(ភ្នំពេញ)៖ លោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញអំពីតួលេខថិវកាសម្រាប់ការចំណាយ និងការប្រើប្រាស់ សម្រាប់ទប់ស្កាត់ ការពារ និងស្ដារសេដ្ឋកិច្ចពីជំងឺកូវីដ១៩ ប្រមាណ១,១៦៤លានដុល្លារ។

ការបញ្ជាក់របស់លោក វង្សី វិស្សុត ធ្វើឡើងក្នុងសន្និសីទសារព័ត៌មានស្តីពី «វិធានការទ្រទ្រង់ ស្តារ និងជំរុញកំណើនសេដ្ឋកិច្ច និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ» នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០។

លោក វង្សី វិស្សុត បានជម្រាបជូនថា «ក្នុងចំណាយ១,១៦៤លានដុល្លារនេះ ចំណាយខាងផ្នែកអន្ដរាគមន៍ លើការចំណាយថវិកាមាន ៥៦៤លានដុល្លារ និង ចំណាយលើអន្ដរាគមន៍ លើការផ្ដល់ឥណទានមាន៦០០លានដុល្លារ»

លោកបន្តថា ចំណាយខាងផ្នែកអន្ដរាគមន៍ចំនួន៥៦៤លានដុល្លារ ពេលនេះរាជរដ្ឋាភិបាលបានបើកផ្តល់ដល់ទៅតាមផ្នែក៖

១៖ ដោយទៅលើផ្នែកជំងឺ ដែលគ្រោងចំនួន១០០លានដុល្លារ ដែលមកដល់ពេលនេះបើកបានប្រមាណ១០លានដុល្លារ។
២៖ ចំណាយខាងបណ្ដុះបណ្ដាលជំនាញ ដែលគ្រោង៦៤លានដុល្លារ បានបញ្ចេញចំនួន២៥លានដុល្លារហើយ។
៣៖ កម្មវិធីសាច់ប្រាក់ពលកម្ម បានបញ្ចេញសាច់ប្រាក់១០០លានដុល្លារហើយ ដោយបានផ្ទេរដោយផ្ទាល់ទៅមូលដ្ឋាន។
៤៖ កម្មវិធីជំនួយសង្គម ដែលគ្រោងទឹកប្រាក់៣០០លានដុល្លារ បានចំណាយ១២៧លានដុល្លាររួចហើយ សម្រាប់ដោះស្រាយបញ្ហារបស់ប្រជាជន។

លោករដ្ឋលេខាធិការរូបនេះបន្ដថា ទាក់ទងចំណាយឥណទានក្នុងទឹកប្រាប់៦០០លានដុល្លារវិញ គឺរាជរដ្ឋាភិបាលបានបញ្ចេញ១០០លានដុល្លារហើយ ដោយក្នុងនោះ៥០លានដុល្លារ បានបញ្ចេញដល់អភិវឌ្ឍន៍ជនបទ និងកសិកម្ម និង៥០លានដុល្លារទៀតទៅ SME Bank។ សម្រាប់គម្រោងធានាឥណទាន រាជរដ្ឋាភិបាលកំពុងរៀបចំយន្ដការជាមួយធនាគារពាណិជ្ជ ដែលអាចផ្ដល់កម្ចីថ្មីរហូដល់២-៣ពាន់លានដុល្លារ។

ទាក់ទងនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិន ដែលលោករដ្ឋលេខាធិការប្រចាំការ បានអះអាងថា នៅរយៈពេល២-៣ថ្ងៃទៀតនេះ រដ្ឋមន្រ្ដីពាណិជ្ជកម្មកម្ពុជា-ចិន នឹងប្រកាសបញ្ចប់ការចរចារ និងលទ្ធផលនៃការចរចារ។

បើតាមការសម្រេចរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា គ្រោងនឹងធ្វើដំណើរទៅទីក្រុងប៉េកាំង មុនថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ដើម្បីធ្វើជាអធិបតីភាពនៃការចុះហត្ថលេខាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិន នៅក្នុងទីក្រុងប៉េកាំង ហើយសម្តេចអាចពិភាក្សាការងារ ជាមួយភាគីចិន ពីបញ្ហាពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការផ្សេងៗទៀត ដើម្បីបង្កើនល្បឿន ក្នុងការប្រយុទ្ធប្រឆាំងទាំងផ្នែកជំងឺ ទាំងផ្នែកសេដ្ឋកិច្ច៕