក៏ដូចជាមន្ត្រីអនុវត្តច្បាប់នៅមូលដ្ឋាន ដើម្បីធានាឲ្យការអនុវត្តកិច្ចការនេះ នាពេលខាងមុខ បានត្រឹមត្រូវ ឆាប់រហ័ស និងចៀសវាងបាននូវកំហុសឆ្គងផ្សេងៗ។

លោកអភិបាលខេត្ត បានណែនាំគ្រប់ភាគីពាក់ព័ន្ធទាំងអស់ យកចិត្តទុកដាក់ដឹកនាំសម្របសម្រួលអនុវត្តសាលក្រមឲ្យបានល្អ និងត្រឹមត្រូវ ចៀសវាងឧក្រិដ្ឋជនដែលបានកាត់ទោសរួចហើយ ប៉ុន្តែមិនទាន់ត្រូវបានអនុវត្តទោសដាក់ពន្ធនាគារ។ ចំពោះការបន្ធូរបន្ថយទោស ឬការលើកលែងទោស សូមឲ្យក្រុមការងារ នៃគណៈកម្មការបន្ធូបន្ថយទោសថ្នាក់ខេត្ត ពិនិត្យបច្ច័យ វាយតម្លៃ និងវិនិច្ឆ័យឲ្យបានច្បាស់លាស់ ដោយមិនត្រូវបញ្ចូលឈ្មោះទណ្ឌិតដែលបានប្រព្រឹត្តបទល្មើសឧក្រិដ្ឋធ្ងន់ធ្ងរ ឬបទល្មើសប្លន់ប្រដាប់អាវុធ ទៅក្នុងបញ្ជីស្នើសុំបន្ធូរបន្ថយទោស ឬការលើកលែងទោសនោះឡើយ។

សូមបញ្ជាក់ថា រយៈពេលពេញមួយព្រឹកនេះឃើញថា ដំណើរការនៃកិច្ចប្រជុំបានប្រព្រឹត្តទៅដោយរលូន និងមានការពិភាក្សាយ៉ាងផុលផុសទៅលើប្រធានបទសំខាន់ៗ ដែលបានគ្រោងទុក ធ្វើឲ្យកិច្ចប្រជុំប្រមូលបាននូវធាតុចូល ក៏ដូចជាមតិយោបល់ និងវិធានការដំណោះស្រាយគន្លឹះល្អៗ គាំទ្រដល់ការអនុវត្តច្បាប់ និងនីតិវិធីនៃការអនុវត្តការងារ ឲ្យកាន់តែល្អប្រសើរ ដែលជាចំណុចស្នូលជួយពង្រឹងកិច្ចការគ្រប់គ្រង ដឹកនាំការងារសន្តិសុខសាធារណៈ បង្ការ និងបង្ក្រាបបទល្មើសព្រហ្មទណ្ឌនៅក្នុងខេត្ត៕