(អង់ការ៉ា)៖ មន្រ្តីជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ (UN) បានហៅការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការដកខ្លួនចេញពីអង្គការសុខភាពពិភពលោក (WHO) ថាជា «រឿងដ៏អកុសលបំផុត» ហើយ «វានឹងមិនផ្តល់លទ្ធផលល្អ សម្រាប់ភាគីពាក់ព័ន្ធណាមួយឡើយ»។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០។

តាមរយៈកិច្ចសម្ភាសន៍ជាមួយស៊ីនហួរនាពេលថ្មីៗនេះ លោក រ៉ាហ្សេដ អាលី ហ្សេក (rshad Ali Shaikh) ដែលជាប្រធានស្តីទីនៃការិយាល័យអង្គការសហប្រជាជាតិ ប្រចាំទីក្រុងអង់ការ៉ា បានលើកឡើងយ៉ាងដូច្នេះថា «វាជារឿងដ៏អកុសលបំផុត (ដែលអាមេរិកសម្រេចចិត្តដកខ្លួនចេញពី WHO បែបនេះ) ខណៈពេលដែលជំងឺ COVID-19 បានបង្ហាញកាន់តែច្បាស់ថា តម្រូវការ និងភាពចំបាច់នៃកិច្ចសហការគ្នា គឺជារឿងសំខាន់បំផុត ដើម្បីយកឈ្នះជំងឺរាតត្បាតសកលមួយនេះ»

មន្រ្តីជាន់ខ្ពស់របស់អង្គការសហប្រជាជាតិរូបនេះ បានសង្កត់ធ្ងន់ទៀតថា «នេះវាមិនមែនជាបញ្ហារបស់សហរដ្ឋអាមេរិក និង WHO តែឯងនោះទេ ដ្បិតថាបញ្ហានេះវានឹងជះឥទ្ធិពលអាក្រក់ ដល់ពិភពលោកទាំងមូល ខណៈពេលដែល WHO គឺជាផ្នែកមួយនៃពិភពលោក»

គួរជម្រាបថា ការកត់សម្គាល់នេះត្រូវបានធ្វើឡើង បន្ទាប់ពីមន្ត្រីរបស់រដ្ឋាភិបាលអាមេរិក កាលពីថ្ងៃអង្គារសប្តាហ៍នេះ បានផ្ញើលិខិតទៅកាន់អង្គការសុខភាពពិភពលោក ដើម្បីបញ្ជាក់អំពីការដកខ្លួនចេញពីសមាជិកភាព នៃអង្គការអន្តរជាតិមួយនេះ។ យោងតាម WHO សហរដ្ឋអាមេរិកបានចាកចេញពីអង្គការនេះជាផ្លូវការ កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅនេះ ខណៈដែលប្រទេសមហាអំណាចមួយនេះ នៅជំពាក់លុយអង្គការមួយនេះ ប្រមាណជាង ២០០លានដុល្លារក្នុងពេលបច្ចុប្បន្ន៕