(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦នេះ បានអនុញ្ញាតិឲ្យលោកស្រី អាយសេ ស៊ីនៀលីអូគ្លូ (AYSE Sinirlioglu) ទីប្រឹក្សា ជាន់ខ្ពស់ផ្នែកទំនាក់ទំនងអន្តរជាតិ របស់ប្រធានាធិបតីទួកគី (Sherpa) ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង។

ក្នុងជំនួបនោះ ឧបនាយករដ្ឋមន្រ្តី និងលោកស្រី អាយសេ ស៊ីនៀលីអូគ្លូ បានពិភាក្សាផ្លាស់ប្តូរយោបល់គ្នា អំពីការជំរុញបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការទ្វេរភាគី ពិសេសលើផ្នែកសេដ្ឋកិច្ច។ ឧបនាយករដ្ឋមន្រ្តី និងលោកស្រី បានវាយតំលៃខ្ពស់ចំពោះការរីកចំរើន ក្នុងទំនាក់ទំនងទ្វេភាគី រវាងប្រទេសទាំងពីរ ដូចជាការបង្កើតក្រុមប្រឹក្សាធុរកិច្ច និងគណកម្មការចំរុះ សហប្រតិបត្តិការសេដ្ឋកិច្ច សំរាប់ជំរុញអនុវត្តឲ្យបានសំរេច នូវគោលដៅផ្លាស់ប្តូរពាណិជ្ជកម្មទំហំ ៥០០លានដុល្លារ ក្នុងឆ្នាំ២០២០។

ដោយឡែកពីនេះ ក៏មានឯកសារមួយចំនួនទៀត ដែលប្រទេសទាំងពីរបានចុះហត្ថលេខារួចហើយដូចជា កិច្ចព្រមព្រៀងសេវាកម្ម អាកាសចរ កិច្ចព្រមព្រៀងស្តីពីការជំរុញ និងការការពារវិនិយោគទុន និងកិច្ចព្រមព្រៀង ស្តីពីវិស័យទេសចរណ៍ហើយនិងការត្រៀម ចុះហត្ថលេខា លើអនុស្សារណៈស្តីពីកិច្ចសហប្រតិបត្តិការការទូត កិច្ចព្រមព្រៀងស្តីពីសហប្រតិបត្តិការវប្បធម៌ ។
 
ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង និងលោកស្រី អាយសេ ស៊ីនៀលីអូគ្លូ ​បានពិភាក្សាផ្លាស់ប្តូរយោបល់ គ្នាលើការជំរុញការអនុវត្តន៍ ឯកសារដែលបានចុះហត្ថលេខាខាងលើនេះ ជាអាទិ៍ការផ្លាស់ប្តូរទស្សនកិច្ច ទៅវិញទៅមករបស់សភាពាណិជ្ជកម្ម (Chamber of Commerce) និងធុរកិច្ចជន ការបង្កើតឲ្យមានជើងហោះហើរត្រង់ និងការរៀបចំឲ្យមានការតាំងបង្ហាញ ផ្នែកទេសចរណ៍របស់កម្ពុជា នៅប្រទេសទួរគី សំដៅជំរុញទេសចរណ៍ទួកគី ឲ្យមកបំពេញទស្សនកិច្ចនៅកម្ពុជា។
 
លើសពីនេះទៅទៀត ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានស្នើឲ្យទួរគីពិនិត្យលទ្ធភាព ក្នុងការនាំចូលអង្ករពីកម្ពុជាដែលទទួលបាន ចំណាត់ថ្នាក់ ជាអង្ករលេខ១នៅលើពិភពលោក ក្នុងរយៈពេល៤ឆ្នាំ ជាបន្តបន្ទាប់ ពីឆ្នាំ២០១២-២០១៥។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលទួរគី ដែលបានផ្តល់អាហារូបករណ៍ សំរាប់ការបណ្តុះបណ្តាល អ្នកការទូតវ័យក្មេងរបស់កម្ពុជា ចំនួន៩នាក់។
   
ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង និងលោកស្រី អាយសេ ស៊ីនៀលីអូគ្លូ ក៏បានពិភាក្សាផ្លាស់ប្តូរយោបល់គ្នាផងដែរ អំពីកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរលើវេទិការអន្តរជាតិ និងការរៀបចំឲ្យមានកិច្ចប្រជុំពិគ្រោះយោបល់រវាងប្រទេសទាំងពីរ៕