(ភ្នំពេញ)៖ ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការតាមចាប់ជនល្មើសចំនួន៥នាក់ ជាបន្តបន្ទាប់ពាក់ព័ន្ធនឹងសកម្មភាពឆក់ទូរស័ព្ទ និងទ្រព្បសម្បត្តិរបស់ប្រជាពលរដ្ឋនៅភូមិសាស្រ្តខណ្ឌទួលគោក និងខណ្ឌ៧មករា និងបានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមនីតិវិធី។

របាយការណ៍របស់លោក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ បានបង្ហាញថា៖

*ករណីទី១៖ កាលពីយប់ថ្ងៃ៦ ខែកក្កដា ឆ្នាំ២០២០ កម្លាំងជំនាញរបស់ការិយាល័យបានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ នៅចំណុចក្រោយវត្តស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ និងចាប់យកម៉ូតូជាមធ្យោបាយជិះធ្វើសកម្មភាពពាក់ព័ន្ធប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ទូរសព្ទ័ដៃម៉ាក OPPO ពណ៌ខៀវ មិនបានសម្រេច) ក្រោយប្រព្រឹត្តនៅចំណុចក្បែរសាលាបឋមសិក្សាជាស៊ីមសន្ធរម៉ុក ផ្លូវកម្ពុជាក្រោម កែងផ្លូវ ម៉ៅសេទុង ក្រុម១ ភូមិ១ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក។

ជនសង្ស័យទាំង២នាក់រួមមាន៖

*ទី១៖ ឈ្មោះ ត្រាណេ សុចិន្តា ហៅ បារាំង អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៦ ផ្លូវលេខ៣២៦ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ
*ទី២៖ ឈ្មោះ ម៉ុច សុវណ្ណរដ្ឋា អាយុ១៨ឆ្នាំ មុខរបរដឹកអីវ៉ាន់តាមអនឡាញ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

កម្លាំងនគរបាល បានដកហូតវត្ថុតាងម៉ូតូម៉ាកហុងដាស្កុបពី ពណ៌ស សេរីឆ្នាំ២០២០ ពាក់ស្លាកលេខ ភ្នំពេញ 1HL-3013, មួកសុវត្ថិភាពម៉ាក TBD ពណ៌ស ផ្កាឈូក ចំនួន០១, អាវធំ សម្រាប់ពាក់ខាងក្រៅ ពណ៌កាហ្វេក្រឡាការ៉ូ ចំនួន១។

*ករណីទី២៖ កាលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ កម្លាំងជំនាញរបស់ការិយាល័យបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ទៀត ពាក់ពន្ធ័ប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ) ចំនួន៣ករណី ដោយចាប់យកម៉ូតូជាមធ្យោបាយជិះធ្វើសកម្មភាព និងចាប់យកភស្តុតាងជារបស់ជនរងគ្រោះ បញ្ជូនមការិយា ល័យចាត់ការតាមនីតិវិធី។

ជនសង្ស័យទាំង៣នាក់ បានធ្វើសកម្មភាពឆក់កាបូបដៃ ពណ៌ខ្មៅ នៅចំណុចមុខហាងកាហ្វេប៉ោយប៉ែតផ្ទះលេខ១៨ ផ្លូវលេខ២៤២ ភូមិ១ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២០។ សម្រាប់ជនរងគ្រោះវិញមានឈ្មោះ ជា ប៊ុនហេង ភេទប្រុស អាយុ៥៩ឆ្នាំ មានទីលំនៅផ្ទះលេខ២១ ផ្លូវលេខ៧ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរមន្រ្តីនគរបាល។ សម្ភារបាត់បង់រួមមាន កាបូបដៃ ពណ៌ ខ្មៅចំនួន១, អាវុធខ្លីម៉ាក ZORAKI ពណ៌ ខ្មៅចំនួន១ដើម, ទូរស័ព្ទដៃម៉ាកអាយហ្វូន១គ្រឿង, ប្រាក់ដុល្លារចំនួន ២,៥០០ដុល្លារ, ប្រាក់រៀលចំនួន២,០០០,០០០រៀល, បណ្ណបើកបររថយន្ត, អត្តសញ្ញាណបណ្ណចំនួន១សន្លឹក។

*ជនសង្ស័យទាំងនេះ កាលពីថ្ងៃទី២៨ ខែឧសភា ស្ថិតនៅមុខអគារពន្ធដារ ផ្លូវលេខ២៤៥ ភូមិ១៤ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានទ្រព្យសម្បត្តិរបស់ជនរងគ្រោះ ឈ្មោះ បាន មួយហៀង ភេទស្រី អាយុ២៦ឆ្នាំ មានទីលំនៅផ្ទះលេខ៥ ផ្លូវលេខ៣៧៦ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ មុខរបរមន្រ្តីពន្ធដារ។

សម្ភារបាត់បង់ រួមមាន៖ អត្តសញ្ញាណបណ្ណមួយសន្លឹក, បណ្ណបើកបរមួយសន្លឹក, កាត ATM ចំនួន ០៣ សន្លឹក, បណ្ណបង់ពន្ធផ្ទះចំនួន ០៦សន្លឹក, បណ្ណសមាជិកគណបក្សប្រជាជនចំនួន១សន្លឹក និងប្រាក់រៀលចំនួនម្ភៃម៉ឺនរៀល។

*កាលពីថ្ងៃទី៦ ខែកក្កដា ជនសង្ស័យបានឆក់ទូរស័ព្ទដៃម៉ាកអាយហ្វូនមិនបានសម្រេច នៅមុខផ្សារធីខេ ផ្លូវលេខ៣១៥ ក្រុម៣១ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សម្រាប់ជនសង្ស័យទាំង៣នាក់រួមមាន៖

*ទី១៖ ឈ្មោះ ស៊ីថា ស៊ីណាវិបុល អាយុ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១០អេស ផ្លូវលេខ៦៥ ភូមិ១០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ
*ទី២៖ ឈ្មោះ សូ ផានិត អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១៥ ផ្លូវលេខ៦៥ ក្រុម១៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ
*ទី៣៖ ឈ្មោះ ចាន់ សុខឆេង អាយុ១៧ឆ្នាំ មុខរបរជាងផ្សារដែក ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

វត្ថុតាងចាប់យក រួមមាន៖ ម៉ូតូមួយគ្រឿងម៉ាកហុងដាស្កុបពី ពណ៌ស សេរីឆ្នាំ២០២០ គ្មានស្លាកលេខចំនួន១គ្រឿង, អាវុធខ្លីម៉ាក ZORAKI ពណ៌ខ្មៅ បង់ចំនួន០១គ្មានគ្រាប់ ,បណ្ណសម្គាល់យានយន្ត១សន្លឹក, អត្តសញ្ញាណបណ្ណចំនួន០១សន្លឹក, ឯកសារផ្សេងៗមួយចំនួន និងកាបូបដៃ ពណ៌ខ្មៅចំនួន១ ជារបស់ជនរងគ្រោះឈ្មោះ ជា ប៊ុនហេង។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕