(កណ្តាល)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ជួយស្រុកលើកដែក ខេត្តកណ្តាល ក្នុងនាមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តកណ្តាល និងលោកស្រីកិត្តិសង្ហបណ្ឌិត ឃួន សុដារី អនុប្រធានទី២រដ្ឋសភាជាតិ អនុប្រធានទី១ គណៈអចិន្រ្តៃយ៍ក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តកណ្តាល នាព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០នេះ នៅវត្តកំពង់ភ្នំក្នុង នៃស្រុកលើកដែក លោក ហេង រតនា បាននាំយកទៀនព្រះវស្សា និងទេយ្យទាន ប្រគេនព្រះសង្ឃគង់នៅវត្តចំនួន១២ និង២មណ្ឌល ក្នុងភូមិសាស្ត្រស្រុកលើកដែកខេត្តកណ្តាល។

ពិធីនោះក៏មានការចូលរួមពីអភិបាលរងខេត្ត អភិបាលស្រុក អាជ្ញាធរមូលដ្ឋាន និងពុទ្ធបរិស័ទជើងវត្តផងដែរ។

លោក ហេង រតនា បានថ្លែងថា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្តនៃកម្ពុជា បានធ្វើឲ្យប្រទេសជាតិ ទទួលបានសុខសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ។ ជាពិសេសសម្តេចតេជោ ហ៊ុន សែន ដឹកនាំប្រយុទ្ធប្រឆាំងជំងឺកូវី១៩ ប្រកបដោយជោគជ័យ ដោយមានការកោតសរសើរពីបរទេសផងដែរ។

លោក ហេង រតនា ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ត្រូវគោរព និងអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការការពារពី ជំងឺកូវីដ១៩ (COVID-19) ខណៈដែលពិភពលោក កំពុងប្រឈមមុខនឹងការរាត្បាតយ៉ាងខ្លាំងនៅឡើយ។

សូមរំលឹកថា ក្នុងពិធីបុណ្យចូលព្រះវស្សា គេសង្កេតឃើញបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលគោរពប្រតិបត្តិព្រះពុទ្ធសាសនា តែងតែប្រារព្ធធ្វើពិធីបុណ្យចូលព្រះវស្សា ដោយការដង្ហែទៀនវស្សា និងយកទេយ្យវត្ថុផ្សេងៗ ទៅប្រគេនព្រះសង្ឃនៅវត្តអារាមនានា ដើម្បីទទួលយកកុសលបុណ្យរៀងៗខ្លួន។

ក្នុងវិស័យព្រះពុទ្ធសាសនាបានកំណត់ថា ពិធីចូលព្រះវស្សាបានចាប់ផ្តើមពីថ្ងៃ ១រោចខែ អាសាឍដល់ថ្ងៃ ១៥កើត ខែអស្សុជ ដែលមានរយ:ពេល៣ខែ។ ការធ្វើបុណ្យប្រគេនទៀនព្រះវស្សានេះ គឺសំដៅលើការបំពេញកិច្ចឧបត្តម្ភចំពោះព្រះសង្ឃដែលបានគង់ចាំព្រះវស្សា អាស្រ័យដោយរដូវនេះជារដូវភ្លៀងធ្លាក់យ៉ាងជោគជាំ ធ្វើឲ្យភិក្ខុក្នុងពុទ្ធមណ្ឌល ទីវត្តអារាមមានការលំបាកក្នុងការនិមន្តចុះឡើង ហេតុនេះទើបព្រះពុទ្ធទ្រង់បញ្ញត្តិ ឲ្យភិក្ខុចូលព្រះវស្សា ចាប់តាំងពីពេលនោះរៀងមកដល់ សព្វថ្ងៃនេះ៕