(ភ្នំពេញ)៖ គិតមកដល់ពេលនេះការបើកប្រាក់ឧបត្ថម្ភ ជូនប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះក្នុងកំលុងពេលជំងឺកូវីដ-១៩ បានចំនួន២លាននាក់ ស្មើនឹង៥០ម៉ឺនគ្រួសារ នេះបើតាមការបញ្ជាក់ពីលោក សំហេង បុរស រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០។

ការបញ្ជាក់របស់លោក សំហេង បុរស ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន អំពីវិធានការទ្រទ្រង់, ស្តារ និងជំរុញកំណើនសេដ្ឋកិច្ច និងកម្មវិធីឧបត្ថម្ភ សាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងកំលុងពេលកូវីដ-១៩ ក្រោមអធិបតីភាព លោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលរៀបចំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០នេះ។

លោក សំហេង បុរស បានបញ្ជាក់យ៉ាងដូច្នេះថា «មកដល់ពេលនេះ គឺយើងបាន៩០ភាគរយ [...] ក្នុងរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ យើងបានប្រជាពលរដ្ឋ២លាននាក់ទទួលផល ស្មើនឹង៥០ម៉ឺនគ្រួសារ នៅសល់ប្រហែល៦ម៉ឺនគ្រួសារទៀត ដែលនៅសេសសល់ ដែលលោកនៅតែបន្ដបើក ចន្លោះពី៦ពាន់ ទៅ៧ពាន់នាក់ ក្នុងមួយថ្ងៃ»

លោក សំហេង បុរស ក៏បានឲ្យដឹងដែរថា ជុំទី១នេះចាប់ផ្ដើមអនុវត្ដ ពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ ដូច្នេះប្រជាពលរដ្ឋ ដែលនៅសេសសល់ សូមអញ្ជើញរួសរាន់មកបើកឲ្យបានមុនថ្ងៃកំណត់។ ដោយឡែកសម្រាប់ប្រជាពលរដ្ឋ ដែលបានបើករួចហើយ សូមអញ្ជើញទៅបើកជុំទី២ នៅថ្ងៃទី២៥ ខែកក្កដា រហូតដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ ដែលនេះជាការជួយក្នុងខែទី២ របស់រាជរដ្ឋាភិបាលកម្ពុជា។

ឆ្លើយតបនឹងមជ្ឈដ្ឋានមួយចំនួន បានលើកឡើងអំពីការមិនគិតគូរផ្សេងៗរបស់រាជរដ្ឋាភិបាល លោក សំហេង បុរស បានលើកឡើងថា អ្វីដែលរាជរដ្ឋាភិបាល ខិតខំមកដល់ពេលនេះ គឺនៅតែបន្ដជួយគិតគូរហូត ហើយក្រសួងផែនការ នៅតែបន្ដទទួលពាក្យពីប្រជាពលរដ្ឋ ដែលជួបការលំបាក ក្នុងកំលុងកូវីដ-១៩ ហើយបើតាមការវាយតម្លៃ អាចមាន៣-៤ម៉ឺនគ្រួសារបន្ថែមទៀត ចូលមកក្នុងកម្មវិធីនេះ ក្នុងជុំទី២។

សូមបញ្ជាក់ថា ដើម្បីទទួលបានប្រាក់ឧបត្ថម្ភនេះ គ្រួសារក្រីក្រ និងងាយរងគ្រោះ ត្រូវមានបណ្ឌសមធម៌ ដែលមានសុពលភាព ដោយឈរលើកម្រិតភាពក្រីក្រ៖ ក្រ កម្រិត១ (ទីទ័លក្រ) ឬ ក្រកម្រិត២ (ក្រ) និងបានទៅផ្ទៀងផ្ទាត់បញ្ជីឈ្មោះ នៃកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ ក្នុងកំលុងពេលប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅសាលាឃុំ សង្កាត់ណាមួយ។

លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគូសបញ្ជាក់ថា ការឧបត្ថម្ភសាច់ប្រាក់នេះនឹងត្រូវផ្តល់ជូនទៅតាមប្រភេទគ្រួសារក្រីក្រ និងងាយរងគ្រោះ។ ការឧបត្ថម្ភសាច់ប្រាក់នេះ កំណត់ដូចខាងក្រោម៖

ទី១៖ តំបន់ទីប្រជុំជនក្នុងរាជធានីភ្នំពេញ

* «សម្រាប់បណ្ណ ក្រ-១» ៖ ក្នុង ១គ្រួសារទទួលបានប្រាក់ចំនួន ១២ ម៉ឺនរៀល បូកបន្ថែម ៥២០០០៛ សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម៤ ម៉ឺនរៀល ម្នាក់ទៀត សម្រាប់សមាជិកនៅក្នុងគ្រួសារ ដែលជាកុមារអាយុក្រោម៥ ឆ្នាំ, ជនមានពិការភាព, ជនចាស់ជរាអាយុចាប់ពី ៦០ ឆ្នាំឡើង និងអ្នកផ្ទុកមេរោគអេដស៍។

* «សម្រាប់បណ្ណ ក្រ-២»៖ ក្នុង១គ្រួសារ ទទួលបានប្រាក់ចំនួន ១២ ម៉ឺនរៀល បូកបន្ថែម ៣៦ ០០០៛ សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម ២៨ ០០០៛ម្នាក់ទៀត សម្រាប់សមាជិកនៅក្នុងគ្រួសារ ដែលជាកុមារអាយុក្រោម ៥ឆ្នាំ, ជនមានពិការភាព, ជនចាស់ជរាអាយុចាប់ពី ៦០ឆ្នាំឡើង និងអ្នកផ្ទុកមេរោគអេដស៍។

ទី២៖ តំបន់ទីប្រជុំជនក្រៅពីរាជធានីភ្នំពេញ

* «សម្រាប់បណ្ណ ក្រ-១» ៖ ក្នុង ១គ្រួសារទទួលបានប្រាក់ចំនួន ១២ ម៉ឺនរៀល បូកបន្ថែម ៤ម៉ឺនរៀល)សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម ៤ម៉ឺនរៀល ម្នាក់ទៀត សម្រាប់សមាជិកនៅក្នុងគ្រួសារ ដែលជាកុមារអាយុក្រោម ៥ ឆ្នាំ, ជនមានពិការភាព, ជនចាស់ជរាអាយុចាប់ពី ៦០ ឆ្នាំឡើង និងអ្នកផ្ទុកមេរោគអេដស៍ ។

* «សម្រាប់បណ្ណ ក្រ-២» ៖ ក្នុង ១គ្រួសារទទួលបានប្រាក់ចំនួន ១២ ម៉ឺនរៀល បូកបន្ថែម២៨ ០០០៛ សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម ២៨ ០០០៛ ម្នាក់ទៀត សម្រាប់សមាជិកនៅក្នុងគ្រួសារ ដែលជាកុមារអាយុក្រោម ៥ឆ្នាំ, ជនមានពិការភាព, ជនចាស់ជរាអាយុចាប់ពី ៦០ ឆ្នាំ ឡើង និង អ្នកផ្ទុកមេរោគអេដស៍ ។

ទី៣៖ តំបន់ជនបទ

* «សម្រាប់បណ្ណ ក្រ១» ៖ ក្នុង ១គ្រួសារទទួលបានប្រាក់ចំនួន ៨ម៉ឺនរៀល បូកបន្ថែម ២៤ ០០០៛ សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម ២៤ ០០០៛ ម្នាក់ទៀត សម្រាប់សមាជិកនៅក្នុង គ្រួសារ ដែលជាកុមារអាយុក្រោម ៥ ឆ្នាំ, ជនមានពិការភាព, ជនចាស់ជរាអាយុចាប់ពី ៦០ឆ្នាំ ឡើង និង អ្នកផ្ទុកមេរោគអេដស៍។

* «សម្រាប់បណ្ណ ក្រ-២» ៖ ក្នុង ១គ្រួសារទទួលបានប្រាក់ចំនួន ៨ ម៉ឺនរៀល បូកបន្ថែម ១៦ ០០០៛ សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម១៦ ០០០៛ ម្នាក់ទៀត សម្រាប់សមាជិកនៅក្នុង គ្រួសារ ដែលជាកុមារអាយុក្រោម ៥ ឆ្នាំ, ជនមានពិការភាព, ជនចាស់ជរាអាយុចាប់ពី ៦០ឆ្នាំ ឡើង និងអ្នកផ្ទុកមេរោគអេដស៍៕