(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា យ៉ាងហោចណាស់ មានរោងចក្រជាង១០ បានដាក់ពាក្យសុំកែប្រែផ្នែកខ្លះនៃសង្វាក់ផលិតកម្មរបស់ខ្លួន ទៅជាការផលិតម៉ាស។

ការថ្លែងបែបនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ ក្នុងឱកាសដែលគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀបចំសន្និសីទសារព័ត៌មាន នៅទីស្តីការក្រសួងសេដ្ឋកិច្ច។

លោក ហេង សួរ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «មកដល់ពេលនេះយើងមានរោងចក្រជាង១០ បានស្នើសុំប្រែផ្នែកខ្លះនៃសង្វាក់ផលិតកម្មរបស់ខ្លួនទៅផលិតម៉ាស។ ការផលិតម៉ាស ត្រូវការសង្វាក់ផលិតកម្មខ្លី ហើយត្រូវការកម្លាំងពលកម្មមិនច្រើន ប៉ុន្តែវាមានតម្លៃបន្ថែម ហើយទំហំនៃការនាំចេញជាទឹកប្រាក់ធំ»

បើតាមអ្នកនាំពាក្យរូបនេះ បានឲ្យដឹងបន្ថែមថា ជាទូទៅក្នុងសង្វាក់នៃការផលិតម៉ាស ដែលអាចផលិតម៉ាស ២លានក្នុង១ខែ គឺត្រូវការកម្លាំងតែ ២០នាក់ប៉ុណ្ណោះ។

លោកបន្តថា គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានធ្វើការជាមួយសមាគមកាត់ដេរ រោងចក្រនៃកម្ពុជា ដើម្បីលើកទឹកចិត្តឲ្យរោងចក្រនៅសល់សង្វាក់ផលិតកម្មខ្លះ អាចបង្វែរមកផលិតម៉ាសនេះវិញ ជាពិសេសគឺផលិតឧបករណ៍ PPE ។ លោករំលឹកថា រោងចក្រផលិតម៉ាសនៅកម្ពុជាមាន២ប្រភេទ គឺការផលិតសូជីខលម៉ាស និងការផលិតជាម៉ាសកំណាត់៕