(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានដឹកនាំមន្ត្រីអាជ្ញាធរពាក់ព័ន្ធមួយចំនួន នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦នេះ បានចុះជួបផ្ទាល់ និងពិភាក្សាការងារមួយចំនួន ជាមួយបងប្អូនប្រជាពលរដ្ឋប្រមាណ២០០នាក់ដែលមានដីនៅក្នុង តំបន់អភិវឌ្ឍន៍បឹងជើងឯក ដើម្បីសិក្សា ស្វែងយល់ពីផលប៉ះពាល់ ធ្វើយ៉ាងណាដោះស្រាយរួមគ្នាអភិវឌ្ឍន៍ ជាទីក្រុងរណប និងការស្ថាបនាមហាវិថីសម្តេចតេជោ។

ក្នុងកិច្ចពិភាក្សានោះ លោក ប៉ា សុជាតិវង្ស បានជំរាបជូនបងប្អូនដែលមកចូលរួមស្តាប់ការពន្យល់ថាក្នុងគម្រោងអភិវឌ្ឍន៍ទីក្រុងរណប ជើងឯកនេះ ខាងក្រុមហ៊ុនស្ថាបនានូវហេដ្ឋារចនាសម្ព័ន្ឋជាច្រើន ក្នុងនោះ ផ្លូវចំនួន៦១ខ្សែ អមដោយប្រព័ន្ឋលូផងដែរ។ ក្រោយរៀបចំហេដ្ឋារចនាសម្ព័ន្ឋរួច សាលារាជធានីភ្នំពេញ នឹងធ្វើប្លង់កម្មសិទ្ឋិជូនបងប្អូនតែម្តង។

លោកអភិបាល ក៏បានស្នើដល់បងប្អូនជ្រើសរើសតំណាង និងបង្កើតជាគណ:កម្មការមួយដើម្បីមានភាពងាយស្រួល ក្នុងការរៀបចំ ឯកសារ ធ្វើយ៉ាងណាយើងរួមគ្នា ដើម្បីអភិវឌ្ឍន៍តំបន់ជើងឯកនេះ ឲ្យក្លាយជាទីក្រុងដ៏ទំនើបមួយក្នុងចំណោមតំបន់អភិវឌ្ឍន៍នានា ក្នុងក្រុង។ ប៉ុន្តែបងប្អូនក៏ត្រូវចូលរួមបដិភាគជាមួយ សាលារាជធានីភ្នំពេញក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ឋផងដែរ។
លោកអភិបាលបានបន្តថា តំបន់អភិវឌ្ឍន៍នេះមានផ្ទៃដីសរុប២៥៧២ហិកតា ដោយប្រជាពលរដ្ឋត្រូវចូលរួមបដិភាគដីរបស់ខ្លួនចំនួន ៣៥% និងថវិកាកសាងហេដ្ឋារចនាសម្ព័ន្ធលើដីរបស់ខ្លួន។  បន្ទាប់ពីប្រជាពលរដ្ឋយល់ព្រមផ្តល់នូវបដិភាគដីរបស់ខ្លួន៣៥%រួចហើយ នោះទំហំដីដែលនៅសល់ គឺអាជ្ងាធរនឹងចេញប័ណ្ណកម្មសិទ្ធិជូនតែម្តង។ លោកបានសង្កត់ធ្ងន់ថា បដិភាគ៣៥%នេះគឺមិនមែនធ្លាក់ មកជាកម្មសិទ្ធិរបស់អាជ្ងាធររាជធានីភ្នំពេញ ជាកាន់កាប់ និងទទួលផលនោះទេ គឺបដិភាគ៣៥%នោះ ទុកសម្រាប់កសាងផ្លូវថ្នល់ រហូតដល់៦១ខ្សែ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀតដោយស្របទៅតាមការវិនិច្ឆ័យរបស់គណៈកម្មការសិក្សាយ៉ាងលម្អិត៕