(ភ្នំពេញ)៖ បើទោះបីជាពិភពលោកកំពុងតែជួបវិបត្តិរាតត្បាតដោយសារតែជំងឺកូវីដ-១៩ ក៏កម្ពុជាមិនរារែកចំពោះការបញ្ជូនកងកម្លាំងមួកខៀវរបស់ខ្លួន ដើម្បីចូលរួមរក្សាសន្តិុភាពក្រោមឆត្រអង្គការសហប្រជាតិជាដាច់ខាត។

ជាក់ស្តែងនៅព្រលបប់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០នេះ កងវិស្វកម្មថែទាំយន្តហោះរបស់កម្ពុជា ចំនួន៨០នាក់ ក្នុងនោះមានកងកម្លាំងជានារីចំនួន ៧នាក់ ដែលទៅបំពេញបេសកកម្មនៅប្រទេសម៉ាលី ដើម្បីជំនួសកងទ័ពមួកខៀវកម្ពុជា ចំនួន៨០នាក់ ដែលត្រូវបញ្ចប់បេសកកម្ម ហើយនឹងវិលត្រឡប់មកមាតុភូមិវិញបនៅថ្ងៃទី១០ ខែកក្កដា ខាងមុខនេះ។ នេះជាការបញ្ជាក់របស់នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម បញ្ជាក់ប្រាប់អ្នកសារព័ត៌មាន ក្នុងឱកាសជូនដំណើរកងទ័ពមួកខៀវកម្ពុជា នៅព្រលានយន្តហោះ VIP។

ជាមួយគ្នានេះដែរ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានថ្លែងថា កម្លាំងដែលត្រូវបញ្ជូនទៅបំពេញបេសកកម្មនៅប្រទេសម៉ាលីនេះ គឺពួកគាត់បានធ្វើចត្តាឡីស័ក តាមវិធានសុខាភិបាលរយៈពេល១៤ថ្ងៃ មុននឹងបញ្ជូនទៅបំពេញបេសកកម្មក្នុងតំបន់ប្រតិបត្តិការរបស់ខ្លួន។ បន្ថែមពីនេះកងកម្លាំងដែលចេញទៅបំពេញបេសកកម្មនៅក្នុងប្រទេសម៉ាលី ទាំងអស់ត្រូវបានបញ្ជាក់សុខភាពយ៉ាងច្បាស់លាស់ ដើម្បីធានាថាពួកគេទាំងអស់នេះ មិនមានផ្ទុកជំងឺកូវីដ-១៩។ បន្ទាប់ពីទៅដល់ប្រទេសម៉ាលី កងទ័ពមួកខៀវកម្ពុជាទាំង៨០នាក់នេះ ក៏នឹងត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃនៅទីនោះដូចគ្នាផងដែរ។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានបន្តថា សម្រាប់កងទ័ពមួកខៀវកម្ពុជា ទាំង៨០នាក់នេះ នឹងបំពេញបេសកកម្មនៅក្នុងតំបន់ចំនួន២ គឺតំបន់ទេសាលី និងតំបន់គីដាល់។ ដោយឡែកសម្រាប់កងទ័ពមួកខៀវកម្ពុជា ដែលនឹងបញ្ចប់បំពេញបេសកកម្មនៅប្រទេសម៉ាលីវិញ នៅថ្ងៃទី១០ ខែកក្កដា ខាងមុខនេះ នឹងត្រូវ យកទៅធ្វើចត្តាឡីស័ក តាមវិធានសុខាភិបាលរយៈពេល១៤ថ្ងៃផងដែរ ដើម្បីធានាថាពួកគាត់មិនមានផ្ទុកជំងឺកូវីដ-១៩ ជាដើម។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានឱ្យដឹងថា ការបន្តបញ្ជូនកងកម្លាំងមួកខៀវរបស់ខ្លួនទៅចូលរួមបំពេញបេសកកម្មក្រោមឆត្រអង្គការសហប្រជាជាតិ នៅក្នុងប្រទេសដែលកំពុងតែរុកគួនដោយសារសង្គ្រាមនេះ គឺជាស្របតាមសេចក្តីថ្លែងការណ៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ គឺកម្ពុជានៅតែបន្តប្តេជ្ញាចិត្តចូលរួមបញ្ជូនកងកម្លាំងរបស់ខ្លួនរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ, បន្ថែពីនេះជាការយកចិត្តទុកដាក់ដល់កងទ័ពមួកខៀវកម្ពុជា លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បានផ្ញើសារលិខិតជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់ នាយទាហានមួកខៀវមួយរូប នៅប្រទេសម៉ាលី។

នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា បើទោះបីកម្ពុជា ជាប្រទេសតូចពិត ប៉ុន្តែ កម្ពុជា ជាសមាជិកមួយដ៏សកម្មក្នុងការបញ្ជូនកងកម្លាំងរបស់ខ្លួន ដើម្បីចូលរួមបំពេញបេសកកម្មមនុស្សធម៌ក្នុងប្រទេសកំពុងតែមានវិបត្តិសង្គ្រាមផងដែរ។ បើគិតជាង១០ឆ្នាំមកនេះ កងកម្លាំងកម្ពុជា មានស្នាដៃជាច្រើនក្នុងពេលបំពេញបេសកកម្មនៅក្រៅប្រទេស។ រហូតមកឆ្នាំ២០២០នេះ សន្ទុះនៃការបញ្ជូនកងកម្លាំងជាស្ត្រី មានការកើនឡើងជាង ១៧ភាគរយ និងជាប់ចំណាត់ថ្នាក់លេខ១៧ ក្នុងចំណោមប្រទេស១២៧ ដែលបញ្ជូនកងកម្លាំងជានារី និងជាប់លេខ២ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលអនុញ្ញាតឱ្យចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ កន្លងទៅនេះ មានកងកម្លាំងរក្សាសន្តិភាពកម្ពុជា១រូប បានបាត់បង់ជីវិត បន្ទាប់ពីឆ្លងជំងឺកូវីដ១៩ នៅប្រទេសម៉ាលី។ ទាហានដែលបានទទួលមរណភាពនេះ គឺលោកឧត្តមសេនីយ៍ទោ ស សាវី អាយុ៦៣ឆ្នាំ មានទីលំនៅភូមិចុងបឹង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។

រហូតដល់ពេលនេះ កម្ពុជាមានកងកម្លាំង៥កង សរុបចំនួន៧៨៧នាក់ កំពុងបំពេញបេសកកម្មរក្សាសន្តិភាព ក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ ក្នុងនោះមានលីបង់, ស៊ូដង់, ស៊ូដង់ខាងត្បូង, ម៉ាលី និងអាហ្វ្រិកកណ្តាល៕